អានតួអត្ថបទ
ជប៉ុន

ជប៉ុន បន្ធូរ​បំរាមការ​នាំ​ចេញ​ទំនិញ​ទៅ​កូរ៉េ​ខាង​ត្បូង

រដ្ឋាភិបាល​ជប៉ុន​នឹង​អនុញ្ញាត​ការនាំ​ចេញ​ទំនិញ​ «មួយ​ចំនួន​» ទៅ​កាន់​កូរ៉េ​ខាង​ត្បូង​។ នេះជា​ខ្លឹម​សារ​ក្នុង​សេចក្តី​ប្រកាស ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ​ទី៨សីហា  របស់​រដ្ឋមន្ត្រីជប៉ុន លោក Hiroshigo Seko​ ទទួល​បន្ទុក​​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម។​ ការ​បញ្ជាក់ដូច្នេះ​ គឺជាការបើក​ភ្លើង​ខៀវលើក​ទីមួយ​​របស់​ជប៉ុន បន្ទាប់ពី​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទាំង​ពីរ ជួប​ភាព​តានតឹង​ជាមួយ​គ្នាយ៉ាង​ខ្លាំង​ អស់​ជាង​មួយ​ខែ​រួច​មក។

រដ្ឋមន្ត្រីជប៉ុន លោក Hiroshigo Seko ទទួលបន្ទុកក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម
រដ្ឋមន្ត្រីជប៉ុន លោក Hiroshigo Seko ទទួលបន្ទុកក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម @Reuters
ផ្សាយពាណិជ្ជកម្ម

ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​ គឺជា​សម្ព័ន្ធ​ជិត​ស្និត​នឹង​អាមេរិកនៅក្នុង​អាស៊ី តែ​​រដ្ឋទាំងពីរ​សង្គ្រឺត​ធ្មេញ​ដាក់គ្នា ជាច្រើន​ទសវត្សរ៍​ណាស់​មកហើយ ដោយសារតែដំបៅ​ចាស់​នៃ​​ជម្លោះ​ប្រវត្តិសាស្ត្រ និង​ការ​ទាមទារ​​ដែន​កោះ​ពីគ្នា​ទៅវិញទៅមក​។ ​ប៉ុន្មាន​សប្តាហ៍ ​ចុងក្រោយ​នេះ ប្រទេស​ទាំងពីរ​មើល​មុខ​គ្នា​មិន​ចំ បង្ក​ជា​វិបត្តិពាណិជ្ជកម្ម ​ និងការទូត ​ រួម​ទាំង​ផ្នែក​វប្បធម៌​ផង​។ ជប៉ុន​និងកូរ៉េខាងត្បូង បាន​ដាក់​បំរាម​ហាម​ប្រាម​មិនឱ្យ​នាំចេញ​ឬនាំចូល​ទំនិញផលិត​ផល​​និង​បច្ចេកវិជ្ជា រវាង​រដ្ឋទាំងពីរ​​ ហើយ​ពលរដ្ឋ​ជប៉ុន បានរួម​សាមគ្គី​ជាមួយ​រដ្ឋាភិបាល ធ្វើ​ពហិការ​មិនព្រម​​ប្រើ​ទំនិញ​របស់​កូរ៉េខាងត្បូង។ ចំណែក​ពលរដ្ឋ​កូរ៉េខាងត្បូងវិញ​ ក៏​ឈប់​ប្រើ​ប្រាស់​ទំនិញជប៉ុន មិន​ទទួល​ទាន​ចំណីអាហារជប៉ុន​ រហូត​ដល់ប្តេជ្ញា​​ឈប់​ផឹក​​ស្រា​ជប៉ុន ទៀតផង។

កម្តៅនៃទំនាក់ទំនង​ទូត​ ​បាន​កើន​ក្តៅ​ដល់​​ទីបំផុត រដ្ឋាភិបាល​ជប៉ុន​ បាន​សម្រេច​ប្រកាស​ដកប្រទេស​កូរ៉េខាង​ត្បូង​ចេញពី​បញ្ជី​នៃ​ដៃគូពាណិជ្ជកម្ម​ទ្វេភាគី ហើយដែល​សេចក្តី​សម្រេច​នេះ នឹង​ត្រូវចូល​ជាធរមាន​ នៅថ្ងៃទី​២៨សីហា​ខាងមុខ​នេះ។ ជាការ​វាយ​បក​វិញ​ កូរ៉េខាត្បូង​ក៏​លុប​ចោល​កិច្ចព្រមព្រៀងដៃគូ​ពាណិជ្ជកម្ម​ ហើយថែមទាំងថា​ នឹង​ពិនិត្យ​សើរើមើលឡើងវិញ ចំពោះ​កិច្ចព្រមព្រៀង​ផ្នែកព័ត៌មាន​​យោធា​ជាមួយ​ជប៉ុន ទៀត​ផង។

ទើបតែ​ថ្ងៃព្រហស្បតិ៍ ទី​៨សីហា​ រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ក្រសួងឧស្សាហកម្ម បាន​អនុញ្ញាត​​បើក​ភ្លើងខៀវ​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹងចំពោះការ​នាំចេញ​​ផលិតផលជប៉ុន​ ពិសេស​គ្រឿង​បរិក្ខារមួយ​ចំនួន​ក្នុង​វិស័យ​បច្ចេកវិជ្ជា ឱ្យ​អាច​នាំចេញ​បាន​ខ្លះ ទៅ​កាន់​កូរ៉េខាងត្បូង។ ​រដ្ឋមន្ត្រី​​ជប៉ុន​ មិន​បញ្ជាក់ថា ការ​ដឹកជញ្ជូន​ទំនិញ​នោះ អាច​មាន​ប្រភេទអ្វីខ្លះនោះទេ ហើយ​អាចកម្រិត​​កំណត់​នាំចេញ​ថា​បាន​ត្រឹម​ចំនួន​ប៉ុន្មាន​នោះ ក៏ទេដែរ​។ ក៏ប៉ុន្តែ ក្រសួងឧស្សាហកម្ម បញ្ជាក់​ដាច់​ណាត់ថា ការ​ត្រួត​ពិនិត្យ ​គឺ​ត្រូវ​ធ្វើ​ឡើង​​ដោយ​តឹងរឹង​ដដែល ហើយ​ទំនិញ​ដែល​អាច​ដឹក​នាំចេញ​ខ្លះទៅ​កូរ៉េខាងត្បូង​នោះ គឺទាល់តែ​របស់របរ​ណា​ ដែល​គ្មាន​​ហានិភ័យ​ដល់​វិស័យ​យោធា និង​សន្តិសុខជាតិ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ