អានតួអត្ថបទ

កូរ៉េខាងជើង​បាញ់​សាកល្បង​មីស៊ីល​រយៈចម្ងាយខ្លី

កូរ៉េខាងជើង​បាន​បាញ់សាកល្បង​មីស៊ីល​រយៈចម្ងាយ​ខ្លី​ចំនួន​ពីរគ្រាប់ នៅថ្ងៃ​ព្រហស្បតិ៍​នេះ។ នេះ​បើ​យោងតាម​ការ​អះអាង​របស់​សេនាធិការចម្រុះ​នៃ​កងទ័ព​កូរ៉េ​ខាង​ត្បូង។ ការ​បាញ់​សាកល្បង​មីស៊ីល​នេះ​ត្រូវ​បាន​ធ្វើឡើងតែប្រមាណ​ជា​មួយសប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​កូរ៉េ​ខាង​ជើង​បាន​ព្រមាន​កូរ៉េ​ខាង​ត្បូង និង​អាមេរិក ឲ្យ​លុបចោល​គម្រោង​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំរួមគ្នា នៅ​ខែក្រោយនេះ។

មីស៊ីល​ដែល​កូរ៉េ​ខាង​​ជើង​ដាក់បង្ហាញ ក្នុងអំឡុង​ព្យុហយាត្រា កាល​ពីឆ្នាំ២០១២
មីស៊ីល​ដែល​កូរ៉េ​ខាង​​ជើង​ដាក់បង្ហាញ ក្នុងអំឡុង​ព្យុហយាត្រា កាល​ពីឆ្នាំ២០១២ REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

បើតាមការ​ឲ្យដឹង​របស់​សេនាធិការ​ចម្រុះ​នៃ​កងទ័ព​កូរ៉េ​ខាង​ត្បូង មីស៊ីល​ដែល​កូរ៉េ​ខាង​ជើង​បាញ់សាកល្បង​នៅ​ព្រឹកព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ មាន​​មួយ​ហោះ​បាន​ចម្ងាយ ជាង ៤៣០គីឡូម៉ែត្រ និង​មួយ​ទៀត​ហោះ​បាន​រហូត​ដល់​ទៅ ៦៩០​គីឡូម៉ែត្រ ហើយ​ដែល​គេ​គិត​ថា​អាច​​ជា​មីស៊ីលប្រភេទ​ថ្មី។

មីស៊ីល​នេះ​ត្រូវ​បាន​បាញ់​ចេញ​ពី​ឆ្នេរ​ប៉ែក​ខាង​កើត​របស់​កូរ៉េ​ខាងជើង ហើយ​ធ្លាក់​ទៅ​ក្នុង​សមុទ្រជប៉ុន (ឬសមុទ្រខាងកើត)។ ក៏ប៉ុន្តែ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ជប៉ុន​ ថ្វីដ្បិត​តែ​បាន​បង្ហាញ​នូវ​ការ​សោកស្តាយ​ចំពោះ​ការ​បាញ់សាកល្បង​មីស៊ីល​នេះ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា​ក៏​បាន​អះអាង​ផងដែរ​ថា មីស៊ីល​ទាំងនេះ​មិន​បាន​ធ្លាក់​ចូល​ទៅ​ដល់​ក្នុង​ដែនទឹក ឬ​ក៏​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​​របស់​ជប៉ុន​នោះទេ ហើយ​ក៏​មិនបាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ណាមួយ​នោះដែរ​ដល់​សន្តិសុខជាតិរបស់​ជប៉ុន។

អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​កូរ៉េ​ខាង​ត្បូង​វិញ​បាន​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​បញ្ឈប់​នូវ​រាល់​សកម្មភាព​ទាំងឡាយ​ណា ដែល​មិន​អំណោយផល​ទៅដល់​កិច្ចខិតខំប្រឹងប្រែង​ក្នុងការ​បន្ធូរបន្ថយ​ភាព​តានតឹង​ខាង​ផ្នែក​យោធា​នៅ​ក្នុង​តំបន់។

គួរធ្វើការ​កត់សម្គាល់​ថា នេះ​គឺ​ជាលើកទីមួយហើយ​ ដែល​កូរ៉េ​ខាងជើង​បាន​ចាប់ផ្តើម​បាញ់សាកល្បងមីស៊ីល​ឡើងវិញ ក្រោយ​ពី​មាន​ជំនួប​ដោយ​ឥតព្រាងទុក រវាង​លោក​ដូណាល់ ត្រាំ និង​លោកគីម ជុងអ៊ុន នៅ​ឯ​តំបន់​គ្មាន​កងទ័ព តាម​បណ្តោយ​ព្រំដែន​កូរ៉េ​ កាល​ពី​ចុងខែមុន។ ហើយការ​សាកល្បងមីស៊ីល​នេះ​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​កូរ៉េ​ខាងជើង​កំពុងតែ​មាន​ការ​ខឹងសម្បារ​នឹង​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក ដែល​មិនព្រម​លុបចោល​នូវ​គម្រោង​ធ្វើ​សមយុទ្ធប្រចាំឆ្នាំរួមគ្នា នៅ​ខែក្រោយ។ សមយុទ្ធ ដែល​របបក្រុងព្យុងយ៉ាង​​តែងតែ​តវ៉ា​ជំទាស់ ដោយ​អះអាង​ថា វាគឺ​ជា​ការ​ហាត់សម ដើម្បី​ចូល​ឈ្លានពាន​កូរ៉េ​ខាងជើង។

ក៏ប៉ុន្តែ អ្នក​វិភាគខ្លះ​យល់ថា ការបាញ់សាកល្បង​មីស៊ីល​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ទំនង​ជា​មិនមែន​គ្រាន់តែ​ជាការ​តវ៉ា​ជំទាស់​នឹង​សមយុទ្ធ​រួមគ្នា​កូរ៉េខាងត្បូង-អាមេរិក​នោះទេ តែ​វា​អាច​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ធ្វើ​ទំនើបកម្ម​មីស៊ីល​របស់​កូរ៉េ​ខាងជើង។

គួររំឭកឡើងវិញ​ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ប្រព័ន្ធផ្សព្វផ្សាយ​ផ្លូវការ​របស់​កូរ៉េ​ខាងជើង​បាន​ចេញផ្សាយ​នូវ​រូបភាព ដែល​បង្ហាញ​អំពី​លោក​គីម ជុងអ៊ុន កំពុង​ធ្វើការ​ត្រួតពិនិត្យ​មើល​នាវាមុជទឹក​ថ្មី​របស់​កូរ៉េ​ខាងជើង ហើយ​នេះ​បាន​បង្កើត​ឲ្យ​មាន​ក្តីបារម្ភ​ខ្លាច​ក្រែង​កូរ៉េខាងជើង​កំពុងតែ​រៀបចំផលិត​មីស៊ីល​បាលីស្ទិក ដែល​អាច​បាញ់ចេញ​ពី​នាវាមុជទឹក (SLBM) ហើយ​ដែល​ជា​ប្រភេទ​សព្វាវុធ​ដ៏​សំខាន់​មួយ នៅ​ក្នុង​យុទ្ធសាស្រ្ត​ទ័ពនុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ