អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

ក្រុងគៀវ និង​ម៉ូស្គូ​អាច​ដោះលែង​ទៅវិញ​ទៅមក​អ្នកទោស​ម្ខាងៗ

នា​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ លោក​ប្រធានាធិបតី​អ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ បាន បង្ហើប​ឲ្យ​ដឹង ថា មានការ​ព្រមព្រៀង ជាមួយ​សមភាគី​រុស្ស៊ី​របស់​គាត់ លោក វ៉្លាឌីមៀរ ពូទីន អំពី​នីតិវិធី​ដែល​អនុញ្ញាត ឲ្យ​ដោះលែង​ជា​យថាហេតុ រូប​ស្ត្រី​ពីឡុត​អ៊ុយក្រែន ឈ្មោះ ណាឌីយ៉ា សៅឆេនកូ ក្លាយ​ជា​វីរស្ត្រី​អ៊ុយក្រែន​ទៅ​ហើយ។ គាត់ ត្រូវ​បាន​តុលាការ​រុស្ស៊ី កាត់ទោស ឲ្យ​ជាប់ សម្រាប់​អំឡុង​ពេល ២២ឆ្នាំ ក្នុង មជ្ឈមណ្ឌល​អប់រំកែខ្លួន​នៅ​រុស្ស៊ី តាម​បទ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម អ្នកកាសែត​រុស្ស៊ី ពីរនាក់។

លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine និង​សមភាគី​អ៊ុយក្រែន​លោក Petro Porochenko
លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine និង​សមភាគី​អ៊ុយក្រែន​លោក Petro Porochenko AFP PHOTO / RIA NOVOSTI / MIKHAIL KLIME//REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ភ្ជាប់​ខ្សែទូរស័ព្ទ​សន្ទនា​ជាមួយ លោក​ប្រមុខរដ្ឋ​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដោយ ថ្លែង ម្សិលមិញ ក្នុង​សន្និសីទកាសែត​នៅ​ក្រុង​គៀវ លោក​ប្រធានាធិបតី​អ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ បាន​ប្រកាស​ដូច​ត​ទៅ៖​តាម​ខ្ញុំ​ស្មាន យើង​ចេះ​សម្រេច​បាន​ការ​ព្រមព្រៀង​គ្នា លើ នីតិវិធី​ជាក់លាក់ ឆ្ពោះ​ទៅ ដោះលែង​ឲ្យ​មានសេរីភាព ជន​រួម​ឈាមណាឌីយ៉ា របស់​យើង ដែល កំពុង​ធ្វើ កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង តាំង​ពី​ដើម​ខែមេសា​មក ហើយ​ដែល​អាការៈ​សុខភាព​គាត់ ស្ថិត​ក្នុង​គ្រោះថ្នាក់។ ម៉្លោះ​ហើយ បាន​ជា​ខ្ញុំ​ត្រៀម​បញ្ជូន​យន្តហោះ​ប្រធានាធិបតី ជិះ​ដោយ​ពួក អ្នកតំណាង​របស់​ខ្ញុំ ទៅ​ដឹក​គាត់​ត្រឡប់​មក​អ៊ុយក្រែន​វិញ​ឲ្យ​បាន​យ៉ាងឆាប់​បំផុត។ ក្រោយពីថ្លែង យ៉ាងនេះ លោក ប៉ូរ៉ូឆេនកូ បានអញ្ជើញទៅជួប ម្តាយនិងប្អូនស្រី របស់ ស្ត្រីពីឡុត ណាឌីយ៉ា

ហើយ​ដោយ​មិន​លម្អិត​ទេ មេដឹកនាំ​អ៊ុយក្រែន​នេះ​បន្ថែម​ថា ការ​ដែល​តុលាការ​ក្រុង​គៀវ ថ្ងៃចន្ទ ទី១៨មេសា បាន​កាត់ទោស​ទាហាន​រុស្ស៊ី​ពីរ​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ១៤ ឆ្នាំ តាម​បទ បាន ច្បាំង​នៅ​ខាង​ពួក​ឧទ្ទាម​ផ្តាច់​ទឹកដី​រុស្ស៊ីនិយម​នៅ​តំបន់​បះបោរ​ប៉ែក​ខាង​កើត​អ៊ុយក្រែន គឺ​បើក​ជា​ទស្សនវិស័យ​ជាក់លាក់ សម្រាប់​អនុវត្ត យន្តការ​ខាង​ប្តូរ ជាតិ​រុស្ស៊ី​ពីរនាក់​នេះ​ទល់​នឹង​ស្ត្រី​អ៊ុយក្រែន សៅឆេនកូ
ខុទ្ទកាល័យ​ប្រធានាធិបតី​រុស្ស៊ី និង​អ៊ុយក្រែន បាន​ប្រកាស​ល្ងាច​ថ្ងៃ​ចន្ទ​ថា លោក ពូទីន និង លោក ប៉ូរ៉ូឆេនកូ​បាន​ពិភាក្សា អំពី​វាសនា ស្ត្រី សៅឆេនកូ និង ទាហាន​រុស្ស៊ី​ពីរនាក់​នោះ។

តប​នឹង​សំណួរ ជុំវិញ​កិច្ចព្រមព្រៀង​ដែល​លើក​ឡើង ដោយ​លោក ប៉ូរ៉ូឆេនកូ អ្នក​នាំពាក្យ​វិមាន ក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ ប្រកែក​ពុំព្រម​ធ្វើ អត្ថាធិប្បាយ​អ្វី​ណា​ទេ ដោយ​គ្រាន់​តែ​និយាយ សារ​ឡើង​វិញថា ប្រមុខ​រដ្ឋទាំង​ពីរ បាន​ពិភាក្សា​គ្នា​អំពី​វាសនា​ស្ត្រី​ពីឡុត។ ពី​ចំណែក​ខ្លួន លោក​ប្រធានាធិបតី​អ៊ុយក្រែន ក្រោយ​ពី​បាន​សន្ទនា​តាម​ទូរស័ព្ទ ជាមួយ​លោក ពូទីន បាន​សំដែង​សេចក្តី​សង្ឃឹម​ថា សំណុំរឿង​ដើម្បីដោះ​លែង ពលរដ្ឋ​អ៊ុយក្រែន​ផ្សេង​ទៀត ដែល​ឃុំឃាំង​ដោយ​ម៉ូស្គូ មុខ​ជា​នឹង​ វិវឌ្ឍ​បាន​ចម្រើន​ទៅ​មុខ​ពុំ​ខាន។

ក្រុង​គៀវ​ប្រមាណ​ថា មាន​ពលរដ្ឋ​អ៊ុយក្រែន​ម្តុំ ១៣០នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​ខុស​ច្បាប់ នៅ​រុស្ស៊ី នៅទៀប​កោះ​គ្រីមេ​របស់​អ៊ុយក្រែន ហើយ​ភ្ជាប់​ជា​ដែនដី​ឧបសម្ព័ន្ធ របស់​រុស្ស៊ី តាំង​ពី​ខែ​ មីនា ឆ្នាំ២០១៤​មក និង​នៅ​តំបន់​បះបោរ​រុស្ស៊ីនិយម ខាង​កើត​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ