អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

រោងចក្រ​កាត់ដេរ​មួយចំនួន​ បន្ត​បិទទ្វារ​នៅដើម​ឆ្នាំនេះ ​ក្រោយកង្វះ​ការ​បញ្ជាទិញ

រោងចក្រ​កាត់ដេរ​មួយ​ចំនួន​បាន​បន្តបិទទ្វារ​អាជីវកម្ម​ ខណៈ​រោងចក្រខ្លះ​ព្យូរការងារ​ដល់​កម្មករ​និយោជិក​រាប់ពាន់នាក់។​ បើតាម​សហជីព​ ការ​ដែល​រោងចក្រខ្លះ​ឈាន​ដល់ការ​បិទទ្វារ​ និង​ព្យូរការងារ​ដល់កម្មករ​ គឺ​ដោយសារ​តែគ្មាន​តម្រូវការ​ និង​គ្មាន​ការបញ្ជា​ទិញ។​ យ៉ាងណា​ក៏​ដោយ ​ខាង​សហជីព​ក៏ព្រួយ​បារម្ភថា​ នា​ពេល​ខាងមុខ​ទៀត​ រោងចក្រ​ជាច្រើន​នឹង​បន្ត​បិទ​ទ្វារ​ ឬព្យូរ​ការងារ​ដល់​កម្មករ​ជាក់ជាមិនខាន។

រោងចក្រកាត់ដេរ
រោងចក្រកាត់ដេរ © Internet
ផ្សាយពាណិជ្ជកម្ម

អ្នកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២៣នេះ មានរោងចក្រ១កន្លែងបានបិទទ្វារ និងមួយកន្លែងទៀតសម្រេចព្យូរការងារកម្មកររយៈពេល២ខែ។ ការបន្តបិទទ្វារ និងព្យូរការងារបែបនេះ ត្រូវបានអ្នកស្រីបញ្ជាក់ថា ខាងភាគីនយោជកជូនដំណឹងមកថា ផលិតផលដែលពួកគេផលិតបានខ្លះ គ្មានការបញ្ជាទិញពីខាងក្រៅ ដែលធ្វើឱ្យផលិតកម្មទាំងមូលត្រូវកកស្ទះ និងខាតបង់។  

បើតាមប្រធានសហព័ន្ធសហជីពសេរីកម្មកររូបនេះ  បញ្ហាកង្វះអ្នកបញ្ជាទិញអាចបណ្តាលមកពី ការដកប្រព័ន្ធអនុគ្រោះពន្ធEBA២០ភាគរយរបស់សហភាពអឺរ៉ុប  និងGSPរបស់សហរដ្ឋអាមេរិកដែលធ្វើឱ្យការនាំចេញផលិតផលកាត់ដេររបស់កម្ពុជាត្រូវជួបរបាំងពន្ធខ្លះ។

ក្រោយរោងចក្រជាបន្តបន្ទាប់បិទទ្វារយ៉ាងដូច្នេះ អ្នកស្រី ទូច សើ ព្រួយបារម្ភទៅថ្ងៃខាងមុខ រោងចក្រកាត់ដេរជាច្រើនផ្សេងទៀត នឹងបង្ខំចិត្តបិទទ្វាររបស់ខ្លួនបន្ថែម ហើយចំណែកកម្មកររោងចក្រវិញ ពួកគេនឹងជួបប្រទះនូវបញ្ហាជីវភាពគ្រួសារកាន់តែធ្ងន់ធ្ងរ ដោយកម្មករខ្លះអាចទទួលរងបន្ទុកលើបំណុលធនាគារផង។

តែយ៉ាងណា ប្រធានសហជីពខាងលើចាត់ទុកថា ប្រសិនបើម្ចាស់រោងចក្រប្រកាសបិទទ្វារ ប៉ុន្តែជាលះដើម្បីអាចលួចលាក់បើកទីតាំងរោងចក្រថ្មីដែលមានទំហំផលិតកម្មតិចជាងមុន នោះចង់មិនចង់វាប្រាកដជាជាប់ទាក់ទិនទៅនឹងការរំលោភលើសិទ្ធិការងារ ក៏ដូចជារំលោភលើសិទ្ធិរបស់កម្មករ។  

នៅថ្ងៃទី២៤ ខែមករានេះ រោងចក្រកាត់ដេរសំលៀកបំពាក់ ឈ្មោះ លឹម ឡាញ អ៊ិនធើណេសិនណល (ខេមបូឌា) ហ្គាមេន « Lim Line International (Cambodia) Garment Co.,Ltd. » ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានកម្មករ កម្មការិនីបម្រើការងារ ចំនួន៨៨៥នាក់ បានបិទទ្វារអាជីវកម្មរបស់ខ្លួន ដោយសម្អាងហេតុផលថា គ្មានអ្នកបញ្ជាទិញ។ ចំណែក កាលពីថ្ងៃទី២០ ខែមករា រោងចក្រកាត់ដេរមួយកន្លែងទៀតស្ថិតនៅខេត្តកំពង់ឆ្នាំ ឈ្មោះ អ៊ឹម និងវ៉េ កាត់ដេរអន្តរជាតិ អិលធីឌី (M & V International Manufacturing Ltd.) បានសម្រេចព្យួរកិច្ចសន្យាការងារកម្មករ និយោជិត ចំនួន ១,៩៧៤នាក់រយៈពេល៥០ថ្ងៃ ក្រោមកម្មវត្ថុដូចគ្នា។

សូមជម្រាបថា បើ​តាមរបាយការណ៍ពីសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា  គិតមកដើមឆ្នាំ២០២៣នេះ ​មាន​រោង​ចក្រ​ចំនួន​១០បានបិទទ្វា​រ និងរោងចក្រ​ចំនួន​២០ បានព្យួរការងារកម្មករ​ ខណៈរោងចក្រប្រមាណ​៦០​ផ្សេងទៀតបានកាត់បន្ថយបុគ្គលិក ខណៈរោងចក្រប្រមាណ៧០ ទៅ៨០ភាគរយគ្មានវត្ថុដើមសម្រាប់កាត់ដេរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ