អានតួអត្ថបទ
អេហ្ស៊ីប អ៊ីស្រាអែល ប៉ាឡេស្ទីន

អេហ្ស៊ីបធ្វើជាអន្តរការីនៅក្នុងការដោះដូរអ្នកទោសរវាងអ៊ីស្រាអែល និងចលនាប៉ាឡេស្ទីនហាម៉ាស់

នៅ​ថ្ងៃ​សៅរ៍ ទី១២ កញ្ញា ប្រភព​មួយ​មក​ពី​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​បាន​បញ្ជាក់​ប្រាប់ AFP ថា ប្រទេស​អេហ្ស៊ីប​ដើរ​តួ​ជា​អន្តរការី​ស្វែង​រក​កិច្ចព្រមព្រៀង​ដោះដូរ​អ្នកទោស​រវាង​ប្រទេស​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស់។ ព័ត៌មាន​នេះ​បាន​ធ្លាក់​មក ខណៈ​ដែល​អ៊ីស្រាអែល​ទើប​បាន​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​ប្រទេស​បារ៉ែន​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សហរដ្ឋអាមេរិក។ គួរ​រម្លឹក​ថា ហាម៉ាស់​ជា​ចលនា​ប៉ាឡេស្ទីនជ្រុលនិយម​ដែល​បាន​ធ្វើ​សង្រ្គាម​ទល់​នឹង​អ៊ីស្រាអែល​ចំនួន ៣ដង​គិត​តាំង​ពី​ឆ្នាំ ២០០៨។ តែ​ក្រោម​អន្តរការី​របស់​អង្គការសហប្រជាជាតិ ប្រទេស​កាតា និង​ប្រទេស​អេហ្ស៊ីប ភាគី​ជម្លោះ​ទាំង​ពីរ​បាន​ផ្អាក​ឈប់​បាញ់​តាំង​ពី ១ឆ្នាំ​កន្លង​ទៅ។

អេហ្ស៊ីបធ្វើជាអន្តរការីនៅក្នុងការដោះដូរអ្នកទោសរវាងអ៊ីស្រាអែល និងចលនាប៉ាឡេស្ទីនហាម៉ាស់
អេហ្ស៊ីបធ្វើជាអន្តរការីនៅក្នុងការដោះដូរអ្នកទោសរវាងអ៊ីស្រាអែល និងចលនាប៉ាឡេស្ទីនហាម៉ាស់ AFP
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​ទម្លាយ​ដោយ​មន្រ្តី​ចលនា​ហាម៉ាស់​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​ដែល​ថា គណៈប្រតិភូ​អេហ្ស៊ីប​ដឹកនាំ​ដោយ​ឧត្តមសេនីយ​អាម៉េដ អាប់ឌែល ខាលីគ​បាន​ទៅ​ដល់​ដែនដី​ប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្កាហ្សា​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១០ កញ្ញា​ដើម្បី​ជួប​សន្ទនា​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ចលនា​ហាម៉ាស់។ បន្ទាប់​មក ឧត្តមសេនីយ​អេហ្ស៊ីប​រូប​នេះ​ដដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​អ៊ីស្រាអែល​ដើម្បី​ជួប​សន្ទនា​ជាមួយ​ថ្នាក់ដឹកនាំ​អ៊ីស្រាអែល មុន​នឹង​ត្រឡប់​ទៅ​កាន់​តំបន់​ហ្កាហ្សា​ជា​ថ្មី រួច​ទៅ​កាន់​ប្រទេស​អេហ្ស៊ីប​ក្នុង​ថ្ងៃ​សុក្រ ទី១១ កញ្ញា។ គេ​មិន​ដឹង​ថា តើ​ឧត្តមសេនីយ​អេហ្ស៊ីប​បាន​និយាយ​អ្វី​ជាមួយ​ថ្នាក់ដឹកនាំ​ចលនា​ហាម៉ាស់ និង​ថ្នាក់ដឹកនាំ​អ៊ីស្រាអែល​ទេ។

តែ​បើ​តាម​មន្រ្តី​ចលនា​ហាម៉ាស់​មិន​បញ្ចេញ​ឈ្មោះ ចលនា​ហាម៉ាស់​បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ដោះលែង​កូនក្មេង ស្រ្តី និង​អ្នកជំងឺ ព្រម​ទាំង​អ្នកទោស​ប៉ាឡេស្ទីន​ដែល​អ៊ីស្រាអែល​បាន​ដោះលែង​ក្នុង​ឆ្នាំ ២០១១ មុន​នឹង​ត្រូវ​បាន​អ៊ីស្រាអែល​ចាប់​ខ្លួន​ជា​ថ្មី។ ជា​ថ្នូរ​ត្រឡប់​វិញ ចលនា​ហាម៉ាស់​នឹង​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​អ្នកទោស​អ៊ីស្រាអែល។ មន្រ្តី​ចលនា​ហាម៉ាស់​មិន​បញ្ចេញ​ឈ្មោះ ​រូប​នេះ​ដដែល​បាន​បញ្ជាក់​ថា គណៈប្រតិភូ​អេហ្ស៊ីប​កំពុង​ស្វែង​រក​កិច្ចព្រមព្រៀង​ដោះដូរ​មួយ​ដោយ​សង្ឃឹម​ទទួល​បាន​នា​ពេល​ឆាប់ៗ​ខាង​មុខ។

សូម​ជម្រាប​ថា ចលនា​ហាម៉ាស់​ដែល​បាន​គ្រប់គ្រង​តំបន់​ហ្កាហ្សា​តាំង​ពី​ឆ្នាំ ២០០៧ កំពុង​ឃុំ​ទាហាន​អ៊ីស្រាអែល ២នាក់​ដែល​បាន​លួច​ចូល​តំបន់​ហ្កាហ្សា​ក្នុង​ឆ្នាំ ២០១៤ និង ២០១៥ រួម​ទាំង​សព​ទាហាន​អ៊ីស្រាអែល​ចំនួន ២នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​សង្រ្គាម​ចុង​ក្រោយ​ទល់​នឹង​អ៊ីស្រាអែល​ក្នុង​ឆ្នាំ ២០១៤។ ក្រៅ​ពី​ព្យាយាម​ស្វែង​រក​កិច្ចព្រមព្រៀង​ដោះដូរ​អ្នក​ទោស​រវាង​ចលនា​ហាម៉ាស់ និង​អ៊ីស្រាអែល អេហ្ស៊ីប​ក៏​កំពុង​ប្រឹងប្រែង​ចរចា​ឲ្យ​លើក​ការ​បិទខ្ទប់​របស់​អ៊ីស្រាអែល​ទៅ​លើ​តំបន់​ហ្កាហ្សា រួម​ទាំង​ព្យាយាម​ផ្សះផ្សា​រវាង​ភាគី​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា និង​នៅ​តំបន់​ស៊ីហ្សកដានី។

គួរ​រម្លឹក​ថា​គិត​តាំង​ពី​ឆ្នាំ ២០០៨ ចលនា​ហាម៉ាស់ និង​អ៊ីស្រាអែល​បាន​ធ្វើ​សង្រ្គាម​នឹង​គ្នា​ចំនួន ៣ដង។ គឺ​ទើប​តែ ១ឆ្នាំ​កន្លង​ទៅ​ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​លើ​បទឈប់បាញ់​មួយ​ក្រោម​ការ​ជួយ​អន្តរាគមន៍​អង្គការសហប្រជាជាតិ ប្រទេស​កាតារ និង​ប្រទេស​អេហ្ស៊ីប។ តែ​ជា​បទឈប់​បាញ់​ផុយស្រួយ ព្រោះ​មិន​សូវ​បាន​គោរព​ត្រឹមត្រូវ។ គេ​ត្រូវ​រង់ចាំ​ដល់​ដំណាច់​ខែ​សីហា​កន្លង​ទៅ​ថ្មីៗ​នេះ​ទើប​ភាគី​ទាំង​ពីរ​បាន​ប្រកាស​ចេញ​នូវ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បិទបញ្ចប់​ការ​បាញ់​ទៅ​វិញ ទៅ​មក​សឹង​តែ​រាល់​ថ្ងៃ​នៅ​ក្នុង​តំបន់​ហ្កាហ្សា និង​នៅ​ជុំវិញ​តំបន់​ហ្កាហ្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ