អានតួអត្ថបទ
កម្ពុជា

កីឡាករ​​បាល់ទាត់​​ឆ្នើម​​កម្ពុជា​​ចាន់ វឌ្ឍនាកា ​ត្រូវ​បាន​​ផ្ទេរ​​ទៅ​លេង​​នៅ​​ជប៉ុន​

នៅ​ទី​ផុត​ទៅ កីឡាករ​បាល់ទាត់​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្លិប​បឹងកេត​អង្គរ​ចាន់ វឌ្ឍនាកា បានសម្រេច​ចិត្ត​ទៅលេង​ឲ្យ​ក្លិប​Fujiedaនៅ​លី​គ​ទី៣ក្នុងប្រទេស​ជប៉ុន។ នៅ​រសៀល​នេះ ក្លិប​បឹងកេត​អង្គរ​របស់​កម្ពុជា និង​ក្លិប​Fujieda របស់​ជប៉ុន​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​ហើយ​ក្នុងការ​ផ្ទេរ​កីឡាករ​ឆ្នើម​វ័យក្មេង​រូបនេះ​ទៅលេង​ក្នុងប្រទេស​ជប៉ុន។ យ៉ាងណាក៏ដោយ តម្លៃ​ខ្លួន​របស់​វឌ្ឍនាការ​មិន​ត្រូវបាន​ក្លិប​ទាំងពីរ និង​សា​ម៉ី​ខ្លួន​ប្រាប់​ឲ្យ​ដឹង​នោះទេ។

កីឡាករចាន់ វឌ្ឍនាកា
កីឡាករចាន់ វឌ្ឍនាកា @Google
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ការចុះហត្ថលេខា​ផ្ទេរ​ជា​ផ្លូវការ​នេះ កីឡាករ​ចាន់ វឌ្ឍនាកា បាន​ក្លាយជា​កីឡាករ​បាល់ទាត់​កម្ពុជា​ទី១ហើយ​ដែលមាន​សមត្ថភាព​អាច​ទៅលេង​ឲ្យ​ក្លិប​នៅក្នុង​ប្រទេស​ជប៉ុន​បាន បើទោះបីជា​ក្លិប​នោះ​លេង​ក្នុង​លី​គ​ទី៣យ៉ាងណាក៏ដោយ។ ការផ្ទេរ​កីឡាករ​ចាន់ វឌ្ឍនាកា​នេះ គឺធ្វើឡើង​ក្នុង​ក្របខណ្ឌ​ខ្ចី​ជើង​រយៈពេល១ឆ្នាំ​ប៉ុណ្ណោះ​រវាង​ក្លិប​បាល់ទាត់​បឹងកេត​អង្គរ និង​ក្លិប​Fujieda ហើយ​វា​ក៏​ជា​លទ្ធផល​នៃ​ការ​ទៅ​សម​ជើង​នៅ​ក្លិប​ជប៉ុន​មួយ​នេះ​ពេញ​មួយ​សប្តាហ៍​របស់​កីឡាករ​ចាន់ វឌ្ឍនាកា​កាលពី​អំឡុង​ដើមខែ​វិច្ឆិកា​ឆ្នាំ២០១៦កន្លងទៅ​ផងដែរ។

ប្រធាន​ក្លិប​Fujieda ដែល​បាន​ជិះ​យន្តហោះ​មក​ចុះហត្ថលេខា​នាំយក​កីឡាករ​ចាន់ វឌ្ឍនាកា​ដោយផ្ទាល់​នៅក្នុង​ប្រទេស​កម្ពុជា បាន​គូសបញ្ជាក់ថា ការសម្រេច​នេះ គឺ​ដោយសារតែ​លោក​និង​ក្លិប​ពេញចិត្ត​យ៉ាងខ្លាំង​លើ​សមត្ថភាព​របស់គេ ជាពិសេស​គឺ​ល្បឿន និង​បច្ចេកទេស​បំប៉ោង​សំណាញ់​ទី​ដ៏​ល្អ។ លោក​បន្ថែមថា ក្លិប​នឹង​ជួយ​បណ្តុះបណ្តាល​កីឡាករ​រូបនេះ​ឲ្យ​មាន​សមត្ថភាព​កាន់តែ​ល្អ​ថែមទៀត។ សម្រាប់​លោក​បែរ មករា អ្នក​ចាត់​ទូទៅ​របស់​ក្លិប​បឹងកេត​អង្គរ​ដែលជា​ទ្រនំ​ចាស់​របស់​កីឡាករ​ចាន់ វឌ្ឍនាកា​វិញ លោក​ពិតជា​លំបាក​ក្នុងការ​សម្រេច​ឲ្យ​វឌ្ឍនាកា​ចាក​ចេញពី​ក្លិប​ព្រោះថា​គេ​គឺជា​បេះដូង​របស់​ក្លិប​បឹងកេត​អង្គរ។ ប៉ុន្តែ​ទោះជា​ចង់​ឫ​មិន​ចង់​លោក​នៅតែ​បើកឱកាស​ឲ្យ​កីឡាករ​ឆ្នើម​រូបនេះ​ទៅ​បន្ត​អាជីព​នៅ​ជប៉ុន ព្រោះ​លោក​សង្ឃឹមថា វឌ្ឍនាកា​នឹង​ជួយ​លើកស្ទួយ​វិស័យ​បាល់ទាត់​កម្ពុជា​ឲ្យ​ល្បីឈ្មោះ​នៅក្នុង​តំបន់​អាស៊ី​នេះ។

មាន​វ័យ២២ឆ្នាំ​កម្ពស់១ម៉ែត្រ៧៣ ចាន់ វឌ្ឍនាកា គឺ​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​ទាំង​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ទាំង​ក្លិប​បឹងកេត​អង្គរ។ កីឡាករ​ដែលជា​កូនប្រុស​លោក​អភិបាល​ខេត្តកំពត​រូបនេះ បាន​ជួយ​ក្លិប​បឹងកេត​អង្គរ​ឲ្យ​លើក​ពាន​លី​គ​កំពូល​កម្ពុជា​ក្នុង​ឆ្នាំ២០១៦ និង​បាន​ក្លាយជា​ម្ចាស់​ស្បែកជើង​មាស២រដូវ​កាល​ជាប់​គ្នា​ក្នុង​ឆ្នាំ២០១៥ និង​ឆ្នាំ២០១៦​ថែម​ទៀត​។ មិនតែប៉ុណ្ណោះ គេ​ក៏​ធ្លាប់ជា​ម្ចាស់​ស្បែកជើង​មាស​ក្នុង​ពានរង្វាន់ Hun Sen-Cup ឆ្នាំ២០១៣ផងដែរ។  ចាន់ វឌ្ឍនាកា ចេញ​មកពី​ស្នាល​យុវជន​របស់​ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង និង ផ្ទេរ​ទៅ​បឹងកេត​អង្គរ​ក្នុង​ឆ្នាំ២០១។ កីឡាករ​ឆ្នើម​ជំនាញ​ជើងឆ្វេង​រូបនេះ ត្រូវបាន​កោះហៅ​ឲ្យ​ចូល​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឈុត​ធំ​នៅក្នុង​ឆ្នាំ២០១៣ ហើយ​បាន​ស៊ុត​បញ្ចូល​ទី​បាន១០គ្រាប់​ក្នុងចំណោម២៨ប្រកួត។

កីឡាករ​ចាន់ វឌ្ឍនាកា​មិន​ត្រឹមតែ​មានឈ្មោះ​បោះ​សំឡេង​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រូបគេ​ក៏ត្រូវ​បាន​ក្លិប​នៃ​ប្រទេសជិតខាង​មួយចំនួន​ចាប់អារម្មណ៍​ផងដែរ បន្ទាប់ពី​ឃើញ​សមត្ថភាព​របស់គេ​ក្នុងពេល​ប្រកួត​ដណ្តើមពាន​រង្វាន់​ថ្នាក់​តំបន់​នានា​កន្លងមក។ ទោះជា​យ៉ាងដូច​ម្តេចក្តី កីឡាករ​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​រូបនេះ​បានសម្រេច​ចិត្ត​ផ្លាស់​ទៅលេង​នៅ​ជប៉ុន​ដោយ​គេ​ចាត់ទុកថា ជា​ជំហាន​ដំបូង​នៃ​ការចេញ​ទៅលេង​នៅក្រៅ​ប្រទេស។ វឌ្ឍនាកា សង្ឃឹមថា ការចេញ​ទៅលេង​នៅ​ជប៉ុន​នេះ នឹង​ជាការ​ត្រួស​ត្រាយផ្លូវ​មួយ​សម្រាប់​យុវជនក្រោយៗដែល​ចូលចិត្ត​លេង​បាល់ និង​មាន​ឆន្ទៈ​ចង់ទៅ​លេង​នៅក្រៅ​ប្រទេស​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ