មេសហជីពមួយចំនួនមិនទាន់ទទួលបានលិខិតអញ្ជើញចូលរួមសវនាការ
មួយថ្ងៃមុនសវនាលើមេដឹកនាំសហជីពចាប់ផ្ដើមនៅថ្ងៃសុក្រស្អែក ប្រធានសហជីពមួយចំនួនបានអះអាងនៅថ្ងៃព្រហស្បិ៍នេះថា ពួកគេនៅមិនទាន់ទទួលបានលិខិតអញ្ជើញឲ្យចូលរួមសវនាការនៅឡើយទេ គិតមកដល់ម៉ោងនេះ។ ប៉ុន្តែយ៉ាងមិញមេធាវីការពារក្ដីឲ្យសហជីពអះអាងថា នឹងចូលរួមសវនាការនេះ ក្នុងឋានៈជាមេធាវីការពារសិទ្ធ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១២
ទាំងលោក រ៉ុង ឈុន និងលោកប៉ាវ ស៊ីណា បានអះអាងដូចគ្នាថា មិនទាន់ទទួលបានលិខិតអញ្ជើញឲ្យចូលរួមសវនាការនៅថ្ងៃសុក្រស្អែកនោះទេ។
ប៉ុន្តែយ៉ាងណាមិញលោកទាំងពីរជឿជាក់ថា តាមរយៈសវនាការនៅថ្ងៃស្អែក ប្រៀបដូចជាការបើកផ្លូវឲ្យសហជីពមានសេរីភាពពេញលេញដោយគ្មានសំពាធពីតុលាការទៀតឡើយ ជុំវិញពាក្យបណ្ដឹងរបស់ក្រុមហ៊ុនកន្លងមក។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាឲ្យដឹងថា រូបលោកក៏ដូចជាប្រធានសហជីពផ្សេងទៀត បំពេញការងារកន្លងមក គឺក្នុងគោលបំណងតែម្យ៉ាងគត់ ការពារប្រយោជន៍កម្មករ កម្មការិនី។ គ្មានឡើយការញុះញង់ឬបំផុសកម្មករ កម្មការិនី ប្រឆាំងនឹងក្រុមហ៊ុន ដូចការចោទប្រកាន់ទេ។ ដូច្នេះមួយផ្នែកនៃសវនាការនៅថ្ងៃស្អែក រួមបញ្ជូលភាពស្អាតស្អំរបស់មេសហជីពខ្លួនឯងផង និងការជំរុញបន្ថែមរបស់ប្រមុខរដ្ឋាភិបាលទៀត សំណុំរឿងនេះអាចវិជ្ជមានច្រើន។ នេះបើតាមលោក រ៉ុង ឈុន។
លោកប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាគូសបញ្ជាក់ដែរថា បើទោះជាលោកមិនទាន់ដឹងច្បាស់ថា បានចូលរួមសវនាការឬអត់នោះទេ តែចម្លើយរបស់លោកមិនប្រែប្រូលឡើយ។ មិនប្រែប្រួលព្រោះថា សំណុំរឿងនេះជាប់ទាក់ទងនឹងព្រឹត្តការណ៍បាតុកម្មនៅផ្លូវវ៉េងស្រេង កាលពីឆ្នាំ២០១៣ គឺរូបលោកផ្ទាល់ និងប្រធានសហជីព ដែលរងបណ្ដឹងមិនស្ថិតនៅកន្លែងនោះឡើយ។
បើទោះប្រធានសហជីព២រូប មិនទាន់ទទួលបានលិខិតអញ្ជើញចូលរួមសវនាការនៅថ្ងៃស្អែកក៏ដោយជានីតិវិធីច្បាប់ ដំណើរការសវនាការនៅតែធ្វើឡើងជាធម្មតា តាមរយៈមេធាវីការពារសិទ្ធ។ អ្នកស្រី សាម សុគន្ធា សហមេធាវីការពារក្ដីឲ្យសហជីពបានគូសបញ្ជាក់ថា នឹងចូលរួមសវនាការក្នុងឋានៈជាមេធាវីការពារសិទ្ធ។
គួររំឭកថា ក្រុមមេសហជីពទាំងនេះរួមមាន៖ លោកអាត់ ធន់ លោកប៉ាវ ស៊ីណា លោកស្រីម៉ម ញឹម លោកជា មុនី លោក រ៉ុង ឈុន និងលោកស្រីយ៉ាង សោភ័ណ្ឌ ត្រូវបានតុលាការចោទប្រកាន់ពីបទ ប្រព្រឹត្តហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស បទគំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ និងបទប្រើមធ្យោបាយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ។ សកម្មភាពទាំងនេះ បានប្រព្រឹត្តទៅនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង កាលពីអំឡុងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ