អានតួអត្ថបទ
បារាំង

និទណ្ឌភាព​នៅ​តែ​មាន​សម្រាប់​អ្នក​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​លើ​អ្នកកាសែត

នៅថ្ងៃ​ព្រហស្បតិ៍​ទី ២ វិច្ឆិកា ពិភពលោក ប្រារព្ធ​ខួប​៤ឆ្នាំ នៃ​ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​ទៅ​លើ​អ្នកកាសែត។ ទិវា​នេះ​ត្រូវ​បាន​ប្រកាស​បង្កើតឡើង​ដោយ​អង្គការ​សហប្រជាជាតិ ដើម្បី​រំលឹក​ដល់Ghislaine Dupont និង​Claude Verlon អ្នកកាសែត​បារាំង​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI ដែល​ត្រូវ​បាន​ភេរវជន​ធ្វើឃាត នៅ​ក្រុង គីដាល់ ប្រទេស​ម៉ាលី កាលពី​ឆ្នាំ ២០១៣។

អ្នកយកការណ៍​របស់​វិទ្យុបារាំង​អន្តរជាតិ​ដែល​ត្រូវ​គេ​ចាប់ជំរិត និង​សម្លាប់​នៅប្រទេស​ម៉ាលី នៅ​ថ្ងៃទី ២​វិច្ឆិកា ២០១៣
អ្នកយកការណ៍​របស់​វិទ្យុបារាំង​អន្តរជាតិ​ដែល​ត្រូវ​គេ​ចាប់ជំរិត និង​សម្លាប់​នៅប្រទេស​ម៉ាលី នៅ​ថ្ងៃទី ២​វិច្ឆិកា ២០១៣ ©
ផ្សាយពាណិជ្ជកម្ម

ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នកកាសែត មាន​អាយុ ៤​ឆ្នាំ។ ៤ឆ្នាំ​ហើយ​ដែល អ្នកកាសែត បារាំង​របស់​វិទ្យុបារាំង​អន្តរជាតិ​បាន​ស្លាប់​បាត់បង់​ជីវិត ដោយ​អយុត្តិធម៌ ព្រោះថា ឃាតករ នៅតែ​មិនទាន់​ត្រូវ​បាន​គេ​ស្គាល់​មុខ និង​ចាប់ខ្លួន​បាន​នៅ​ឡើយ។

នៅក្នុង​ករណី​ឃាតកម្ម​ទៅលើ​អ្នកកាសែត ស្រ្តី Ghislaine Dupont និង​អ្នកបច្ចេកទេស​Claude Verlon ការស៊ើបអង្កេត​បាន​ជំហាន​ទៅមុខ​យ៉ាងយឺត ដូច​ដំណើរ​របស់​សត្វ​ខ្យង និង​បាន​ផ្តល់​លទ្ធផល​តិចតួច​បំផុត។ អត្តសញ្ញាណ និង​មូលហេតុ​ដែល​ធ្វើ​ឲ្យឃាតករ​ចាប់ជំរិត និង​សម្លាប់​យ៉ាង​ទាន់ហន់ អ្នកយកការណ៍​ទាំង​ពីររូប​របស់​វិទ្យុបារាំង RFI នៅ​តែ​អាថ៌កំបាំង។ នៅ​ខែ​ដើម​ឆ្នាំ​២០១៧ ចៅក្រម​ស៊ើបអង្កេត​បារាំង​បាន​ទាត់ចោល​សម្មតិកម្ម ដែល​ថា ឃាតកម្ម​ទៅលើ​អ្នកកាសែត​មាន​ជាប់ពាក់ព័ន្ធ​បណ្តាញ​ភេរវជន​អាល់កៃដា នៅ​តំបន់​អារ៉ាប់ ដែល​មាន​គំនុំសងសឹក​នឹង​រដ្ឋាភិបាល​បារាំង។

រដ្ឋមន្រ្តីការពារ​ជាតិ​បារាំង លោក​ហ្សង់អ៊ីវ លឺ ឌ្រីយ៉ង់ ធ្លាប់​បាន​ពន្លយ​ឲ្យ​ដឹង​ពីការក្បត់ បញ្ឆោត​អ្នកកាសែត​យក​ទៅ​សម្លាប់ ប៉ុន្តែ លោក​នៅ​តែ​មិន​បាន​បញ្ជាក់​លម្អិត​ពី​​មូលហេតុ​ដដែល។ ការស៊ើបអង្កេត​ស្វែងរក​មុខ​ឃាតករ​សម្លាប់ Ghislaine Dupont និង​Claude Verlon នឹង​មិនអាច​បោះជំហាន​ទៅមុខ​បាន​លឿន ដោយសារ​តែគេ​មិនអាច​ធ្វើការអង្កេត​ទៅបាន នៅ​កន្លែង​កើតហេតុ នៅទីក្រុង​គីដាល់ ដែល​នៅ​តែ​មាន​អសន្តិសុខ និង​ធ្លាប់​កាន់កាប់ យូរខែ ឆ្នាំ ដោយក្រុមប្រដាប់​អាវុធ នៅ​ប្រទេស​ម៉ាលី។

អ្នកឃាតករ​សម្លាប់​អ្នកកាសែត​បារាំង​ទាំង​ពីរ​រូប នៅ​តែ​មាន​សេរីភាព។ តាម​ការរាប់ឃើញ​របស់​អង្គការ​យូណេស្កូ ដែល​បាន​ទទួល​របាយការណ៍​ពី​ប្រទេស​សមាជិក នៅ​ឆ្នាំ ២០១៧ ៩០ភាគរយ​នៃ​ឃាតកម្ម​ទៅ​លើ​អ្នកកាសែត នៅ​តែ​បាន​ប្រយោជន៍​ពី​និទណ្ឌភាព។ មាន​តែ ៨ភាគរយ​ប៉ុណ្ណោះ នៃ​ឃាតកម្ម​ទៅលើ​អ្នកកាសែត ដែល​ឃាតករ ជនដៃដល់​ត្រូវ​បាន​ផ្តន្ទាទោស​នៅ​តុលាការ។

ក្នុង​រវាង ១០​ឆ្នាំ (២០០៦-២០១៦) អង្គការ​យូណេស្កូ​បាន​ថ្កោលទោស​ករណី​សម្លាប់​អ្នកកាសែត ចំនួន ៩៣០នាក់ នៅក្នុង​ពិភពលោក។ នៅ​ក្នុងចំណោមនោះ ១០២​នាក់​ត្រូវ​បាន​គេ​ធ្វើ​ឃាត នៅ​ឆ្នាំ ២០១៦។ អ្វី​ដែល​គេ​ព្រួយបារម្ភ គឺ​ថា ភាគច្រើន (៩០ភាគរយ) នៃ​អ្នកកាសែត ស្លាប់​នៅ​ឆ្នាំ ២០១៦ ត្រូវ​បាន​គេ​សម្លាប់ នៅពេល​កំពុង​យក​ព័ត៌មាន​ក្នុង​ស្រុក ហើយ​ពាក់​កណ្តាល​នៃ​ឃាតកម្ម​ទៅលើ​អ្នកកាសែត បាន​កើត​ឡើង នៅ​ក្នុង​ប្រទេស ដែល​តាមពិត គ្មាន​ជួប​សង្រ្គាម ស៊ីវិល ឬ​ជម្លោះ​ប្រដាប់​អាវុធ ក្នុង​ស្រុក​ទាល់​តែ​សោះ។

គ្មាន​ការ​ផ្តន្ទទោស​ ទៅលើ​ឃាតករ សម្លាប់​អ្នកកាសែត គឺ​ដូចជា​ជំរុញ​លើកទឹកចិត្ត​ឲ្យឃាតករ នៅ​បន្ត​ធ្វើ​តទៅទៀត។ នៅ​ក្នុង​ប្រទេស​ជាច្រើន គេ​អាច​សម្លាប់​អ្នកកាសែត​ ដោយ​ងាយ ព្រោះ​គ្មាន​ផលវិបាក​អ្វី នៅ​តាមពីក្រោយ។ ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នកកាសែត មាន​អាយុ​៤​ឆ្នាំ​មក​ហើយ ប៉ុន្តែ ជីវិត​របស់​អ្នកកាសែត នៅតែ​ត្រូវ​យាយី គ្មាន​ការគោរព ការពារ ឲ្យ​បាន​ជាក់លាក់។ ទោះជា​មាន​ទុទិដ្ឋិនិយម ប៉ុន្តែ គេ​នៅ​តែ​មាន​ពន្លឺ និង​ក្តីសង្ឃឹម​តិចតួច។ យ៉ាងហោចណាស់ ការបង្កើត​ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​និទណ្ឌភាព​ក៏​ជា​ការចាំ​បាច់ ដើម្បី​រំលឹក និង​ឲ្យ​គេ​ហ៊ានស្រែក​រិះគន់​ថា និទណ្ឌភាព (ភាពគ្មានទោសពៃ) នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នកកាសែត គឺ​ជារឿង​មួយ​ដែល​គេ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ