អានតួអត្ថបទ
អាកាសចរណ៍

ពីព័រណ៍​យន្តហោះ​នៅ​ប៉ារីស​ផ្តោតលើ​បញ្ហា​បរិស្ថាន

ពិព័រណ៍​យន្តហោះ​អន្តរជាតិ​នៅ​ក្រុង​ប៉ារីស ដែល​គេតែងតែ​រៀបចំធ្វើ​រៀងរាល់​ពីរឆ្នាំ​ម្តង បាន​ចាប់ផ្តើម​បើក​ទ្វារ នៅថ្ងៃ​ចន្ទ​នេះ សម្រាប់​រយៈពេល​មួយសប្តាហ៍។ ពិព័រណ៍​ដែល​​គេ​ចង់​ផ្តោត​ទៅលើ​បញ្ហា​បរិស្ថាន ក៏ប៉ុន្តែ គ្រប់ដណ្តប់​ទៅដោយ​ការ​ប្រកួតប្រជែងគ្នា រវាង​ក្រុមហ៊ុន​ផលិតយន្តហោះ​គ្រាក់ៗ​ទាំងពីរ គឺ​ Boeing និង Airbus។

យន្តហោះធុន A350 ដែល​ក្រុមហ៊ុន Airbus ចង់​យក​មក​ប្រកួតប្រជែង​ជាមួយ​នឹង​យន្តហោះធុន 787 Dreamliner របស់​ប៊ូអ៊ីង។
យន្តហោះធុន A350 ដែល​ក្រុមហ៊ុន Airbus ចង់​យក​មក​ប្រកួតប្រជែង​ជាមួយ​នឹង​យន្តហោះធុន 787 Dreamliner របស់​ប៊ូអ៊ីង។ REUTERS/Jean-Philippe Arles
ផ្សាយពាណិជ្ជកម្ម

ពិព័រណ៍​យន្តហោះ​អន្តរជាតិ​ក្រុង​ប៉ារីស​​តែងតែ​ត្រូវបាន​គេ​រៀបចំ​​​ធ្វើ​នៅ​រៀងរាល់​ពីរឆ្នាំ​ម្តង ដោយ​ឆ្លាស់គ្នា​ជាមួយ​នឹង​ពិព័រណ៍​យន្តហោះ​នៅ​អង់គ្លេស។ សម្រាប់​ឆ្នាំនេះ ដែល​បារាំង​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អ.ស.ប​ស្តីពី​អាកាសធាតុ ពិព័រណ៍​យន្តហោះ​ក្រុងប៉ារីស​ត្រូវ​បាន​គេ​ផ្តោត​ជាពិសេស​ទៅលើ​បញ្ហា​បរិស្ថាន ពីព្រោះ​ថា វិស័យដឹកជញ្ជូន​តាមផ្លូវ​អាកាស គឺ​ជា​ដើមហេតុ​ដ៏​ចម្បងមួយ នៃ​ការ​បញ្ចេញ​ឧស្ម័ន​ដែល​នាំ​ឲ្យឡើងកម្តៅ​ផែនដី។

នៅ​ពេញ​ក្នុង​អំឡុង​ពិព័រយន្តហោះ​មួយសប្តាហ៍នេះ ការ​​តាំងពិព័រណ៍​មួយ​​ក្រោមប្រធាន​បទ “ជើងមេឃថ្មីៗ” នឹង​ត្រូវ​គេ​រៀបចំ​ធ្វើឡើង​ ហើយ​នៅថ្ងៃ​ព្រហស្បតិ៍​ តួអង្គសំខាន់ៗ​ក្នុង​វិស័យ​ឧស្សាហកម្ម​អាកាសចរណ៍​ស៊ីវិល​នឹង​ជួប​ប្រជុំគ្នា ដើម្បី​ជជែក​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ឧស្សាហកម្ម​អាកាសចរណ៍​ស៊ីវិល ក្នុងការ​ចូលរួម​វិភាគទាន​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។ ទាក់ទង​នឹង​បញ្ហា​បរិស្ថាន​នេះ ប្រធានបទ​ដែល​កំពុងតែ​ពេញនិយម​ជាងគេ គឺ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ ដើម្បី​ផលិត​យន្តហោះ​ដែល​ស៊ី​ប្រេងតិច ឬ​​បច្ចេកវិទ្យា​ផលិត​យន្តហោះ​ដើរ​ដោយ​ថាមពល​អគ្គិសនី។

ក្រៅពី​បញ្ហា​បរិស្ថាន ពិព័រណ៍​យន្តហោះ​នៅ​ឆ្នាំ​នេះ​ក៏​ចៀសមិនផុត​ដែរ ពី​​រឿង​ប្រកួតប្រជែងគ្នា រវាង​ក្រុមហ៊ុន​ផលិតយន្តហោះ​ធំៗ​ទាំងពីរ គឺ​ក្រុមហ៊ុន Boeing របស់​អាមេរិក និង​ក្រុមហ៊ុន Airbus របស់​អឺរ៉ុប ដែល​តែងតែ​កើតមានឡើង​គ្មាន​ខាន នៅរៀងរាល់​ពេល​មាន​ពិព័រណ៍​យន្តហោះ​ម្តងៗ។

ជានិមិត្តរូប​នៃ​ការ​ប្រជែង​គ្នា​នេះ លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង​ បាន​​ទៅ​បើក​ពិព័រណ៍ ដោយ​​ធ្វើ​ដំណើរ​តាម​​យន្តហោះ​ថ្មីស្រឡាងបំផុតមួយ​របស់​ក្រុមហ៊ុន Airbus គឺ យន្តហោះ​ធុន A350 ហើយ​ភ្លាមៗ​ក្រោយ​ពី​ពិព័រណ៍​បាន​បើក​ទ្វារ​ជាផ្លូវការ ក្រុមហ៊ុន Airbus បាន​ប្រកាស​ឲ្យដឹង​​​ថា គ្រាន់តែ​នៅថ្ងៃ​ចន្ទ​នេះ ដែល​ជា​ថ្ងៃ​ទីមួយ​ ខ្លួន​បាន​ចុះ​កិច្ចសន្យា​លក់​យន្តហោះ​ជាច្រើន​គ្រឿង ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ជាង ១៤ពាន់​លាន​ដុល្លារ។ ចំណែក​ឯ​ក្រុមហ៊ុន​ Boeing វិញ ក៏​បាន​ប្រកាស​ថា​បាន​ចុះ​កិច្ចសន្យា​លក់​យន្តហោះ​ក្នុងទឹកប្រាក់​ជិត ៥ពាន់​លាន​ដុល្លារ​ផងដែរ។

គិតមកទល់​នឹង​ពេលនេះ អតិថិជន​ធំៗ​ គឺ​ក្រុមហ៊ុន​អាកាសចរណ៍​មក​ពី​​ប្រទេស​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា រួមមាន​ដូចជា កាតារ និង​អារ៉ាប៊ីសាអ៊ូឌីត​ ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ