អានតួអត្ថបទ

កូរ៉េខាងជើង​បន្ត​បាញ់មីស៊ីល​និង​ប្រកាស​រឹបអូស​ទ្រព្យសម្បត្តិ​កូរ៉េ​ខាង​ត្បូង

ភាព​តានតឹង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​នៅតែ​មិនថយចុះ​ទេ គឺ​មានតែ​កើនឡើង​ថែម​ទៀត នៅថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​កូរ៉េ​ខាង​ជើង​បាន​បន្ត​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​រយៈចម្ងាយ​ខ្លី​ចំនួន​២ដើម​បន្ថែម​ទៀត ហើយ​ថែម​ទាំង​ប្រកាស​រឹបអូស​ទ្រព្យសម្បត្តិ​​របស់​​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង ដែល​មាន​ទៅតាំង​នៅ​ក្នុង​ទឹកដី​កូរ៉េ​ខាងជើង។ វិធានការ​ទាំងអស់​នេះ គឺ​ជា​ការ​ឆ្លើយតប​ទៅនឹង​ទណ្ឌកម្ម​ឯកតោភាគី ដែល​កូរ៉េ​ខាង​ត្បូង​ប្រកាស​ដាក់​លើ​កូរ៉េ​ខាងជើង កាល​ពីថ្ងៃ​អង្គារ។

រូបថត​បង្ហាញ​ពី​ការ​បាញ់​សាកល្បង​មីស៊ីល​កូរ៉េ​ខាងជើង​កាល​ពីពេលមុន (រូបថតចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង កាល​ពីថ្ងៃ​ទី៤ មីនា ២០១៦)
រូបថត​បង្ហាញ​ពី​ការ​បាញ់​សាកល្បង​មីស៊ីល​កូរ៉េ​ខាងជើង​កាល​ពីពេលមុន (រូបថតចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង កាល​ពីថ្ងៃ​ទី៤ មីនា ២០១៦) REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

យោងតាម​ប្រភព​ពី​កងទ័ព​កូរ៉េ​ខាង​ត្បូង មីស៊ីល​បាលីស្ទិក​ទាំង​២ដើម​ត្រូវ​បាន​កូរ៉េ​ខាងជើង​បាញ់ចេញ​ពី​ឆ្នេរសមុទ្រ​ប៉ែក​ខាង​កើត ហើយ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ ក្នុង​ចម្ងាយ​ប្រមាណ​ជា ៥០០គីឡូម៉ែត្រ។

ភ្លាមៗ​ក្រោយ​ពី​ការ​បាញ់​មីស៊ីល​នេះ កូរ៉េ​ខាងជើង​ក៏​បាន​ប្រកាស​ផងដែរ​ថា​នឹង​លុបចោល​ទាំងអស់​​នូវ​រាល់​គម្រោង​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ ជាមួយ​កូរ៉េ​ខាង​ត្បូង ហើយ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​កូរ៉េ​ខាង​ជើង​នឹង​ត្រូវ​រឹបអូស។

គួរបញ្ជាក់ថា ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ភាគច្រើន​ ដែល​បោះទីតាំង​រកស៊ី នៅ​ក្នុង​ទឹកដី​កូរ៉េ​ខាងជើង គឺ​ស្ថិត​នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​កែសុង ដែល​ត្រូវ​បានរដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ប្រកាស​​ផ្អាក​លែង​ដំណើរការ ​​ចាប់តាំង​ពី​ក្រោយ​ពេល​ដែល​កូរ៉េ​ខាងជើង​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប កាល​ពី​ខែមុន។

សមាគម​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើការ​ប៉ាន់ស្មាន​ថា ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​កែសុង មាន​តម្លៃ​គិតជាទឹកប្រាក់​សរុប​ប្រមាណ​ជា ៦៦៣លាន​ដុល្លារ​អាមេរិក។ ប្រធានសមាគម​នេះ​បាន​បញ្ចេញ​ប្រតិកម្ម​តប​ទាំង​កំហឹង​ចំពោះ​សេចក្តីសម្រេច​របស់​របបដឹកនាំ​ក្រុងព្យុងយ៉ាង ដោយ​បាន​លើកឡើង​ថា កូរ៉េ​ខាងជើង​មិនមាន​សិទ្ធិ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុនឯកជន​បែបនេះ​នោះទេ។

គួរបញ្ជាក់ផងដែរ​ថា ការ​បាញ់​មីស៊ីល និង​ការ​ប្រកាស​រឹបអូសទ្រព្យសម្បត្តិ​ឯកជន​របស់​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​នេះ ត្រូវ​បាន​កូរ៉េ​ខាងជើង​ធ្វើឡើង​តែមួយថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​លោក​គីម ជុងអ៊ុន ប្រកាស​អះអាង ពីសមត្ថភាព​ផលិត​ក្បាលគ្រាប់នុយក្លេអ៊ែរ សម្រាប់​បំពាក់​លើ​មីស៊ីលបាលីស្ទិក។ ឆ្លើយតបទៅនឹង​ការប្រកាសនេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​ថា “មេដឹកនាំផ្តាច់ការ​វ័យក្មេងរូបនេះ” គួរតែ​ងាក​ទៅ​គិតគូរ​ពី​សុខមាលភាព​ប្រជាជន​កូរ៉េ​ខាងជើង ជាជាង​គិតតែ​ពី​​ធ្វើ​រឿង​ឥតប្រយោជន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ