អានតួអត្ថបទ

សុវត្ថិភាព​នុយក្លេអ៊ែរ ៖ មេរៀន​នៃ​គ្រោះថ្នាក់​នុយក្លេអ៊ែរ​ឈែរណូប៊ីល

ថ្ងៃ​នេះ​ជា​គម្រប់​ខួប​៣០​ឆ្នាំ​គត់ នៃ​គ្រោះថ្នាក់​នុយក្លេអ៊ែរ​ឈែរណូប៊ីល ដែល​ជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ នៅ​ថ្ងៃ​ទី ២៦ មេសា ១៩៨៦ ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​ទី​បួន នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​ ឈែរណូប៊ីល​ ក្នុង​រដ្ឋ​អ៊ុយក្រែន ជា​អតីត​សហភាព​សូវៀត​នៅ​ឡើយ បាន​ផ្ទុះ បែក​សាយភាយ​ធាតុ​វិទ្យុសកម្ម​ មួយ​សេរី​ក្នុង​តំបន់។ អាជ្ញាធរ​សូវៀត បាន​​ប្រើ​ពេល​បី​សប្តាហ៍ ទម្រាំ​ទទួល​ស្គាល់​គ្រោះ​ថ្នាក់ដែល​បង្ក​​មហន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​ ដល់​បរិស្ថាន និង​សេដ្ឋកិច្ច ...

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​Tchernobyl ក្លាយ​ជា​វាលរហោរស្ថាន​ក្រោយ​ការ​ផ្ទុះ​ថ្ងៃទី ២៦​មេសា ១៩៨៦.
មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​Tchernobyl ក្លាយ​ជា​វាលរហោរស្ថាន​ក្រោយ​ការ​ផ្ទុះ​ថ្ងៃទី ២៦​មេសា ១៩៨៦. REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

គ្រោះ​ថ្នាក់​នុយក្លេអ៊ែរ​នៅ​ឈែរណូប៊ីល ត្រូវ​បាន​ចាត់​ទុក​ថា​គ្រោះ​មហន្តរាយ​ដ៏ធ្ងន់ធ្ងរ​​មិនធ្លាប់​ក្នុង​ប្រវត្តិសាស្ត្រ​ តែ​គ្រោះ​ថ្នាក់នេះ​បាន​បញ្ឆក់​ស្មារតីពិភពលោក បាន​ហែក​ភ្នែក​សហគមន៍​អន្តរជាតិ​ទាំង​មូល​ឱ្យ​បានយល់​​ដឹង​អំពី​ទំហំ​​នៃ​គ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​អាតូម ដោយ​នុយក្លេអ៊ែរ និង​នាំ​គ្នា​រួស​រាន់​គិត​គូរ​ដល់​បញ្ហា​សុវត្ថិភាព​នុយក្លេអ៊ែរ។

វិស័យ​សុវត្ថិភាព​នុយក្លេអ៊ែរ បាន​ស្គាល់​ការ​ជឿន​លឿន​ជាក់​ស្តែង និង​គួរ​ឱ្យកត់​សម្គាល់​ខ្លាំង ជាង​គេ​ភ្លាម គឺ​ការ​បង្កើត​​សមាគមន៍ក្រុមហ៊ុន​​អាជីវករ​​នុយក្លេអ៊ែរ​ពិភពលោក WANO នៅ​ឆ្នាំ​១៩៨៩។ មានអាជីវករ​​សរុប ១៣០​​ គ្រប់គ្រង​ម៉ាស៊ីនប្រតិករ​​ ​ចំនួន ៤៣០ នៅ​ទូទាំង​ពិភពលោក ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ មាន​ភ្នាក់ងារ​សវនកម្ម​ សម្រាប់​ត្រួតពិនិត្យ​​ និង​ផ្តល់​អនុសាសន៍ឱ្យ​​សមាជិកគោរពតាម។

 
​តួនាទី​របស់​​អង្គការ​សហប្រជាជាតិ​​ផ្នែក​នុយក្លេអ៊ែរ តំណាង​ដោយ​ភ្នាក់ងារ​​ថាមពល​អន្តរជាតិ​ អាអ៊ីអឺអា ក៏​ត្រូវ​បាន​ពង្រឹង។ ភ្នាក់ងារ​បាន​រៀប​ចំ​តាក់តែង​​បទដ្ឋានសុវត្ថិភាព​ និង​បង្ខំ​ឱ្យ​គ្រប់​ប្រទេស​ជា​សមាជិក​ទាំង​១៦៨ ​ធ្វើ​សេចក្តី​ប្រកាស​ភាព​នូវរាល់​គ្រោះថ្នាក់​ទាំង​ឡាយ​ណា​ពាក់ព័ន្ធ​នឹង​នុយក្លេអ៊ែរ បើ​ទោះ​បី​ជា​គ្រោះថ្នាក់​តូច​តា​ច​ក៏​ដោយ​ក្តី។​

សន្ធិសញ្ញា​ស្តីពី​សុវត្ថិភាព​​នុយក្លេអ៊ែរ​ ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ​១៩៩៤។ កិច្ចព្រមព្រៀង​អន្តរជាតិជា​ច្រើន​ទៀត ស្តីពី​សំណល់​វិទ្យុ​សកម្ម និង​ប្រព័ន្ធ​ប្រកាស​អាសន្ន​មុន​គ្រោះថ្នាក់ ត្រូវ​បាន​ចុះ​ហត្ថលេខា​។

ការ​វិវត្តន៍​នៃ​ភូមិសាស្ត្រ​នយោបាយ​ ក៏​មាន​ចំណែក​ក្នុង​ការ​វិស័យ​សុវត្ថិភាព​ដែរ។ ក្រោយ​ការដួលរំលំ​​របប​សហភាព​សូវៀត​ទៅ រនាំង​ឧបសគ្គមួយចំនួន​ធំ​ ដែល​ខណ្ឌ​ចែក​ពិភពលោក​ជា​ប្លុក​កុម្មុយនិស្ត​និង​សេរី ក៏​បាន​រលុប​បាត់​ទៅ​តាម​នោះ និង​បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​​អន្តរជាតិ​ ផ្នែក​សុវត្ថិភាព​នុយក្លេអ៊ែរ​មាន​ដំណើរការ​កាន់​តែ​ប្រសើរ​ឡើង។ អតីត​ប្រទេស​កុម្មុយនិស្ត​នៅ​អឺរ៉ុប​កណ្តាល ​ដែល​មាន​ប្រើ​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​ ម៉ូដែល​សូវៀត ដូច​នៅ​ឈែរណូប៊ីល បាន​ទទួល​ជំនួយ​ពី​សហភាព​អឺរ៉ុប ក្នុង​នាម​ជា​​សមាជិក​សហភាព។ ក្នុង​ចំណោម​ម៉ាស៊ីនប្រតិករ​១៧ ​មាន​​៦ ​ ត្រូវ​បាន​បិទ​ជា​ស្ថាពរ។

កំហុស​មនុស្ស

ប៉ុន្តែ​ទោះបី​ជា​សុវត្ថិភាព​នុយក្លេអ៊ែរ​បាន​ប្រសើរ​ខ្លាំង​​យ៉ាង​ណា​ក៏​ដោយ​ ក៏​គ្រោះថ្នាក់​នៅមាន មហន្តរាយ​នៅ​ហ្វូគីស្ហ៊ីម៉ា​ ប្រទេស​ជប៉ុន​ដែល​ល្បី​ខាង​មាន​បច្ចេកវិទ្យា​សុវត្ថិភាព​ស្រួច​ខ្លាំង ជា​ឧទាហរណ៍។ ក្រោយ​ហ្វូគូស្ហ៊ីម៉ា ពិភពលោក​បាន​ដក​ស្រង់​មេរៀន​មួយ​ទៀត ! គ្រប់​មជ្ឈមណ្ឌល គ្រប់​ម៉ាស៊ីនប្រតិករ​ ត្រូវ​ឆ្លងកាត់​ការ​ធ្វើ​តេស្ត​សាកល្បង​ភាព​ធន់​នឹង​សុវត្ថិភាព ឬ​ហៅ​ថា Stress Test ទាំង​អស់។

ហានិភ័យ​ដ៏​ធំ​មួយ​ទៀត ដែល​គេ​ពិបាក​គ្រប់គ្រង​បំផុត និង​ដែល​មាន​កើត​រួច​មក​ហើយ​ដូច​គ្នា នៅ​ឈែរណូប៊ីល និង​ហ្វូគូស្ហ៊ីម៉ា គឺ កត្តា​មនុស្ស ! បើ​ទោះ​បី​ជា​សុវត្ថិភាព​នុយក្លេអ៊ែរ ជឿន​លឿន​ប្រសើរ​ហួស​គិត ប្រព័ន្ធ​ការពារ​​សុវត្ថិភាព​ម៉ាស៊ីនប្រតិករ​ គួរ​ឱ្យ​ទុកចិត្ត​បំផុត​​យ៉ាង​ណា​ក៏​ដោយ​ ក៏​កំហុសមនុស្ស នៅ​តែ​ជា​ហានិភ័យ​ដ៏ខ្ពស់​។ បើ​តាម​សហភាព​អ្នក​វិទ្យាសាស្ត្រ នៅ​ឆ្នាំ​២០១៥​នេះ អាមេរិក​វិះ​តែ​មាន​គ្រោះ​ថ្នាក់​នុយក្លេអ៊ែរ បង្ក​ឡើង​ដោយ​កំហុស​មនុស្ស​ ដល់​ទៅ​១០​ដង។
 

ម៉ាស៊ីនប្រតិករ​ទី​បួន នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ឈែរណុប៊ីល
ម៉ាស៊ីនប្រតិករ​ទី​បួន នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ឈែរណុប៊ីល GETTY

ចំណាស់​របស់​ម៉ាស៊ីន​ប្រតិករ​ក៏​អាច​ជា​បុព្វហេតុ​មួយ ! នេះ​បើ​តាម​អង្គការ​ការ​ពារ​បរិស្ថាន​ Greenpeace។ វ័យ​ចាស់ ខ្លះ​សាង​សង់​តាំង​ពី​ឆ្នាំ​៦០ ឬ​៧០ ដោយ​មិន​បាន​គិត​ដល់​បញ្ហា​សុវត្ថិភាព​គំរាម​កំហែង​ដោយ​កត្តា​ខាង​ក្រៅ ពោល​គឺ​ការ​គំរាម​កំហែង​ភេវកម្ម​ឡើយ។ តាំង​ពី​ជា​ច្រើន​ខែ​មក​ហើយ ដែល​អឺរ៉ុប​ព្រួយ​បារម្ភ​ខ្លាំង​ខា្លច​រង​វាយប្រហារ​ភេរវកម្ម​ប៉ះពាល់​ដល់​នុយក្លេអ៊ែរ។ ថ្វីបើ​អឺរ៉ុប​មាន​បទ​ដ្ឋាន​សុវត្ថិភាព​ត្រឹម​ត្រូវ តែ​កត្តាមនុស្ស​ គឺ​មិន​អាច​ទាយ​ទុក​បាន​ឡើយ។

ទីផ្សារនុយក្លេអ៊ែរ​

ក្នុង​ពេល​ដែល​ពិភពលោក ប្រឹង​ពង្រឹង​សុវត្ថិភាព​ ការ​ប្រកួត​ប្រជែងទីផ្សារ​​​នុយក្លេអ៊ែរ​ក៏​ស្ទុះ​ឡើង​ទន្ទឹម​គ្នាដែរ ! បច្ចុប្បន្ន​នេះ មាន​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​ជិត​៤០០​កំពុង​ដំណើរ​ការ នៅ​ក្នុង​ប្រទេស​ចំនួន ៣១។ ៦៥​កំពុង​សាង​សង់ ក្នុង​នោះ​ជាង​មួយ​ភាគបី​នៅ​ប្រទេស​ចិន និង​ក្នុង​គម្រោង​ ១៧៣​រោងចក្រ​នុយក្លេអ៊ែរ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០៣០ នៅ​ក្នុង​ប្រទេស​ដែល​មិន​ធ្លាប់​មាន​នុយក្លេអ៊ែរ។

កំណើន​សេដ្ឋកិច្ច តម្រូវការកើន​ឡើង​ឥត​ឈប់​​ផ្នែក​ថាមពល បាន​រុញ​ច្រាន​​​ប្រទេស​កំពុង​លូតលាស់​ ​​ចាប់​អារម្មណ៍​នឹង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ដែល​ផ្តល់​បរិមាណ​អគ្គីសនី​បាន​ច្រើន បើ​ទោះ​បី​ជា​ដឹង​ថា​បច្ចេកវិទ្យា​នេះ​ត្រូវ​ការ​ចំណាយ​ថវិកាវិនិយោគ​​ច្រើន​។ ពេលនេះ​គ្រប់​គ្នា​កំពុងសំលឹង​មើល​ចិន ដែល​នឹង​មាន​ម៉ាស៊ីនប្រតិករ​ជំនាន់​ថ្មី ធានា​បាន​សុវត្ថិភាព​សក្តិសម​នឹង​តម្លៃ​ប៉ុណ្ណា …

ក្រោយគ្រោះថ្នាក់​នៅ​ហ្វូគូស្ហ៊ីម៉ា បារាំង​ជើងឯក​ផ្នែក​ថាមពលអគ្គិសនី​ដើរ​ដោយ​នុយក្លេអ៊ែរ ក៏​បាន​សន្យា​កាត់​បន្ថយ​នុយក្លេអ៊ែរ​ជា​បណ្តើរៗ​ ឱ្យ​បាន​ពី​៥០ទៅ​៧០%។ អាមេរិក​ បាន​បិទ​មជ្ឈមណ្ឌល​មួយ​ចំនួន​ តាំង​ពី​ឆ្នាំ​២០១០ ដោយប្រឈម​នឹង​ភាព​សម្បូរ​ហូរហៀ​នៃ​ឧស្ម័ន​Schiste ការ​ដាក់​បង្ខំ​ដោយ​គោរព​បទ​ដ្ឋាន​សុវត្ថិភាព​ក្រោយហ្វូគូស្ហ៊ីម៉ាដែលមាន​តម្លៃ​ខ្ពស់។
 

គេ​ទំនង​ជា​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​​២០២២ ឆ្នាំ​ដែល​​អាល្លឺម៉ង់​បាន​សម្រេច​ចិត្ត​បោះបង់​នុយក្លេអ៊ែរ​នៅ​ឆ្នាំ​២០២២ ទាំង​ស្រុង​ ជា​គំរូ​មុន​សិន ទើប​អាច​និយាយ​អំពី​ទីផ្សារ​​រំសាយប្រតិករ​នុយក្លេអ៊ែរ​បាន​ដោយ​ពិតៗ។ សម្រាប់​ពេលនេះ បើ​តាម​សមាគមន៍​នុយក្លេអ៊ែរ​ពិភពលោក មាន​ម៉ាស៊ីន​ប្រតិករ​ប្រមាណ​២៥០ នឹង​​ពន្យារ​អាយុកាល​ធ្វើ​អាជីវកម្ម​ ១៥០​នឹង​បិទ​នៅ​៤០​ឆ្នាំ​ខាង​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ