អានតួអត្ថបទ
ស៊ុយអែត-ណូបែល

រង្វាន់ណូបែល​គីមីវិទ្យា​ឆ្នាំ ២០១៨ បាន​ធ្លាក់​លើ​ស្នាដៃ​នៃ​ការផលិត​អង់ស៊ីម និង​អង់ទីករ

សម្រាប់​រង្វាន់ណូបែល​គីមីវិទ្យា​ឆ្នាំ ២០១៨ គណៈកម្មការ​ណូបែល​នៅ​ក្នុង​ប្រទេស​ស៊ុយអែត​បាន​សម្រេច​ប្រគល់​ទៅ​ឲ្យ​អ្នកស្រាវជ្រាវ​ចំនួន ៣នាក់ ក្នុង​នោះ​មាន​ជនជាតិ​អាមេរិក ២នាក់ គឺ​លោកស្រី Frances H. Arnold លោក George P. Smith និង​ជនជាតិ​អង់គ្លេស​ម្នាក់ គឺ​លោក Gregory P. Winter។ ស្នាដែ​នៃ​ការ​ស្រាវជ្រាវ​របស់​អ្នក​ទាំង ៣ បាន​ផ្តោត​លើ​ផលិតកម្ម​អង់ស៊ីម និង​អង់ទីករ។

ជ័យលាភីរង្វាន់ណូបែលគីមីវិទ្យា​ទាំង ៣រូប​សម្រាប់ ឆ្នាំ ២០១៨
ជ័យលាភីរង្វាន់ណូបែលគីមីវិទ្យា​ទាំង ៣រូប​សម្រាប់ ឆ្នាំ ២០១៨ Nobel Media AB 2018
ផ្សាយពាណិជ្ជកម្ម

ក៏​ដូច​ជា​រង្វាន់ណូបែល​រូបវិទ្យា​ដែរ រង្វាន់ណូបែល​គីមីវិទ្យា​សម្រាប់​ឆ្នាំ ២០១៨ ត្រូវ​បាន​ចែក​គ្នា​រវាង​អ្នកស្រាវជ្រាវ​ចំនួន ៣នាក់។ តែ​ជ័យលាភី​រង្វាន់ណូបែល​គីមីវិទ្យា​ទាំង ៣រូប​បាន​យក​ទ្រឹស្តី​នៃ​ការ​វិវត្ត​របស់​លោក Charles Darwin ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ការងារ​ស្រាវជ្រាវ​របស់​ខ្លួន។ ការងារ​ស្រាវជ្រាវ​នោះ គឺ​ការ​កែប្រែ​លក្ខណៈសម្បត្តិ​របស់​ប្រូតេអ៊ីន​សម្រាប់​បម្រើ​នៅ​ក្នុង​វិស័យ​ព្យាបាល ឬ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម។ តាម​រយៈ​ការងារ​ស្រាវជ្រាវ​មួយ​នេះ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ផលិត​ចេញ​នូវ​វត្ថុធាតុដើម​ថ្មីៗ ឬ​ជីវឥន្ធនៈស្អាត។

ស្នាដៃ​ស្រាវជ្រាវ​របស់​លោកស្រី Frances H. Arnold ជនជាតិ​អាមេរិក​ដែល​មាន​អាយុ ៦២ឆ្នាំ គឺ​ការ​បង្កើត​បាន​អង់ស៊ីម​ដែល​ជា​សារធាតុ​ជួយ​បង្កើន​ល្បឿន​ប្រតិកម្ម​គីមី ហើយ​សារធាតុគីមី​ទាំង​នេះ​ជា​ប្រភពដើម​នៃ​ការ​បង្កើត​ឱសថថ្មី និង​ប្រេងឥន្ធនៈបៃតង​ដែល​មាន​ការ​បំពុល​តិចតួច។ ចំណែក​ស្នាដៃ​របស់​លោក George P. Smith ជនជាតិ​អាមេរិក និង​លោក Gregory P. Winter ជនជាតិ​អង់គ្លេស​ដែល​មាន​អាយុ ៦៧ឆ្នាំ​ដូច​គ្នា គឺ​ការ​បង្កើត​មេរោគ​ម្យ៉ាង​ដែល​ឆ្លង​ទៅ​បាក់តេរី និង​ញុះញង់​បាក់តេរី​ទាំង​នេះ​ឲ្យ​ចាប់កំណើត​ដោយ​ខ្លួន​ឯង​កាន់​តែ​ច្រើន។

គោលដៅ គឺ​បង្កើត​ពូជមេរោគ​ដែល​អាច​វាយប្រហារ​កំចាត់​មេរោគខ្លាំងៗ​នៃ​ជម្ងឺ​មួយ​ចំនួន និង​ការ​ព្យាបាល​លើ​ជម្ងឺសួត ឬ​ទាក់ទង​នឹង​ការ​រលាកខ្លាំង។ គេ​អាច​និយាយ​ឲ្យ​ងាយ​យល់​ថា គឺ​ការ​បង្កើត​ពូជមេរោគ​ដើម្បី​សម្លាប់​មេរោគ ពិសេស​មេរោគ​ខ្លាំងៗ​មួយ​ចំនួន​ដែល​ធុន​នឹង​ថ្នាំផ្សះ ឬ​និយាយ​ឲ្យ​ខ្លី​ថា មេរោគ​ដែល​ការ​ប្រើ​ថ្នាំផ្សះ​លែង​មាន​ប្រសិទ្ធភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ