អានតួអត្ថបទ
កម្ពុជា

មនុស្ស​៧​នាក់​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ ខណៈ​គ្រោះ​អគ្គិភ័យ៤​លើក​បំផ្លាញ​ផ្ទះ​រាប់​សិប​ខ្នង

តុល្យការ ដំបូង នៅ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​កាល​ពី​ថ្ងៃ​ម្សិលម៉ិញ យ៉ាង​ហោច​ណាស់​មនុស្ស​៧​នាក់បាន​ស្លាប់ និង​មនុស្ស​១៤​នាក់​បាន​រង​របួស​ធ្ងន់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍។ ចំណែក​ឯ​បញ្ហាគ្រោះ​អគ្គិភ័យ​វិញ បាន​កើត​ឡើង​ចំនួន​៤​ករណី​នៅ​ទូ​ទាំង​ប្រទេស និង​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​រាប់​សិប​ខ្នង​។

គ្រោះថ្នាក់ចរាចរណ៍​តែងតែ​កើតមាន​ នៅ​ក្នុង​ពេល​បុណ្យ​ចូលឆ្នាំ​ម្តងៗ
គ្រោះថ្នាក់ចរាចរណ៍​តែងតែ​កើតមាន​ នៅ​ក្នុង​ពេល​បុណ្យ​ចូលឆ្នាំ​ម្តងៗ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

គ្រោះ​អគ្គិភ័យ​ចុង​ក្រោយ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​១២ អធ្រាត្រ​យប់ ថ្ងៃ​ទី​៧ឈាន​ចូល​ទី​៨​កុម្ភៈឆ្នាំ​២០១៦​នេះ ស្ថិត​នៅ​ខាង​ក្រោយ​វត្ត​ចាក់​អង្រែ​ក្រោម ស្ថិត​ក្នុង​ខ័ណ្ឌ​មានជ័យ រាជធានីភ្នំពេញ ដែល​បាន​លេប​ត្របាក់​យក​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៩៧​ខ្នង​។

លោក នេត វន្ថា ប្រធាន​ការិយាល័យ​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា លំនៅស្ថាន​ដែល​រង​ការ​ឆេះ​នេះ ជា​ប្រភេទ​សំណង់​ថ្មក្រោម​ ឈើ​លើ និងប្រក់​ស័ង្កសី ជា​សំណង់​មិន​រៀប​រយ​ដែល​សង់​នៅ​តាម​ជួរ​មាត់​ទន្លេ​ក្នុង​ខណ្ឌ​មាន​ជ័យ។ ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​បាន​បញ្ចប់​នៅ​ប្រមាណ​ជា​ម៉ោង​ជិត​៤​ទៀប​ភ្លឺ ថ្ងៃ​ទី៨​កុម្ភៈ ដោយ​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២៥​គ្រឿង និង​អស់​ទឹក​ចំនួន​៦៦​ជើង​។

សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​នៃ​គ្រោះ​អគ្គិភ័យ​នេះ​នៅ​ឡើយ​ទេ ក៏ប៉ុ​ន្តែ​មូល​ហេតុបឋម​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​ការ​ដុត​ផាវ និង​កាំជ្រួច អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំចិន-វៀតណាម​កាល​ពី​ថ្ងៃ​ម្សិល​ម៉ិញ​។ យ៉ាង​ណា​ក៏​ដោយ គ្រោះ​អគ្គិភ័យ​នេះ មិន​បណ្តាល​​ឲ្យ​មាន​អ្នក​ស្លាប់​បាត់​បង់​ជីវិត​នោះ​ទេ​។

បើ​តាម​តុល្យការ​ដំបូង​នៃ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​កាល​ពី​ថ្ងៃ​ទី​៧​កុម្ភៈ​ឆ្នាំ២០១៦ គ្រោះអគ្គិភ័យ​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​៤​ករណី ក្នុង​នោះ រាជធានី​ភ្នំពេញ​មាន​២​ករណី ខេត្ត​កំពង់​ស្ពឺមាន​១​ករណី និង​ខេត្ត​កំពង់ធំ​មាន​១​ករណី។ មូល​ហេតុ​នៃ​គ្រោះអគ្គីភ័យ​ទាំង​នេះ ភាគ​ច្រើន​បណ្តាល​​​មក​ពី​ការ​អុច​ទៀន​ធូប របស់​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន។ ចំណែក​នៅ​ខេត្តកំពង់ស្ពឺ មូលហេតុ​គឺ​បណ្តាល​មក​ពី​ការ​លេង​ភ្លើង​របស់​ក្មេងៗ​ដែល​ធ្វើ​ឲ្យ​ឆេះ​ផ្ទះ​អស់​៤​ខ្នង​។ 

ក្រៅ​ពី​គ្រោះ​អគ្គិភ័យ គ្រោះថ្នាក់​ចរាចរណ៏ ក៏​បាន​បណ្តាល​ឲ្យ​មនុស្ស​៧​នាក់​ស្លាប់ ១៤នាក់​រង​របួស​ធ្ងន់ និង​៦​នាក់​រង​របួស​ស្រាល នៅ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​កាល​ពី​ថ្ងៃ​ទី​៨​កុម្ភៈ។ បើយោង​តាម​របាយការណ៍ របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​ក្រសួង​មហាផ្ទៃ គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​១៥​ករណី។ ចំនួន​នេះ​នឹងកើន​ឡើង​ថែម​ទៀត ខណៈ​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីចិន​នៅ​មាន​រយៈពេល​២​ថ្ងៃ​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ