ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

​លោក ស៊ុន ចាន់ថុល៖ ​កម្ពុជា​កំពុង​ចរចា​ខ្ចី​លុយ​ចិន​ជិត​២០០​លាន​ដុល្លារ​សង់​ផ្លូវ​ជាតិ​លេខ​១០​

media  
លោក​ស៊ុន ចាន់ថុល រដ្ឋ​មន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម ថ្លែង​ទៅ​កាន់​អ្នក​វិនិយោគ និង​អ្នក​កាសែត នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ថ្ងៃ​ទី​៧​កក្កដា ២០១៤ RFI/Rachna IM

កម្ពុជា​កំពុង​ចរចា​ជាមួយ​ចិន​ដើម្បី​ខ្ចី​លុយ​ចំនួន​១៨៣​លាន​ដុល្លារអាមេរិក​បន្ថែម​ទៀត សម្រាប់​សាង​សង់​ផ្លូវ​ជាតិ​លេខ​១០ ពីស្រុក​សំឡូត ខេត្ត​បាត់​ដំបង ទៅ​កាន់​ខេត្ត​កោះ​កុង ដែល​មាន​ប្រវែង​១៩៣​គីឡូ​ម៉ែត្រ​។ នេះ​ជា​ការ​បញ្ជាក់​របស់ រដ្ឋ​មន្ដ្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កាល​ពី​ម្សិល​មិញ។ គម្រោង​សង់​ផ្លូវថ្មី​បន្ថែម​នេះ គឺ​ស្រប​ពេល​គម្រោង​ពង្រីក​ផ្លូវ​សំខាន់ៗ​ជា​ច្រើន​ទៀត​នៅ​កម្ពុជា បាន​និង​កំពុង​ធ្វើ​ ក្រោម​ប្រាក់កម្ចី​របស់​ជប៉ុន និង​ចិន​ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​។ 

គម្រោង​ចំនួន១៥​ដែល​ក្រសួង​សាធារណៈ​ការ​ដាក់​ចេញ ក្នុង​ការ​ពង្រីក​ផ្លូវ​ជាតិ​សំខាន់ៗ​ចេញ​ពីទីក្រុង​ភ្នំពេញ​ទៅកាន់​បណ្តា​ខេត្ត​មួយ​ចំនួន​បាន​និង​កំពុង​បន្ត​សកម្មភាព​រួម​មាន៖ ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ ក្រុង​ព្រះសីហនុ ប្រវែង​សរុប​១៩០​គីឡូ​ម៉ែត្រ ត្រូវ​បាន​បើក​ការដ្ឋាន​កាល​ពី​ចុង​ខែ​មីនា​ឆ្នាំ​២០១៩​នេះ​។ ជា​គម្រោង​វិនិយោគ​របស់​ក្រុម​ហ៊ុន​ចិន​ដោយ​ទឹក​ប្រាក់​ជិត​២ពាន់​ដុល្លារ​។ ចំណែក ការពង្រីក​ផ្លូវ​ជាតិ​លេខ៣​ពី​ភ្នំពេញ ទៅ​ខេត្ត កំពត គឺ​គ្រោង​ចំណាយ​ថវិកា​ជាង ២០០​លាន​ដុល្លារ​អាមេរិក ក្រោម​កម្ចី​ពី​ចិន​។

ជាមួយ​គ្នា​នោះ កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ពី​ទីរួម​ខេត្ត​កំពត ទៅ​រង្វង់​មូល​វាល​រេញ មាន​ប្រវែង​សរុប ៥៤,៣០ គម បាន​ជួស​ជុល​កាល​ពី​ខែកុម្ភៈ ឆ្នាំ២០១៨ ចំណាយ​ថវិកា ប្រមាណ ១២,០៦១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្រោម​ឥណ​ទាន ធនាគារ​ពិភព​លោក​។

លើស​ពីនេះ​ទៀត​ក៏​នៅ​មាន​គម្រោង​ពង្រីង​ផ្លូវជាតិ​លេខ៤៨ (​ផ្លូវ​បំបែក​ស្រែអំបិល-ទីរួមខេត្ត​កោះកុង) នឹង​ត្រូវ​ពង្រីក​ទៅជា​ផ្លូវហាយវេ ដោយ​កម្ចីថវិកា​របស់​កូរ៉េ ៦៧លាន​ដុល្លារ​ និង​៨លាន​ដុល្លារ ជា​ថវិកា​បដិភាគ​របស់​កម្ពុជា។ នេះបើតាម​ការថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាលកម្ពុជា​កាលពីខែមីនាឆ្នាំនេះ។

រីឯ​គម្រោង​ពង្រីងផ្លូវជាតិ​លេខ​៥ ប្រវែង​សរុប​៣៣៦​គីឡូម៉ែត្រ​ក៏​កំពុង​មាន​សកម្មភាព គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៥០០ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។ ក្នុង​នោះ​ផ្លូវ​ប្រវែង​ ​៨៤,៧៤​ ​គីឡូម៉ែត្រ​ ​ពី​ខេត្ត​បាត់​ដំបង​ទៅកាន់​ក្រុង​សិរី​សោភ័ណ្ឌ ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ចំណាយ​ទឹក​ប្រាក់​ចំនួន ​១៤៣ ​លាន​ដុល្លារ​ ​ក្រោម​ហិរញ្ញប្បទាន​ របស់​ជប៉ុន​។​ នេះជាការបញ្ជាក់របស់ លោក​ ​ឈឹម​ ​ផល្លា​ ​នាយក​ ​នៃនាយកដ្ឋាន​ផ្លូវថ្នល់​។ ​

ចំណែក​នៅ​ទីក្រុង​ភ្នំពេញ​វិញ គឺ​ផ្លូវ​ក្រវ៉ាត់​ទី២ ត្រូវ​បាន​រាយការណ៍​ថា​ត្រូវ​ចំណាយ​ថវិកា ៧២​លាន​ដុល្លារ ត​ភ្ជាប់​មហាវិថី​រុស្ស៊ី​ទៅ​កាន់​ផ្លូវ​ជាតិ​លេខ​២។ ចំណែក​ផ្លូវ​ក្រវ៉ាត់ទី៣ តភ្ជាប់​ផ្លូវជាតិលេខ១ លេខ ២ លេខ ៣លេខ ៤ និង​ផ្លូវជាតិលេខ​៥។ បន្ថែម​ពីនេះ នៅ​មាន​ការ​ជួស​ជុល​ផ្លូវ​ជាតិ​លេខ១១ ពី​ស្ពាន​អ្នក​លឿង ទៅ​កាន់​ថ្នល់​ទទឹង​ផង​ដែរ​។

ក្រៅ​ពី​គម្រោង​ដែល​កំពុង​អនុវត្តន៍ ក៏​នៅ​មាន​គម្រោង​សាង​សង់​ផ្លូវ​ជាតិ​លេខ​១០ មួយខ្សែ​បន្ថែម​ទៀត ដែល​ត​ភ្ជាប់​ពី​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ទៅ​ខេត្ត​កោះកុង ដែល​មាន​ប្រវែង​១៩៣​គីឡូ​ម៉ែត្រ​។ លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា​ផ្លូវ​ថ្មីនឹង​ចំណាយ​អស់​១៨៣​លាន​ដុល្លារ​គឺ​ជា​ប្រាក់​កម្ចី​ពី​ប្រទេស​ចិន ។

នៅ​ពេល​លើក​ឡើង​ថា ហេតុអ្វី​បាន​ជា​កម្ពុជា​ខ្ចី​លុយ​បរទេស​មក​ធ្វើ​ផ្លូវ លោក ស៊ុន ចាន់ថុល បក​ស្រាយ ថា មក​ពី​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ គឺ​ត្រូវ​ការ​ថវិកា​ច្រើន ហើយ​កម្ចី​ទាំង​នោះ​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដែល​កម្ពុជា​អាច​មាន​លទ្ធភាព​គ្រប់​គ្រង​បំណុល​បាន​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ