អានតួអត្ថបទ
កម្ពុជា-នយោបាយ

សភា​អឺរ៉ុប​ព្រមាន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​និង​លែង​ផ្តល់​ទិដ្ឋាការ​ដល់​មន្រ្តី​កម្ពុជា​ចំពោះ​ការ​រំលាយ​បក្ស​សង្រ្គោះ​ជាតិ

សភា​អឺរ៉ុប​នៅ​ថ្ងៃ​ទី​១៣ ធ្នូ បាន​​ចេញ​​សេចក្តី​សម្រេច​​​មួយ​​​ស្តី​ពី​​កម្ពុជា​។ ​ក្នុង​​សេចក្តី​សម្រេច​​នោះ ​សភា​អឺរ៉ុប​សម្តែង​ទាំង​ការ​ព្រួយ​បារម្ភ​ផង និង​ថ្កោល​ទោស​ផង​ចំពោះ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​ការ​ចាប់​ខ្លួន​លោក​កឹម សុខា ដាក់​ពន្ធនាគារ។ បន្ថែម​ពី​លើ​នេះ សភា​អឺរ៉ុប ក៏​បាន​ព្រមាន​ផង​ដែរ​លើ​ការ​ផ្អាក​លែង​ផ្តល់​ទិដ្ឋាការ​និង​បង្កក​ទ្រព្យ​សម្បត្តិ​ដល់​មន្រ្តី​កម្ពុជា និង​ព្រមាន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​ប្រសិន​បើ​កម្ពុជា​នៅ​តែ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។

សភាអឺរ៉ុប
សភាអឺរ៉ុប @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​​ក្នុង​​សេចក្តី​សម្រេច​ស្តីពី​​កម្ពុជា​ដែល​មាន​កម្រាស់​៦​ទំព័រ សភា​អឺរ៉ុប​បាន​អំពាវនាវ​ដល់​អ្នក​តំណាង​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ចការ​បរទេស​និង​គោល​នយោបាយ​សន្តិសុខ និង​អ្នក​តំណាង​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​សហភាព​អឺរ៉ុប​ប្រើ​ប្រាស់​នូវ​គ្រប់​មធ្យោបាយ​ទាំង​អស់ ដើម្បី​ការពារ​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ធានា​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ជាមួយ​គ្នា​នេះសភា​អឺរ៉ុប​ក៏​បាន​អំពាវនាវ​ដល់​គណៈកម្មការ​អឺរ៉ុប និង​ស្ថាប័ន​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ច​ការ​បរទេស​(EEAS) ឲ្យ​រៀប​ចំ​បញ្ជី​ឈ្មោះ​មន្រ្តី​កម្ពុជា​ទាំង​ឡាយ​ណា​ដែល​ទទួល​ខុស​ត្រូវក្នុង​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​​​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ពិនិត្យ​ឈាន​ទៅ​រក​ការ​លែង​ផ្តល់​ទិដ្ឋាការ និង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​តែ​ម្តង។

លើស​ពី​នេះ​ទៅ​ទៀត សភា​អឺរ៉ុប​សង្កត់​ធ្ងន់​ថា សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន គឺ​ជា​តម្រូវ​ការ​ចាំ​បាច់​សម្រាប់​កម្ពុជា​ក្នុង​ការ​បន្ត​ទទួល​បាន​ផល​ប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប។ ត្រង់​ចំណុច​នេះ សភា​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​តំណាង​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ចការ​បរទេស​និង​គោល​នយោបាយ​សន្តិសុខ និង​គណៈកម្មការ​អឺរ៉ុប​ត្រួត​ពិនិត្យ​មើល​ឡើង​វិញ​ជា​បន្ទាន់​នូវ​កាតព្វកិច្ច​របស់​កម្ពុជា​ចំពោះ​អនុសញ្ញា​ស្តី​ពី​ការ​អនុគ្រោះ​ពន្ធ​នេះ។ សម្រាប់​សភា​អឺរ៉ុប ប្រសិន​បើ​កម្ពុជា​ធ្វើ​សកម្មភាព​បំពាន​នឹង​កាតព្វកិច្ច​របស់​ខ្លួន នោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នឹង​ត្រូវ​ព្យួរ​ជា​បណ្តោះ​អាសន្ន។

ដោយ​ឡែក លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រតិកម្ម​ថា ការ​សម្រេច​របស់​សភា​អឺរ៉ុប​នេះ​មិន​អាច​ធ្វើ​ឡើង​បាន​ភ្លាមៗ​ទេ ក៏​ព្រោះ​ថា​ នេះ​គ្រាន់​តែ​ជា​ការ​សម្រេច​របស់​អង្គ​នីតិបញ្ញតិ្ត​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ លោក​បាន​គូស​បញ្ជាក់​បន្ថែម​ថា កម្ពុជា​មិន​អាច​យក​អធិបតេយ្យភាព ឯករាជ្យ​ភាព និង​សុខសន្តិភាព​ទៅ​ប្តូរ​នឹង​ការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប​ឡើយ។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ប្តេជ្ញា​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​ដដែល។

សូម​បញ្ជាក់​ថា ដំណោះ​ស្រាយ​របស់​សភា​អឺរ៉ុប​នេះ គឺ​ជា​គំនាប​ថ្មី​មួយ​ទៀត​សម្រាប់​រដ្ឋាភិបាល​កម្ពុជា។ កាល​ពី​ថ្ងៃ​អង្គារ សហភាព​អឺរ៉ុប​បាន​ប្រកាស​ព្យួរ​ជំនួយ​សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កម្ពុជា ព្រោះ​រឿង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។ ជា​ចំណាត់​ការ​មួយ​ដែល​ទទួល​បាន​ការ​ស្វាគមន៍​ពី​សភា​អឺរ៉ុប។ សភា​អឺរ៉ុប ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កែ​ប្រែ​ការ​សម្រេច​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​ផ្តល់​តំណែង​ដល់​ក្រុម​តំណាង​រាស្រ្ត និង​សមាជិក​ប្រឹក្សា​ឃុំ សង្កាត់​របស់​គណបក្ស​ប្រឆាំង​ឡើង​វិញ។ មិន​តែ​ប៉ុណ្ណោះ សភា​ដែល​តំណាង​ឲ្យ​ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​លោក​កឹម សុខា ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ និង​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំង​អស់​ទៅ​លើ​លោក​សម រង្ស៊ី និង​តំណាង​រាស្រ្ត​ដទៃ​ទៀត​ផង​ដែរ។

សម្រាប់​រដ្ឋាភិបាល​កម្ពុជា លោកសុខ ឥសាន បាន​អះ​អាង​ថា ការ​ចង់​បាន​និង​ចង់​ឃើញ​សភាពការណ៍​កម្ពុជា​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ និង​ចង់​ឲ្យ​បក្ស​ប្រឆាំង​រស់​មក​វិញ គឺ​មិន​អាច​ទៅ​រួច​ទេ ។ ចំពោះ​លោក​សុខ ឥសាន ការ​ចង់​បាន​ដូច្នេះ គឺ​មាន​ន័យ​ថា​លទ្ធិ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា នឹង​គ្មាន​ន័យ​ឡើយ​បាន​ន័យ​ថា លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​ត្រូវ​បំផ្លាញ​ចោល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ