អ្នកគាំទ្រគណបក្សកាន់អំណាច បើកយុទ្ធនាការតាមបណ្តាញសង្គម គៀងគរឲ្យពលរដ្ឋចេញទៅបោះឆ្នោត
អ្នកគាំទ្រគណបក្សកាន់អំណាច បានចាប់ផ្តើមធ្វើយុទ្ធនាការតាមបណ្តាញសង្គមហ្វេសប៊ុក ដោយបានគៀងគរឲ្យប្រជាពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ បើទោះបីជាគ្មានគណបក្សប្រឆាំងក៏ដោយ។ យុទ្ធនាការនេះ បានធ្វើឡើងក្រោមរូបភាព ការផ្លាស់ប្តូរ (Profile) រូបថតរបស់ខ្លួនម្នាក់ៗ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។ យុទ្ធនាការដែលទើបចាប់ផ្តើម តែហាក់កំពុងផុសផុលខ្លាំងនៅរយៈពេលពីរថ្ងៃចុងក្រោយនេះ ជាយុទ្ធនាការ ដែលគេមើលឃើញថា ដើម្បីប្រឆាំងនឹងការអំពាវនាវរបស់លោក សម រង្ស៊ី។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៨
“យើងទៅបោះឆ្នោត ដើម្បីរក្សាសន្តិភាព និងស្ថិរភាពជាតិយើង” “ខ្ញុំទៅបោះឆ្នោត ព្រោះខ្ញុំស្រលាញ់ប្រទេសខ្ញុំ។ ទាំងនេះ គឺជាពាក្យស្លោកនៃយុទ្ធនាការរបស់អ្នកគាំទ្រគណបក្សកាន់អំណាច ត្រៀមទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ ខណៈអតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ យុទ្ធនាការនេះ បានធ្វើឡើងរយៈពេល៤ថ្ងៃមកហើយ ប៉ុន្តែទើបតែផុសផុលខ្លាំងនៅរយៈពេល២ថ្ងៃចុងក្រោយនេះប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីលោក ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.សស.ក)។
លោក ហ៊ុយ វណ្ណៈ ដែលមានកាតព្វកិច្ចក្នុងការប្រមូលផ្តុំចងក្រងប្រូហ្វាល់ (Profile) គណនីហ្វេសបុកទាំងនោះ បានអះអាងថា មានម្ចាស់គណនីហ្វេសបុកប្រមាណជាង១០០គណនី បានផុស (Post) និង ស៊ែ (Share) នៅរៀងរាល់១នាទី។ លោកបានចាត់ទុកថា នេះគឺជាការបង្ហាញឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរម្នាក់ៗ ដែលមានលក្ខណៈរួម និងជាសកល ដើម្បីបង្ហាញពីសិទ្ធិនិងកាតព្វកិច្ចជាពលរដ្ឋសម្រាប់ប្រទេសជាតិមួយ។
បើតាមលោក ហ៊ុយ វណ្ណៈ អ្នកដែលបានផ្លាស់ប្តូរប្រូហ្វាល់រូបថតរបស់ពួកគេនៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនទាំងនោះ គឺមានលក្ខណៈចម្រុះនិងស្មើគ្នាទាំងអ្នកនៅភ្នំពេញនិងតាមបណ្តាខេត្ត ដែលរួមមានទាំងពាណិជ្ជករ សិល្បៈករ អ្នកនយោបាយ សិស្ស និស្សិត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងរួមទាំងប្រជាពលរដ្ឋសាមញ្ញទូទៅផង។ ពាក្យស្លោកទាំងនោះ បានសរសេរថា “ខ្ញុំទៅបោះឆ្នោត ព្រោះខ្ញុំជាខ្មែរស្នេហាជាតិ” “យើងទៅបោះឆ្នោត ដើម្បីជីវភាពនិងការងារយើង” “យើងទៅបោះឆ្នោត ដើម្បីកិត្តិយសជាតិយើង” និងខ្លះទៀតសរសេរថា “យើងទៅបោះឆ្នោត ដើម្បីរក្សាសន្តិភាព និងស្ថិរភាពជាតិយើង”ជាដើម។
គួរជំរាបជូនថា ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជាតិនីតិកាលទី៦ នៅថ្ងៃអាទិត្យទី២៩ ខែកក្កដាខាងមុខ ដោយមានគណបក្សនយោបាយចំនួន២០បានទៅចុះបញ្ជីឈ្មោះនៅ គ.ជ.ប កាលពីថ្ងៃទី១៤ ឧសភា ប៉ុន្តែមិនមានឈ្មោះគណបក្សសង្គ្រោះជាតិនោះទេ។ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានអំពាវនាវម្តងហើយម្តងទៀត កុំឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត ដោយអះអាងថា ជាការបោះឆ្នោតក្លែងក្លាយ។ ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានស្តីបន្ទោសចំពោះការអំពាវនាវបែបនេះ ថាជាទង្វើខុសច្បាប់។ ប៉ុន្តែលោកបានស្វាគមន៍ចំពោះយុទ្ធនាការរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការបង្ហាញឆន្ទៈចង់ទៅបោះឆ្នោត ស្របតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ