អានតួអត្ថបទ

លោក ​ហ៊ុន ម៉ាណែត ​ផ្តើម​វេទិកា​សាធារណៈ​ជាលើក​ដំបូង​ក្រោយ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី

បន្ទាប់ពី​ក្លាយជា​នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​២២ ​ខែ​សីហា ​កន្លងទៅ ​លោក ​ហ៊ុន ម៉ាណែត ​នៅថ្ងៃ​ទី​២៩ ​ខែ​សីហា​នេះ ​បាន​ចុះជួប​កម្មករ​នៃ​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ ​កាត់ដេរ​ជិត​២​ម៉ឺន​នាក់​ នៅ​តំបន់​ព្រៃស្ពឺ ​ក្នុងខ័ណ្ឌ​ពោធិ៍សែនជ័យ ​រាជធានី​ភ្នំពេញ​។ ជំនួប​នេះ ​ត្រូវបាន​ចាត់ទុក​ថា​ជាវេទិកា​សាធារណៈ​លើក​ដំបូងជាមួយ​ពលរដ្ឋ​បន្ទាប់ពី​វេទិកា​ដូចគ្នា​នេះ ​ត្រូវបាន​ធ្វើឡើង​កាលពី​មុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​។

លោក ហ៊ុន​ ម៉ាណែត ជួបជាមួយកម្មករកាត់ដេរ
លោក ហ៊ុន​ ម៉ាណែត ជួបជាមួយកម្មករកាត់ដេរ © HMN
ផ្សាយពាណិជ្ជកម្ម

លាយឡំ​នឹង​សិល្បៈនៃការ​និយាយ​កំប្លែង​លេង​បែប​ឪពុក​របស់​លោក ​លោក ហ៊ុន ម៉ាណែត ​បានថ្លែងឲ្យ​ដឹងថា​ជំនួបជាមួយ​កម្មករនៃវិស័យ​កាត់ដេរនៅថ្ងៃ​អង្គារនេះ​នៅតំបន់​ព្រៃស្ពឺ ក្នុង​ខ័ណ្ឌពោធិ៍សែនជ័យ​គឺជាវេទិកា​សាធារណៈដំបូង​បន្ទាប់ពី​លោក​បានក្លាយជា​នាយក​រដ្ឋមន្ត្រី ​ដែលជំនួប​នៅទីនេះ ​លោក​ពិព័ណ៌នា​ថា​មានភាព​កក់ក្តៅ និងមាន​ស្នាមក្រែម​ជាប់ថ្ពាល់​ច្រើនជាងគេ​កាលពីមុន​ការបោះឆ្នោត​សកល​ឆ្នាំ​២០២៣​។

មិនភ្លេច​រំលឹកពី​ការ​សួរសុខទុក្ខ ​និង​គុណសម្បត្តិ​របស់​នាយករដ្ឋមន្ត្រីចាស់ លោកនាយករដ្ឋមន្ត្រីថ្មីបញ្ជាក់ឲ្យដឹងថា ជំនួបជាមួយ​កម្មករនៅថ្ងៃនេះ ​មានគោលបំណងពីរ ​ទី១​គឺការអរគុណ​ដល់កម្មករ​ដែលបោះឆ្នោតឲ្យ​បក្សប្រជាជន​និង​គោលបំណង​មួយទៀត ​គឺ​បញ្ជាក់ពី​ការ​ប្តេជ្ញាចិត្ត​របស់រដ្ឋាភិបាលថ្មី​ក្នុងការ​បន្តការ​កសាង និង​ថែរក្សា​សមិទ្ធផល​ដែលគណបក្ស​កាន់អំណាច​សម្រេចបាន​ជាង​៤០ឆ្នាំ​ ជូន​ប្រជាពលរដ្ឋ​។

នៅក្នុង​សុន្ទរកថា​រយៈពេល​ជាង២​ម៉ោង ​ដែលអាច​ជាស្តង់ដារ​នៃការ​ថ្លែងរបស់​លោក ហ៊ុន សែន ​អតីតនាយក​រដ្ឋមន្ត្រី​ ដែលជា​ឳពុក​លោកដែរ ​លោក ហ៊ុន ម៉ាណែត ​បានលើកឡើង​នូវចំណុចសំខាន់ៗ​ជាច្រើន​ទៅកាន់កម្មករ​ជុំវិញគោលនយោបាយ​របស់រដ្ឋាភិបាល​ថ្មី ​ជាពិសេស​វិស័យ​សេដ្ឋកិច្ច ​និង​វិស័យ​ការងារ និងការ​យកចិត្តទុកដាក់​ដល់កម្មករ​។ លោកអះអា​ងថាគោលនយោបាយ​របស់គណបក្ស​ប្រជាជនកម្ពុជា​ជាគោលនយោបាយ​ត្រឹមត្រូវ ​ដែលអាច​វាស់ស្ទង់បាន​តាមរយៈ​នៃការ​បោះឆ្នោត ​និង​លទ្ធផលឆ្នោត ​ដែលគណបក្ស​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាងពេញទំហឹង​។

ថ្លែងដោយផ្ទាល់មាត់​យ៉ាង​ស្វាហាប់ ​រំលេចនូវទឹកមុខ​ញញឹម​ញញែម ​ពេលខ្លះ​ងាកឆ្វេង​ងាកស្តាំ ​មិនអានតាម​ក្រដាស ​អមពីក្រោយខ្នង​ដោយ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី ​និង​មន្ត្រីជាន់ខ្ពស់​ផ្សេងៗទៀត ​លោក ហ៊ុន ម៉ាណែត ​បានលើកឡើងពី​សុខដុមនីយកម្ម​របស់រោងចក្រកាត់ដេ​ដែលភាគីនិយោជក​ និង​និយោជិតត្រូវមាន​ទំនាក់ទំនង​វិជ្ជាជីវៈ​យ៉ាងល្អ​។ មិនខុសពី​លោក ​ហ៊ុន សែន ​នោះទេ ​លោក ហ៊ុន ម៉ាណែត ​ដែលការបញ្ចេញ​សូរស័ព្ទ​បែបពលរដ្ឋខ្មែរ​ធ្លាប់​និយាយ​ភាសាបរទេស ​បានឆ្លៀតធ្វើការ​ឆ្លើយតប ​ស៊កសៀត ​ប្រតិកម្មទៅនឹង​ការរិះគន់ ​ពីអ្នក​នយោបាយ​ប្រឆាំង និង​អ្នកវិភាគ​ជាអន្លើ​ផងដែរ ​នៅចន្លោះៗ​ សុន្ទរកថា​ដ៏វែង​គួរសម​។

ទោះយ៉ាងណា ​ភាពដូចគ្នា​ផ្សេងទៀត​រវាងលោក ​ហ៊ុន ម៉ាណែត​ និង​ឳពុករបស់​លោក​នៅក្នុង​ការ​ថ្លែងជាសាធារណៈ​ត្រូវគេកត់សម្គាល់​ថា​មានចំណុចខ្លះ​ជាន់គ្នា​ច្រើនដងដែរ​ នៅក្នុង​សុន្ទរកថា​តែមួយ ​ដ្បិត​ជាការថ្លែង​ដោយផ្ទាល់មាត់ ​ខុសពី​ការអាន​អក្សរ​លើក្រដាស ​ដែល​មន្ត្រី​បានរៀបចំ​ឲ្យ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ