អានតួអត្ថបទ
អ៊ុយក្រែន

ករណី​ផ្ទុះ​ឆេះ​ស្ថានីយ​អគ្គិសនី​បរមាណូ Tchernobyl កាល​ពី ២៥​ឆ្នាំ​មុន

ពេល​ដែល​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​ទី៤ របស់​ស្ថានីយ​អគ្គិសនី​បរមាណូ​នៅ​អតីត​សាធារណរដ្ឋ​សូវៀត Ukraine បាន​ផ្ទុះឆេះ​ ក្នុង​យប់​ថ្ងៃ២៥​ឆ្លងមក២៦មេសា​ឆ្នាំ១៩៨៦ មាន​អ្នកលត់ភ្លើង​២៤០នាក់​ដំបូង បាន​អន្តរាគម​ទៅ​បង្ក្រាប​ភ្លើង​នោះ។ ​លុះក្នុងឆ្នាំ​បន្ទាប់ៗ​មក ចំនួន​អ្នកដែល​ចូលរួម​ពុះពារ​ជំនះ​លើ​ផលវិបាក នៃ​ធាតុ​វិទ្យុសកម្ម​បន្សល់ទុក ដោយ​ការ​ផ្ទុះឆេះ​នេះ ឡើង​ដល់​ជាង ៦០០.០០០នាក់​ឯណោះ។

អ្នកពន្លត់ភ្លើង និង​បូមទឹក​ចាក់​ម៉ាស៊ីន​ប្រតិករ​នៅ ជប៉ុន​ត្រូវ​បាន​គេ​ដាក់ឈ្មោះ​ថា ជា​អ្នកបូជា​ជីវិត​ដើម្បី ជាតិ ព្រោះពួកគេ​ធ្វើការ​នៅ​កន្លែង​ដែល​ធាតុវិទ្យុសកម្ម​មាន​កម្រិត​ខ្ពស់​ និង​គ្រោះថ្នាក់​ដល់​ជីវិត
អ្នកពន្លត់ភ្លើង និង​បូមទឹក​ចាក់​ម៉ាស៊ីន​ប្រតិករ​នៅ ជប៉ុន​ត្រូវ​បាន​គេ​ដាក់ឈ្មោះ​ថា ជា​អ្នកបូជា​ជីវិត​ដើម្បី ជាតិ ព្រោះពួកគេ​ធ្វើការ​នៅ​កន្លែង​ដែល​ធាតុវិទ្យុសកម្ម​មាន​កម្រិត​ខ្ពស់​ និង​គ្រោះថ្នាក់​ដល់​ជីវិត ©Reuters
ផ្សាយពាណិជ្ជកម្ម

02:28

សេចក្តីរាយការណ៍​របស់ កែវ ឆាយា ពីម៉ូស្គូ

មូលហេតុ​នៃ​ការ​ផ្ទុះឆេះ​នោះ គឺ​បណ្តាល​មកពី​ប្រព័ន្ធ​បូមទឹក​ សម្រាប់​ធ្វើឲ្យ​ត្រជាក់​ដល់​ម៉ាស៊ីន​ប្រតិករ ខូច​លែង​ដើរ ដូចករណី​ក្នុង​ស្ថានីយ​អគ្គិសនី​បរមាណូ​នៅ​ជប៉ុន ឥឡូវនេះ​អ៊ីចឹង។

ពេលផ្ទុះកាលណោះ វា​បាន​ច្រាន​គម្រប​ទម្ងន់​ដល់ ៣.០០០តោន ឲ្យ​ប៉ើងខ្ទាត​ទៅក្នុង​អាកាស កំពស់​ដល់​រាប់សិប​ម៉ែត្រ។ ធាតុធ្យូង Graphite នៃ​ម៉ាស៊ីន​ប្រតិករ​នោះ​ឆេះ​ទ្រលោម បង្កើត​ជា​ភ្នក់អគ្គិភ័យ ចំនួន​៣០កន្លែង នៅតាម​ bloc réacteur ៣ទៀត។ អ្នកលត់ភ្លើង ២៤០នាក់​ដំបូង ដោយ​ចំណាយពេល​អស់៤ម៉ោង ក៏​បាន​បង្ក្រាប​ភ្លើង​នោះ​ឲ្យ​រលត់​ទៅវិញ ប៉ុន្តែ ដោយ​តម្លៃ​នៃ​សុខភាព និង​ជីវិត​គេ ​ដ្បិត​ពេល​លត់​នោះ គេ​បាន​ត្រូវ​ផ្ចាញ់​ដោយ​មិនដឹងខ្លួន ទៅដោយ​​ធាតុ​វិទ្យុសកម្ម​មើល​មិនឃើញ ដក់ជាប់​ក្នុង​អាកាស។

ពេលផ្ទុះនោះ ​បាន​ធ្លាក់ខ្លួន​ស្លាប់​ភ្លាមភ្លែត​នៅនឹង​កន្លែង គឺ​បុគ្គលិក​២នាក់ ដែល​បាន​រង​ចំហាយ​ផ្ទុះ​ធ្ងន់​ជាងគេ។ រីឯ​បុគ្គលិក​១៣៤នាក់​ទៀត ដែល​ពេលផ្ទុះ​បាន​ស្ថិតនៅ​ក្នុង​ស្ថានីយ​ដែរ គេ​សុទ្ធតែ​ផ្ចាញ់​ដោយ​ធាតុ​វិទ្យុសកម្ម ក្នុង​កម្រិត​ខុសៗ​គ្នា ពីក្នុងនោះ ៣ខែ​ក្រោយមក បាន​ធ្លាក់ខ្លួន​ស្លាប់​អស់ ៣១នាក់។ ​បណ្តាជន ១១៥.០០០នាក់ បាន​ត្រូវ​ជម្លៀស​ចេញ​ពី​តំបន់​ក្នុង​រង្វង់ ៣០គ.ម. នៅជុំវិញ​កន្លែង​ផ្ទុះ។

ធាតុ Uranium បរិមាណ ១៨៦តោន ដែល​ធ្លាយ​ចេញ​ពី​ម៉ាស៊ីន​ប្រតិករ​ផ្ទុះ​នោះ បន្សល់​ជា​ធាតុ​វិទ្យុសកម្ម រសាត់​តាម​ខ្យល់​ទៅ​គ្របដណ្តប់​លើ​ដែនដី​អ៊ុយក្រែន បេឡារុស រុស្ស៊ី និង​ប្រទេស​រាប់សិប​ផ្សេងទៀត​នៃ​ទ្វីបអឺរ៉ុប។ ក្នុង២៥ឆ្នាំ​កន្លងទៅ តាម​តួលេខ​ប្លែកៗ ​បាន​ធ្លាក់ខ្លួន​រងគ្រោះ​និង​ស្លាប់ ដោយ​ធាតុ​វិទ្យុសកម្ម​នេះ គឺ​មនុស្ស​រាប់ម៉ឺន​នាក់​ទៅហើយ។

សោកនាដកម្ម​នៅ Tchernobyl ជា​សោកនាដកម្ម​ធំ​បំផុត ក្នុង​ប្រវត្តិ​នៃ​ការ​ប្រើ​ធាតុ​នុយក្លេអ៊ែរ សម្រាប់​គោលដៅ​ស៊ីវិល។ ដើម្បី​ពុះពារ​ជំនះ​លើ​ផលវិបាក​របស់​វា សរុបទៅ មាន​​មនុស្ស​ដល់​ជាង ៦សែននាក់​ឯណោះ បាន​រួមចំណែក។

ស្ថានីយ​អគ្គិសនី​បរមាណូ Tchernobyl មុន​សោកនាដកម្ម​នោះ ផ្តល់​អគ្គិសនី បាន​១/១០ នៃ​ថាមពល​អគ្គិសនី​នៅ​ទូទាំង​ប្រទេសអ៊ុយក្រែន។ វា​មាន​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​៤ នីមួយៗ​មាន​កម្លាំង​ភ្លើង ១.០០០ Megawatt។ បច្ចុប្បន្ន ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ ដែល​បាន​ផ្ទុះ​ខូច​នោះ គឺ​គ្របដណ្តប់​ពីលើ ដោយ​ផ្នូរ​កំពស់ ១០០ម៉ែត្រ ធ្វើ​ពី​បេតុង​ជាង ៤០០.០០០មនិង​ចម្រឹង​ដែក ៧.០០០ តោន ដើម្បី​ការពារ​ទល់នឹង​ការ​ភាយចេញ​មក នៃ​ធាតុ​វិទ្យុសកម្ម ដែល​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ