អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន បញ្ជាក់​សារ​ជា​ថ្មី​ថា​សំឡេង​បែក​ធ្លាយ​ពិត និង​ព្រមាន​ទម្លាយ​ឯកសារ​សំងាត់​របស់​មេបក្ស​ប្រ​ឆាំង

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​៦ មីនា​នេះ បាន​ធ្វើ​ជាអធិបតី​សម្ពោធ​បើក​ការ​ដ្ឋាន​​កំណាត់​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​កន្លែង។ ថ្លែង​ជា​សាធារណៈ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ទទួល​ស្គាល់​ថា សំឡេង​បែក​ធ្លាយ​នោះ​គឺ​ជា​ការ​សន្ទនា​របស់​លោក និង​ប្រមុខ​បក្ស​​ប្រឆាំង​។ ការ​បញ្ជាក់​នេះ គឺ​បន្ទាប់​ពី​លោក​សម រង្ស៊ី​ប្រកាស​ថា​នោះ​គឺ​ជា​សំឡេង​ក្លែងក្លាយ​តែ​ប៉ុណ្ណោះ។

លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​
លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

សារ​ជាថ្មី​ម្តង​ទៀត លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ទទួល​ស្គាល់​ថា​សំឡេង​ដែល​បាន​បែក​ធ្លាយ​កាល​ពី​ចុង​សប្តាហ៍​មុន គឺ​ជា​សំឡេង​ពិត​ប្រាកដ​របស់​លោក​និង​លោក​កឹម សុខា​ដែល​សន្ទនា​ពី​គម្រោង​ផែន​ការ​កំចាត់​លោក​សម រង្ស៊ី​ចេញ​ពី​គណ​បក្ស​។ លោក​នាយក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា លោក​កឹម សុខា​ពិត​ជា​បាន​និយាយជាមួយ​លោក​ពិត​ប្រាកដ ហើយ​លោក​កឹម​សុខា​​មិន​អាច​បដិសេធ​ទេ។

បន្ថែម​ពីនេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​គំរាម​នឹង​ទម្លាយ​រាល់​ឯកសារ​សំងាត់​ទាំងអស់​របស់​មេ​បក្ស​ប្រឆាំង​ដែល​ធ្លាប់​បាន​សន្ទនា​ជាមួយ​លោក។ ការ​បញ្ជាក់​សារជាថ្មីម្តង​ទៀត​នេះ គឺ​បន្ទាប់​ពី​លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃម្សិល​មិញ​បាន​អំពាវ​នាវ​ជាសាធារណៈ​កុំ​ឱ្យ​ជឿ​សំឡេង​ដែល​បាន​លេច​ធ្លាយ​នោះ​។ លោក​សម រង្ស៊ី​ថា​ជា​សំឡេង​ដែល​បែក​ធ្លាយ​គឺ​ជា​ការ​ប្រឌិត​ឬ​កាត់ត ដែល​មាន​ចេតនា​បំបែក​បំបាក់​ផ្ទៃ​ក្នុង​គណ​បក្ស​សង្គ្រោះ​ជាតិ។ គណ​បក្ស​សង្គ្រោះ​ជាតិ មិន​មានប្រ​តិកម្ម​ជាផ្លូវ​ការ​ណាមួយ​ចំពោះ​ការ​បែក​ធ្លាយ​សំឡេង​ លោក​កឹម សុខា និង​លោក​ហ៊ុន សែន​នោះ​ទេ។

ប៉ុន្តែ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ក្រោយ​ពេល​លេច​ធ្លាយ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ កើត​ឡើង​ពី​ការ​រួប​រួម​គ្នា។ អ្វីៗ​តែង​តែ​ធ្វើ​រួម​គ្នា​គិត រួមគ្នា​ធ្វើ រួមគ្នា​សម្រេច ដើម្បី​ផល​ប្រយោជន៍​រួម សម្រាប់​ប្រទេស​ជាតិ និង​ប្រជាពល​រដ្ឋ​កម្ពុជា។

គួរ​កត់​សំគាល់​ថា ក្រោយ​ការ​បែក​ធ្លាយ​សារ​សំឡេង​សំងាត់​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​លោក​​កឹម សុខា​ មន្ត្រី​គណបក្ស​សមរង្ស៊ី លោក​សួង សុភ័ណ្ឌ​ដែល​ធ្លាប់​ជា​បេក្ខជន​តំណាង​រាស្ត្រ​​ និង​ជាអ្នក​ធ្លាប់​ប្តឹង​លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ទៅ​តុលាការ បាន​ប្រកាស​លា​លែង​ចេញ​ពី​គណ​បក្ស និង​ស្នើ​សុំឱ្យ​លោក កឹម សុខា​ដែល​ទើប​ឡើង​ធ្វើ​ជា​ប្រធាន​គណបក្ស​ឱ្យ​ចុះចេញ​ពី​តំ​ណែង។

លោក​សួង សុ​ភ័ណ្ឌ​បាន​បញ្ជាក់​ពី​មូល​ហេតុថា​គឺ​ដោយ​សារ​លោក​កឹម សុខា ជា​អ្នកដើរ​តាម​ខ្សែ​ញាក់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដើម្បី​កំចាត់​លោក​សម រង្ស៊ី​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ