អានតួអត្ថបទ
កម្ពុជា-សង្គម

លោកហ៊ុន ម៉ាណែតបញ្ជាឱ្យទប់ស្កាត់សកម្មភាពរាំតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេរថយន្តធំ

នៅថ្ងៃទី១៨មីនា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរាជធានី-ខេត្តទាំងអស់ត្រូវទប់ស្កាត់សកម្មភាពរាំតាមចង្វាក់ស៊ីផ្លេរថយន្តធំៗតាមដងផ្លូវ។ បទបញ្ជារបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើង ខណៈមានយុវជននិងកុមារកម្ពុជាមួយចំនួនកំពុងវីវក់នឹងការរាំកំសាន្តរបៀបនេះ ដោយថែមទាំងថតយកទៅបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមនានាទៀតផង។

លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យទប់ស្កាត់សកម្មភាពរាំតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេរថយន្តធំ
លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យទប់ស្កាត់សកម្មភាពរាំតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេរថយន្តធំ © សហការី
ផ្សាយពាណិជ្ជកម្ម

តាមបណ្តាញទំនាក់ទំនងសង្គម  ពិសេសទិកតក់ និងហ្វេសប៊ុកនាពេលថ្មីៗនេះ មានយុវជន  និងកុមារតូចៗមួយចំនួនបានរត់ចូលដងផ្លូវដែលរថយន្តធំៗកំពុងបរកាត់ដើម្បីរាំទៅតាមចង្វាក់ស៊ីផ្លេ។ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៨ មីនា ឆ្នាំ២០២៤  លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមើលឃើញថា  សកម្មភាពរាំកំសាន្តរបៀបនេះបានប៉ះពាល់ដល់សណ្តាប់ធ្នាប់តាមដងផ្លូវ បង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងពិសេសអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់យុវជននិងកុមារដែលជាអ្នកប្រព្រឹត្តិតែម្តង។

គួរជម្រាបជូនថា កន្លងមកសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួនរួមមាន ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តបាត់ដំបងជាដើម បានចាត់វិធានការឱ្យអ្នកបើកបររថយន្តធំៗដោះស៊ីផ្លេដែលខុសលក្ខណៈបច្ចេកទេសចេញ និងបានណែនាំឱ្យយុវជននិងកុមារទាំងនោះបញ្ឈប់សកម្មភាពនេះដែរ។ ប៉ុន្តែលោក ហ៊ុន ម៉ាណែតចាត់ទុកជាវិធានការមិនគ្រប់គ្រាន់  និងគ្មានប្រសិទ្ធភាព។ នៅក្នុងន័យនេះ នាយករដ្ឋមន្រ្តីបានចាត់ឱ្យក្រសួង សាធារណៈការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិនៅទូទាំងប្រទេសត្រូវសហការគ្នាចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្តទាំងអស់ ដើម្បីបញ្ឈប់សកម្មភាពអនាធិបតេយ្យតាមដងផ្លូវនេះ។

លោក សន ជ័យ អ្នកវិភាគបញ្ហាសង្គម មើលឃើញថា សកម្មភាពរាំតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេរថយន្តនេះ ជារូបភាពទាក់ទាញចំណាប់អារម្មណ៍មួយដែលធ្វើឱ្យសីលធម៌សង្គមខ្មែរអាប់ឱន។ តាមអ្នកវិភាគបញ្ហាសង្គមរូបនេះដដែល សកម្មភាពនេះក៏បង្ហាញឱ្យឃើញពីកម្សោយនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលមានកំណត់ការប្រើប្រាស់ស៊ីផ្លេរថយន្តនៅកម្ពុជាផងដែរ។

ចំណែកអ្នកនាង ស្រួង ភាវី ដែលជាកីឡាការនីខ្មែរមានឥទ្ធិពលក្នុងបណ្តាញសង្គមមួយរូប បានលើកឡើងថា សកម្មភាពអនាធិបតេយ្យតាមដងផ្លូវបង្កដោយយុវជននិងកុមារនេះ ជាឥទ្ធិពលអវិជ្ជមាននៃបណ្តាញសង្គម។ សម្រាប់កម្ពុជា ការយកចិត្តទុកដាក់លើកុមារនិងយុវជនឱ្យយល់ដឹងពីផលវិបាកនៃឥទ្ធិពលអវិជ្ជមានរបស់បណ្តាញសង្គម ជារឿងគួរត្រូវយកចិត្តទុកដាក់បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ