អានតួអត្ថបទ
កម្ពុជា-សង្គម

​ធម្ម​យាត្រា​របស់​យុវជន​បរិស្ថាន​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​បាន​ផ្អាក​មួយ​ថ្ងៃ ក្រោយ​ជួប​ឧបសគ្គ​ខ្លះៗ​

ក្រុម​យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា ជា​ក្រុម​យុវជន​ស្រលាញ់​បរិស្ថាន បាន​សម្រេច​ផ្អាក​ដំណើរ​ធម្ម​យាត្រា​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​មួយ​ថ្ងៃ នៅ​ថ្ងៃទីបី​នេះ បន្ទាប់​ពី​បាន​ជួប​ឧប​សគ្គ​។ ក្រុម​យុវជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ ដែល​ក្នុង​នោះ​រួម​មាន​ព្រះ​សង្ឃ​ផង បាន​ដាក់​គោល​ដៅ​ថា នឹង​ធ្វើ​ធម្ម​យាត្រា​ដោយ​ថ្មើរ​ជើង​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ក្នុង​រវាង​៧ទៅ១០​ថ្ងៃ ដើម្បី​ពញ៉ាក់​ស្មារតី​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ អនុវត្ត​ឲ្យ​ម៉ឺង​ម៉ាត់​ចំពោះ​អគារ​កាស៊ីណូ​ចិន​មួយ​កន្លែង ដែល​សង់​រំលោភ​លើ​ដី​ឆ្នេរ​កោះ​រ៉ុង​សន្លឹម ហើយ​បង្ហូរ​កាក​សំណល់​ចូល​ទៅ​ក្នុង​សមុទ្រ​។ 

ធម្មយាត្រាថ្មើរជើងទៅកាន់ខេត្តព្រះសីហនុ
ធម្មយាត្រាថ្មើរជើងទៅកាន់ខេត្តព្រះសីហនុ @សហការី
ផ្សាយពាណិជ្ជកម្ម

ធម្ម​យាត្រា​របស់​ក្រុម​យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា ជា​យុវជន​ស្រលាញ់​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ ដែល​ក្នុង​នោះ​រួម​មាន​ព្រះ​សង្ឃ​ផង បាន​ចាប់​ផ្តើម​ចេញ​ដំណើរ​ពី​ទីក្រុង​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ កាល​ពីថ្ងៃទី ១៥ តុលា។ ប៉ុន្តែ​ដំណើរ​ធម្ម​យាត្រា​នេះ បាន​ផ្អាក​មួយ​ថ្ងៃ នៅ​ថ្ងៃទី ១៧ តុលា​នេះ ដោយ​សារ​តែ​ជួប​ឧបសគ្គ​មួយ​ចំនួន​។ ក្នុង​នោះ ព្រះ​សង្ឃ​ខ្លះ​បាន​ជួប​នឹង​បញ្ហា​សុខ​ភាព ចំណែក​ឯ​យុវជន​ខ្លះ បាន​ជួប​បញ្ហា​ស្ពឹក​ជើង​ជា​ដើម​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី យុវជន ថុន រដ្ឋា សកម្ម​ជន​បរិស្ថាន​នៃ​ចលនា​ធម្ម​ជាតិ​។ តែ​យ៉ាង​ណា​ក្តី យុវជន​រូប​នេះ​បាន​អះអាង​ថា ពួក​គេ​នឹង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត និង​ទៅ​ឲ្យ​ដល់​គោល​ដៅ​នៅ​រវាង​៧ ទៅ​១០​ថ្ងៃ​ទៀត​។

សូម​បញ្ជាក់​ថា គោល​ដៅ​នៃ​ដំណើរ​ថ្មើរ​ជើង ឬ​ធម្ម​យាត្រា របស់​យុវជន​ដែល​អះអាង​ថា ជា​ក្រុម​ស្រលាញ់​បរិស្ថាន​នៃ​ចលនា​មាតា​ធម្ម​ជាតិ​នេះ គឺ​ដើម្បី​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ខេត្តព្រះសីហនុ ចុះ​អនុវត្ត​វាយ​កម្ទេច​សំណង់​កាស៊ីណូ​ចិន​ខុសច្បាប់​មួយកន្លែង ឈ្មោះ ជីង ទីង Jingding ដែល​បានសាងសង់​រំលោភ​លើ​ដី​ឆ្នេរ​សមុទ្រកោះ​រ៉ុង​សន្លឹម និង​បាន​បង្ហូរ​កាក​សំណល់​ចូល​ទៅ​ក្នុង​សមុទ្រ​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​បរិស្ថាន​។ បន្ថែម​លើ​នេះ ធម្ម​យាត្រា​ក៏​ជា​និមិត្ដ​រូប ដើម្បី​បង្ហាញ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ថែ​រក្សា និង​អភិរក្ស​ដល់​ឆ្នេរ​សមុទ្រ និង​ជា​និមិត្ត​រូប​សម្រាប់​ដាស់​ស្មារតី​ដល់​យុវជន​ជំនាន់​ក្រោយ ឲ្យ​ហ៊ាន​ចូល​រួម​ការពារ​ធន​ធាន​ធម្មជាតិ និង​លះ​បង់​ដើម្បី​បរិស្ថាន​ផង​ដែរ​។ យ៉ាង​ណា​ក្តី អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ លោក ឃាង ភារម្យ បាន​ថ្លែង​ថា អាជ្ញាធរ​ខេត្ត​បាន​ចាត់​វិធាន​ការ​ផ្អាក​អាជីវកម្ម​កាស៊ីណូ​នេះ​រួច​ហើយ កាល​ពី​ចុង​ខែ​ឧសភា​មក ដោយ​មិន​មាន​សកម្ម​ភាព​អ្វី​ទៀត​ឡើយ​។ ចំណែក​ឯការ​វាយ​កម្ទេច​កាស៊ីណូ​នេះ​វិញ ត្រូវ​បាន​លោក ឃាង ភារម្យ បញ្ជាក់​ថា ក៏​កំពុង​ស្ថិត​នៅ​ក្នុង​នីតិ​វិធី​របស់​សមត្ថកិច្ច​ផង​ដែរ​។ បើ​តាម​លោក ឃាង ភារម្យ សមត្ថ​កិច្ច​មិន​អាច ធ្វើអ្វី​ភ្លាមៗ តាម​ការ​ចង់​បាន​របស់​ក្រុម​យុវជន​ទាំង​នេះ​បាន​ឡើយ​។

គួរ​ជំរាប​ជូន​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី១៦ តុលា ធម្ម​យាត្រា​របស់​យុវជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ប្រមាណ​ជា​ជិត​១០​នាក់ ដែល​ក្នុង​នោះ​រួម​មាន​ព្រះ​សង្ឃ​ផង បាន​ដើរ​ដល់​ឃុំ​ចំបក់ ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ ហើយ​គ្រោង​នឹង​បន្ត​ដំណើរ​ទៅ​មុខ ទៅ​ឲ្យ​ដល់​គោល​ដៅ​នៅ​រវាង​៧​ទៅ​១០​ថ្ងៃ​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ