អានតួអត្ថបទ
លីប៊ី

អង្គការសហប្រជាជាតិ​រិះគន់​ប្រទេស​ដែល​រំលោភ​បម្រាម​ស្តីពី​ការលក់បញ្ជូន​អាវុធ​ទៅ លីប៊ី

នៅលីប៊ី ជា​ទី​ដែល​កំពុង​កើតមាន​សង្រ្គាម​ហែកហួរ ដណ្តើមអំណាច​គ្នា​រវាង​រដ្ឋាភិបាល​ខាងលិច និង​រដ្ឋាភិបាល​ខាងកើត ការរំលោភ​បម្រាម​របស់​អង្គការ​សហប្រជាជាតិ ស្តីពីការបញ្ជូន លក់​អាវុធ នៅ​តែបន្ត​កើតមាន។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​អាទិត្យ បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ នៅ​លីប៊ី បាន​បរិហារ​រិះគន់​ក្រុមប្រទេស ដែល​នៅតែ​បន្ត​បញ្ជូន​អាវុធ ទៅចិញ្ចឹម​សង្រ្គាម​លីប៊ី។ 

ទាហាន​រដ្ឋាភិបាល​លីប៊ី ខាងកើត ដែល​គាំទ្រ​ដោយ​តួកគី និង​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ
ទាហាន​រដ្ឋាភិបាល​លីប៊ី ខាងកើត ដែល​គាំទ្រ​ដោយ​តួកគី និង​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ © REUTERS/Ayman Al-Sahili
ផ្សាយពាណិជ្ជកម្ម

សម្រាប់​បេសកកម្ម​អង្គការ​សហប្រជាជាតិ នៅ​លីប៊ី បទឈប់បាញ់ រវាង​ភាគី​ជម្លោះ​លីប៊ី ដែល​កំពុង​តែផុយស្រួយ ទៅហើយ​នោះ កំពុង​គំរាមកំហែង ដោយសារ​តែ​ការបន្ត​ដឹកជញ្ជូន អាវុធ ទៅ​កាន់​ទឹកដី​លីប៊ី។

នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​អាទិត្យ បេសកកម្ម​អង្គការ​សហប្រជាជាតិ ដែល​ប្រចាំការ​នៅ​លីប៊ី រិះគន់ ប្រទេស​មួយចំនួន ដែល​បាន​រំលោភ សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ស្តីពី​ការហាម​លក់​សព្វាវុធ ទៅ​ឲ្យ​លីប៊ី។ តាម​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ ក្រុមប្រទេស​មួយចំនួន ដែល​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​លីប៊ី នៅទីក្រុង​ប៊ែរឡាំង ធ្លាប់​សន្យា​មិន​លូកដៃ ចូល​ជម្លោះផ្ទៃក្នុង​លីប៊ី ប៉ុន្តែ នៅលើ​ទីតាំង​ជាក់ស្តែង ក្រុមប្រទេស​ទាំងនោះ នៅតែបន្ត ដឹកជញ្ជូន អាវុធ បញ្ជូន ទាហាន និង​ទីប្រឹក្សា យោធា របស់​ខ្លួន​ឲ្យ​ទៅ​ជួយ​ភាគីជម្លោះ ដែល​ខ្លួន​គាំទ្រ នៅ​លីប៊ី។ ប្រភពដដែល​បាន​លើកឡើង​ថា ក្នុង​រយៈពេល ១០​ថ្ងៃ​ចុងក្រោយនេះ គេឃើញ មានយន្តហោះ ជាច្រើនគ្រឿង ចុះចត​នៅព្រលាន​យន្តហោះ នៅភាគ​ខាងកើត និង​ភាគខាងលិច លីប៊ី ដើម្បី​ដឹកជញ្ជូន សព្វាវុធ​ធុនទំនើបចុងក្រោយ រថពាសដែក ហើយ​និង​ទាហាន​ទៅ​ឲ្យ​ភាគី ជម្លោះទាំង២ នៅ​លីប៊ី។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​មិន​បាន​និយាយ​ចំៗ ឈ្មោះប្រទេស​ដែល​បាន​រំលោភ​បម្រាម​លក់អាវុធ ទៅ​ឲ្យ​លីប៊ី​ទេ។

នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពីលីប៊ី ដែល​រៀបចំ​នៅទីក្រុង​ប៊ែរឡាំង កាលពី​ថ្ងៃទី ១៩​មករា កន្លងទៅ ក្រុមប្រទេស​មួយចំនួន ដូចជា រុស្ស៊ី អេហ្ស៊ីប អេមីរ៉ាត អារ៉ាប់រួម និង​តួកគី ដែល​គាំទ្រ រដ្ឋាភិបាល​ពីរ​ផ្សេង​គ្នា ធ្លាប់​បាន​សន្យា មិន​លូកដៃ​ក្នុង​ជម្លោះ​លីប៊ី ដែល​មាន​ចាប់តាំង​ពី ការផ្តល់​ហិរញ្ញវត្ថុ ដើម្បី​ពង្រឹង​សមត្ថភាព​យោធា ឬ ការរើសបញ្ជូន​ទាហាន​ស៊ីឈ្នួល ឲ្យ​ទៅជួយប្រយុទ្ធ​ក្នុង​ជួរ​រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី។

សម្រាប់បេសកកម្ម​អង្គការ​សហប្រជាជាតិ ប្រចាំ​លីប៊ី ការរំលោភ​បម្រាម​លក់អាវុធ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​អាច​គំរាមកំហែង ធ្វើ​ឲ្យ​លីប៊ី ធ្លាក់​ចូល​សាជាថ្មី ទៅ​ក្នុង​ការប្រយុទ្ធ សម្លាប់​បង្ហូរឈាមគ្នា។ លីប៊ី ដែល​ទើប​ស្ងប់ស្ងាត់ មួយគ្រា ដោយសារ​បទឈប់បាញ់ កាលពី​ថ្ងៃទី ១២​មករា ដែល​ស្នើ​ឡើង​ដោយ​រុស្ស៊ី និង​តួកគី ប្រទេស​ធំពីរ ដែល​ស្ថិតនៅ​ពីក្រោយ គូបដិបក្ខ សំខាន់​ទាំងពីរ នៅ​លីប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ