អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

នុយក្លេអ៊ែរ៖អ៊ីរ៉ង់បញ្ជាក់ពីការត្រៀមខ្លួនគោរពកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ឲ្យបានពេញលេញ

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ប្រធានាធិបតី​លោក​ហាសាន រ៉ូហានី​បាន​ថ្លែង​ក្នុង​ថ្ងៃ​ពុធ ទី៩ ធ្នូ​ថា អ៊ីរ៉ង់​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​គោរព​ឲ្យ​បាន​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ គួរ​រម្លឹក​ថា កិច្ចព្រមព្រៀង​មួយ​នេះ​ត្រូវ​បាន​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ ២០១៥ ជាមួយ​សមាជិក​អចិន្រ្តៃយ៍​ទាំង ៥ប្រទេស​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បូក​នឹង​ប្រទេស​អាល្លឺម៉ង់។ តែ​ឆ្នាំ ២០១៨ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង និង​ដាក់​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់។ អ៊ីរ៉ង់​បាន​សងសឹក​វិញ​ដោយ​ចាប់​ផ្តើម​មិន​គោរព​កតាព្វកិច្ច​មួយ​ចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង។

ប្រធានាធិបតីអ៊ីរ៉ង់ លោកហាសាន រ៉ូហានី
ប្រធានាធិបតីអ៊ីរ៉ង់ លោកហាសាន រ៉ូហានី Presidencia de Irán/AFP/Archivos
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​សង្កថា​តាម​ទូរទស្សន៍​នា​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ដែល​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​រ៉ូហានី​បាន​ថ្លែង​ថា នៅ​ពេល​ដែល​ភាគី​ហត្ថលេខី​ផ្សេង​ទៀត​ត្រឡប់​ទៅ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ អ៊ីរ៉ង់​ក៏​នឹង​ត្រឡប់​ទៅ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​ភ្លាម​វិញ​ដែរ។ « ខ្ញុំ​ធ្លាប់​បាន​ថ្លែង​រួច​ហើយ​ថា រឿង​ត្រឡប់​ទៅ​គោរព​កិច្ចព្រមព្រៀង​ឲ្យ​បាន​ពេញលេញ​ឡើង​វិញ​មិន​អាស្រ័យ​លើ​ពេល​វេលា​ទេ តែ​វា​អាស្រ័យ​លើ​ឆន្ទៈ » នេះ​ជា​ការ​បញ្ជាក់​របស់​លោក​រ៉ូហានី។ ទោះ​បី​ជា​លោក​រ៉ូហានី​មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ហត្ថលេខី​ណា​មួយ​ក៏​ដោយ​ក៏​គេ​ដឹង​ថា លោក​ចង់​សំដៅ​ខ្លាំង​លើ​សហរដ្ឋអាមេរិក​ដែល​លោក​ដូណាល់ ត្រាំ​បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​កាល​ពី​ឆ្នាំ ២០១៨។

បន្ទាប់​មក គឺ​ប្រទេស​បារាំង អង់គ្លេស និងអាល្លឺម៉ង់​ដែល​បាន​ធ្វើ​ព្រងើយកន្តើយ​នៅ​ចំពោះ​មុខ​ទង្វើ​របស់​លោក​ដូណាល់ ត្រាំ។ គួរ​បញ្ជាក់​ថា ក្រោយ​ពី​បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង លោក​ត្រាំ​ក៏​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់។ ជា​ការ​សងសឹក​វិញ​ចាប់​ពី​ខែ​ឧសភា ឆ្នាំ ២០១៩ អ៊ីរ៉ង់​បាន​ផ្តើម​មិន​គោរព​តាម​កិច្ចសន្យា​មួយ​ចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង។ ការ​បង្ហាញ​ជំហរ​អ៊ីរ៉ង់​របស់​លោក​រ៉ូហានី​ពេល​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​ថ្មី​លោក​ចូ បៃដិន​បាន​បញ្ជាក់​ពី​ការ​ចង់​នាំ​សហរដ្ឋអាមេរិក​ត្រឡប់​ចូល​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើង​វិញ។

ម្យ៉ាង​ទៀត លោក​រ៉ូហានី​ក៏​ចង់​បញ្ជូន​សារ​ទៅ​កាន់​ក្រុម​អ្នកអភិរក្សនិយម​អ៊ីរ៉ង់​ដែល​បាន​ឈ្នះ​ឆ្នោត​សភា​នា​ការ​បោះឆ្នោត​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។ ក្នុង​ថ្ងៃទី២ ធ្នូ សភា​អ៊ីរ៉ង់​បាន​អនុម័ត​ច្បាប់​មួយ​កុំ​ឲ្យ​រដ្ឋាភិបាល​បន្ទន់​ជំហរ​នៅ​ចំពោះ​មុខ​គំនាប​របស់​សហគមន៍​អន្តរជាតិ​ក្នុង​រឿង​នុយក្លេអ៊ែរ។ តែ​លោក​រ៉ូហានី​បាន​ទម្លាយ​ឲ្យ​ដឹង​ជា​ថ្មី​ថា លោក​នឹង​មិន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​នោះ​ទេ ព្រោះ​ច្បាប់​នោះ​អាច​នឹង​រុញ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ​ជា​ថ្មី។ តាម​លោក​រ៉ូហានី ភាគី​អ៊ីរ៉ង់​គ្រប់​និន្នាការ​នយោបាយ​ត្រូវ​និយាយ​សំឡេង​តែ​មួយ​នៅ​ក្នុង​រឿង​នុយក្លេអ៊ែរ។ ដោយឡែក​ក្នុង​ថ្ងៃ​ពុធ ទី៩ ធ្នូ​ដែរ រុស្ស៊ី​ដែល​ជា​ប្រទេស​ហត្ថលេខា​មួយ​នៃ​កិច្ចព្រមព្រៀង​បាន​អំពាវនាវ​កុំ​ឲ្យ​អ៊ីរ៉ង់​ធ្លាក់​ក្នុង​អន្ទាក់អ្នកដទៃ និង​ត្រូវ​បង្ហាញ​ការ​ទទួល​ខុសត្រូវ​អតិបរមា​នៅ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ