អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង៖​គីម ជុងអ៊ុន​ប្រកាស​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ករណី​ទទួល​ការ​គំរាមកំហែង និង​ប្រើ​សម្តី​ទន់ភ្លន់

នៅ​កូរ៉េខាងជើង សមាជ​របស់​គណបក្ស​ពលករ​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី៣ នា​ថ្ងៃ​អាទិត្យ ទី៨ ឧសភា​នេះ។ ថ្លែង​នៅ​ចំពោះ​មុខ​គណៈប្រតិភូ​ជា​ច្រើន​ពាន់​នាក់​ក្នុង​អង្គសមាជ​នា​ថ្ងៃ​សៅរ៍ ទី៧ ឧសភា មនុស្ស​ខ្លាំង​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុល​បាន​ប្រកាស​ក្លែងៗ និង​ជា​សាធារណៈ​ថា កូរ៉េខាងជើង​នឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ករណី​ណា​ដែល​អធិបតេយ្យ​កូរ៉េខាងជើង​ទទួល​រង​ការ​គំរាមកំហែង​ពី​អ្នកដទៃ។ ទន្ទឹម​គ្នា​នេះ លោក​គីម ជុនអ៊ុន​ក៏​ហាក់​បន្ទន់​ឥរិយាបទ​ដោយ​សន្យា​គោរព​កិច្ចព្រមព្រៀង​មិន​សាយភាយ​នុយក្លេអ៊ែរ និង​ចង់​បង្កើន​ទំនាក់ទំនង​ជាមួយ​ក្រុមប្រទេស​ដែល​ប្រឆាំង​ខ្លួន។

Le leader nord-coréen Kim Jong-un lors de son discours d'ouverture du 7e congrès du partu unique, le 6 mai à Pyongyang (photo relayée par l'agence officielle du régime KCNA).
Le leader nord-coréen Kim Jong-un lors de son discours d'ouverture du 7e congrès du partu unique, le 6 mai à Pyongyang (photo relayée par l'agence officielle du régime KCNA). KCNA/via Reuters
ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​លោក​គីម ជុងអ៊ុន​បាន​ប្រកាស​ជា​រឿង​ដែល​គ្រប់​គ្នា​បាន​រង់ចាំ ព្រោះ​អ្វី​ដែល​មនុស្ស​ខ្លាំង​កូរ៉េខាងជើង​បាន​ប្រកាស​នៅ​ក្នុង​សមាជគណបក្ស​ពលករ​លើកទី១ គិត​តាំង​ពី​ឆ្នាំ ១៩៨០ មិន​មែន​ជា​លើក​ទី១ និង​ក៏​គ្មាន​ខ្លឹមសារ​អ្វី​ថ្មី​ដែរ។ របប​ក្រុង​ព្យុងយ៉ាង​ធ្លាប់​បាន​បញ្ជាក់​ជា​ច្រើន​ដង​ថា ការ​ដែល​ខ្លួន​បាន និង​កំពុង​បន្ត​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេរអ៊ែរ​មក​ដល់​សព្វថ្ងៃ គឺ​ដើម្បី​ការពារ​ខ្លួន ពោល​មិន​មែន​សម្រាប់​គំរាមកំហែង​អ្នក​ដទៃ​ទេ។ លោក​គីម ជុងអ៊ុន​ផ្ទាល់ខ្លួន​បាន​បញ្ជាក់​ជា​ថ្មី​នៅ​ថ្ងៃ​សៅរ៍ ទី៧ ឧសភា​ថា កូរ៉េខាងជើង​នឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​តែ​ក្នុង​ករណី​ណា​ដែល​សាធារណរដ្ឋ​ប្រជាមានិតប្រជាធិបតេយ្យ​កូរ៉េ​ទទួល​ការ​គំរាមកំហែង​ឈ្លានពាន​ពី​អ្នក​ដទៃ ពិសេស​ពី​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ។

អ្វី​ជា​ការ​កត់សម្គាល់​នៅ​ក្នុង​សមាជ​ជា​ប្រវត្តិសាស្រ្ត គឺ​ការ​ដែល​របប​កុម្មុយនិស្ត​ក្រុង​ព្យុងយ៉ាង​បាន​តាំង​ខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ ហើយ​គីម ជុងអ៊ុន​ជា​មេដឹកនាំកំពូល​ដែល​គ្មាន​គូប្រៀប។ មួយ​វិញ​ទៀត និង​បើ​ទោះ​បី​ជា​កូរ៉េខាងជើង​មិន​បាន​អញ្ជើញ​ប្រទេស​ណា​មួយ សូម្បី​ចិន​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​ឲ្យ​ចូលរួម​នៅ​ក្នុង​សមាជ​ក៏​ដោយ ក៏​ព័ត៌មាន​ស្តីពី​សមាជ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាកល ព្រោះ​កូរ៉េខាងជើង​បាន​បើក​ទ្វារ​ឲ្យ​អ្នកកាសែត​បរទេស​ជាង ១០០នាក់​ចូល​យក​ព័ត៌មាន។

កំណត់សម្គាល់​មួយ​ទៀត ការ​ថ្លែង​របស់​លោក​គីម ជុងអ៊ុន​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ស្ថានការណ៍​កំពុង​តានតឹង​ខ្លាំង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ ពិសេស​បន្ទាប់​ពី​កូរ៉េខាងជើង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើកទី៤ ក្នុង​ខែ​មករា​កន្លង​ទៅ និង​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប។

សហគមន៍​អន្តរជាតិ​ស្ងប់ស្ងៀម​ព្រោះ​ស្គាល់​ច្បាស់​ពី​មាយាទ​របស់​កូរ៉េខាងជើង

រហូត​មក​ដល់​ពេល​នេះ សហគមន៍​អន្តរជាតិ​នៅ​​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​ទេ និង​ប្រហែល​ជា​គ្មាន​ប្រទេស​ណា​មួយ​យក​ចិត្ត​ទុក​ដាក់ និង​ឲ្យ​តម្លៃ​ខ្លាំង​ចំពោះ​ការ​ថ្លែង​របស់​លោក​គីម ជុងអ៊ុន​ដែរ។ មិន​យក​ចិត្ត​ទុក​ដាក់ និង​មិន​ឲ្យ​តម្លៃ​ខ្លាំង ព្រោះ​គេ​បាន​ស្គាល់​ធាតុពិត​របស់​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​តាំង​ពី​ជំនាន់​លោក​គីម អ៊ីលស៊ុង​ដែល​ជា​ជីតា​របស់​លោក​គីម ជុងអ៊ុន និង​ជំនាន់​លោក​គីម ជុងអ៊ីល​ដែល​ជា​ឱពុក​របស់​លោក​គីម ជុងអ៊ុន។ សម្រាប់​របប​កុម្មុយនិស្ត​ក្រុង​ព្យុងយ៉ាង នុយក្លេអ៊ែរ​ជា​​រឿង​ស្លាប់​រស់​របស់​ជាតិ​ដែល​ខ្លួន​ត្រូវ​យក​ធ្វើ​ជា​នុយ​ដើម្បី​ដាក់​គំនាប​នៅ​ក្នុង​កិច្ចចរចា​ទាមទារ​អ្វី​មួយ។ បើ​អត់​នុយក្លេអ៊ែរ ជោគវាសនា​របស់​សាធារណរដ្ឋ​ប្រជាមានិតប្រជាធិបតេយ្យ​កូរ៉េ​ក៏​មិន​អាច​រស់រាន​មាន​ជីវិត​មក​ដល់​សព្វថ្ងៃ​ដែរ។

ជា​ការ​ពិត គេ​មិន​អាច​ថ្លឹងថ្លែង វាស់វែង​ពី​លទ្ធភាព សមត្ថភាព និង​ទម្ងន់​នៃ​ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង​ក្នុង​បញ្ហា​នុយក្លេអ៊ែរ។ ម្យ៉ាង​ទៀត ក្រុម​អ្នកឯកទេស​ក៏​នៅ​បន្ត​មាន​មន្ទិលសង្ស័យ​ពី​សមត្ថភាព និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ដែល​កូរ៉េខាងជើង​មាន​ពិត​ប្រាកដ។ តែ​យ៉ាង​ណា​ក៏​ដោយ ក៏​សហគមន៍​អន្តរជាតិ ពិសេស​អាមេរិក​មិន​បាន​មើល​ស្រាល និង​ធ្វេសប្រហែស​ចំពោះ​ការ​គំរាម​របស់​ក្រុង​ព្យុងយ៉ាង​ទេ។ ចូរ​កុំ​ភ្លេច​ថា គឺ​នុយក្លេអ៊ែរ​នេះ​ឯង​ដែល​កូរ៉េខាងជើង​កំពុង​ជាប់​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​មក​ដល់​សព្វថ្ងៃ និង​ដែល​ប្រទេស​ឯកោ​ក្នុង​លោក​មួយ​នេះ​កំពុង​ត្រូវ​បាន​គេ​បន្ត​និយាយ​សឹង​តែ​រាល់ថ្ងៃ។

លោក​គីម ជុងអ៊ុន​បោះដៃ​ទៅ​រក​សហគមន៍​អន្តរជាតិ?

ក្រៅ​ពី​ការ​ប្រកាស​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ករណី​ទទួល​ការ​គំរាមកំហែង​ពី​អ្នក​ដទៃ លោក​គីម ជុងអ៊ុន​ហាក់​បាន​បន្ទាន់​ឥរិយាបទ​ដោយ​សន្យា​គោរព​កិច្ចព្រមព្រៀង​មិន​សាយភាយ​នុយក្លេអ៊ែរ និង​អំពាវនាវ​ឲ្យ​មាន​កិច្ចសន្ទនា​ជា​មួយ​ក្រុមប្រទេស​ប្រឆាំង​ខ្លួន ពិសេស​អាមេរិក។ តែ​គេ​ពិបាក​ជឿ និង​ពិបាក​ទុក​ចិត្ត​ចំពោះ​ពាក្យ​សម្តី​នេះ។ ជាមួយ​នឹង​ប្រទេស​ណា​មិន​ដឹង​ទេ តែ​បើ​ជាមួយ​កូរ៉េខាងជើង ទ្រឹស្តី​មាន​ច្រើន​ជាង​ការ​អនុវត្តន៍។ លោក​គីម ជុងអ៊ុន​បាន​ថ្លែង​នៅ​ក្នុង​សមាជ​នា​ថ្ងៃ​សៅរ៍ ទី៧ ឧសភា​ថា ក្នុង​នាម​ជា​មហាអំណាច​នុយក្លេអ៊ែរ កូរ៉េខាងជើង​សន្យា​ដោយ​ភាព​ស្មោះត្រង់​ក្នុង​ការ​គោរព​កិច្ចព្រមព្រៀង​មិន​សាយភាយ​នុយក្លេអ៊ែរ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ក្រុង​ព្យុងយ៉ាង​បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ឯង​ចេញ​ពី​កិច្ចព្រមព្រៀង​មិន​សាយភាយ​នុយក្លេអ៊ែរ​តាំង​ពី​ឆ្នាំ ២០០៣ មក​ម្ល៉េះ។

ម្យ៉ាង​ទៀត មនុស្ស​ខ្លាំង​គីម ជុនអ៊ុន​ថែម​ទាំង​បាន​បញ្ជាក់​ក្លែងៗ​ថា កូរ៉េខាងជើង​នឹង​មិន​បោះបង់​ចោល​កម្លាំង​នុយក្លេអ៊ែរ​ទេ ព្រោះ​វា​ជា​កម្លាំង​តែ​មួយ​គត់​ដែល​បាន​ធ្វើ​ឲ្យ​កូរ៉េខាងជើង​រួច​ផុត​ពី​ការ​វាយប្រហារ​របស់​អាមេរិក។ អ៊ីចឹង​សួរ​ថា តើ​អ្វី​ដែល​លោក​គីម ជុងអ៊ុន​បាន​ថ្លែង​មាន​ការ​​ពិត​នៅ​ត្រង់​ណា?។ ផ្ទុយ​ទៅ​វិញ បើ​ការ​ថ្លែង​របស់​លោក​គីម ជុងអ៊ុន​បង្កប់​ដោយ​ឆន្ទៈ​ល្អ​មែន វា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ដែល​គេ​អាច​សន្និដ្ឋាន​បាន​ថា ជា​សញ្ញា​បន្ទន់​ឥរិយាបទ​មួយ​របស់​កូរ៉េខាងជើង។ សញ្ញា​ល្អ​មួយ​ទៀត គឺ​ការ​ដែល​លោក​គីម ជុងអ៊ុន​មាន​បំណង​ចង់​ត្រឡប់​ទៅ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​ប្រទេស​ដែល​ប្រឆាំង​ខ្លួន។

លោក​គីម ជុងអ៊ុន​មិន​បាន​ទម្លាយ​ឈ្មោះ​ប្រទេស​ណា​ទេ តែ​គេ​អាច​ដឹង​ភ្លាម​ថា គឺ​ចង់​សំដៅ​លើ​អាមេរិក។ ចូរ​កុំ​ភ្លេច​ថា កូរ៉េខាងជើង​តែងតែ​បាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​សុំ​ចរចា​ផ្ទាល់​ជាមួយ​អាមេរិក។ អាមេរិក​ដែល​បន្ត​បដិសេធ​មក​ដល់​សព្វថ្ងៃ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​តប​អ្វី​ទេ។ តែ​គេ​អាច​និយាយ​បាន​ថា បើ​មេដឹកនាំកំពូល​កូរ៉េខាងជើង​ដ៏​វ័យក្មេង​ពិត​ជា​មាន​ឆន្ទៈ​ល្អ​មែន នោះ​សហគមន៍​អន្តរជាតិ​ក៏​មិន​ត្រូវ​ទុក​ឲ្យ​ឱកាស​ល្អ​កន្លង​ផុត​ដែរ ពោល​គួរ​តែ​បិទបញ្ចប់​រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដ៏​ចម្រូងចម្រាស​ដូច​ដែល​សហគមន៍​អន្តរជាតិ​ធ្លាប់​បាន​ធ្វើ​ជាមួយ​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ