អានតួអត្ថបទ
អាមេរិក-ដើមបូព៌ា

អាមេរិកវាយប្រហារលើកងជីវពលដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី

នៅ​ថ្ងៃ​អាទិត្យ ទី២៧ មិថុនា អាមេរិក​បាន​វាយប្រហារ​លើ​ក្រុម​សកម្មប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់​ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច ៥នាក់។ តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល ប្រតិបត្តិការ​សឹក​នេះ​ជា​ការ​សងសឹក​ទល់​នឹង​ការ​វាយប្រហារ​ដោយ​ដ្រូន​ជា​ច្រើន​ដង​ប្រឆាំង​នឹង​ផលប្រយោជន៍​អាមេរិក​ក្នុង​ទឹកដី​អ៊ីរ៉ាក់។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក​លោក​ចន ខឺប៊ី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ការ​វាយប្រហារ​របស់​អាមេរិក​នេះ​បាន​ធ្វើ​ឡើង​តាម​ការ​បញ្ជា​របស់​លោក​ចូ បៃដិន។

អាមេរិកវាយប្រហារលើកងជីវពលដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី
អាមេរិកវាយប្រហារលើកងជីវពលដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី AP - Mosa'ab Elshamy
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​ប្រតិបត្តិការ​ផ្លូវអាកាស​ដោយ​ផ្តោត​លើ​ផ្ទាំងស៊ីប​ចំនួន​ពីរ​របស់​ក្រុមសកម្មប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​តាម​ព្រំដែន​រវាង​ស៊ីរី និង​អ៊ីរ៉ាក់។ ផ្ទាំងស៊ីប​ទី១ គឺ​មជ្ឈមណ្ឌល​ប្រតិបត្តិការ និង​ផ្ទាំងស៊ីបទី២ គឺ​ឃ្លាំងស្តុកអាវុធ។ តាម​ក្រសួង​ការពារជាតិ​អាមេរិក ឬ​មន្ទីរបញ្ចកោណ មាន​មជ្ឈមណ្ឌល​ប្រតិបត្តិការ និង​ឃ្លាំងស្តុកអាវុធ​ចំនួន​ពីរ​កន្លែង​នៅ​ក្នុង​ទឹកដី​ស៊ីរី និង​មួយ​កន្លែង​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ាក់។ តាម​អង្គការ​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី ប្រតិបត្តិការ​ផ្លូវអាកាស​របស់​កងទ័ព​អាមេរិក​នេះ​បាន​សម្លាប់​ក្រុមសកម្មប្រយុទ្ធ​យ៉ាង​តិច ៥នាក់ និង​របួស​ជា​ច្រើន​នាក់។ គួរ​បញ្ជាក់​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ផលប្រយោជន៍​អាមេរិក​ក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ច្រើន​ដង។

បើ​គិត​តាំង​ពី​ដើម​ឆ្នាំ ២០២១ មាន​ការ​វាយប្រហារ​លើ​ផលប្រយោជន៍​អាមេរិក​ប្រមាណ​ជា ៤០ដង រួម​ទាំង​លើ​ទីតាំង​ដែល​ប្រើប្រាស់​ដោយ CIA និង​កម្លាំងពិសេស​ទៀត​ផង។ ការ​វាយប្រហារ​ទាំង​នេះ​ត្រូវ​បាន​រដ្ឋបាល​អាមេរិក​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ក្រុមសកម្មប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់។ អ្នក​នាំ​ពាក្យ​មន្ទីរបញ្ចកោណ​លោក​ចន ខឺប៊ី​បាន​បញ្ជាក់​ថា ក្រុម​សកម្មប្រយុទ្ធ​បាន​ប្រើ​មជ្ឈមណ្ឌល​ប្រតិបត្តិការ និង​ឃ្លាំងស្តុកអាវុធ​នៅ​តាម​ព្រំដែន​រវាង​អ៊ីរ៉ាក់ និង​ស៊ីរី​ដើម្បី​វាយប្រហារ​លើ​ផលប្រយោជន៍​អាមេរិក​ក្នុង​ទឹកដី​អ៊ីរ៉ាក់។ បច្ចុប្បន្ន មាន​ទ័ពអាមេរិក​ជិត ២ ៥០០នាក់​កំពុង​ឈរ​ជើង​នៅ​អ៊ីរ៉ាក់​ក្នុង​ក្របខណ្ឌ​នៃ​កម្លាំងសម្ព័ន្ធមិត្ត​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

ទ័ពអាមេរិក រួម​ទាំង​ទ័ពសម្ព័ន្ធមិត្ត​នៅ​អ៊ីរ៉ាក់​កំពុង​ឈឺក្បាល​នឹង​ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូន​របស់​ក្រុម​សកម្មប្រយុទ្ធ​គាំទ្រ​ដោយ​អ៊ីរ៉ង់ ព្រោះ​ថា ដ្រូន​អាច​គេច​ផុត​ពី​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដែល​ទ័ពអាមេរិក​បាន​ដាក់​តាំង។ តាម​រដ្ឋអំណាច​គួដឌីស្ថាន ដ្រូន​មួយ​ផ្ទុក​ពេញ​ដោយ TNT បាន​ផ្ទុះ​ធ្លាក់​លើ​បញ្ជាការដ្ឋាន​របស់​កម្លាំងសម្ព័ន្ធមិត្ត​នៅ​អាកាសយានដ្ឋាន Erbil ស្ថិត​ប៉ែក​ខាង​ជើង​អ៊ីរ៉ាក់។ បន្ទាប់​មក​ក្នុង​ខែ​ឧសភា ដ្រូន​មួយ​ទៀត​បាន​ផ្ទុះ​ធ្លាក់​លើ​មូលដ្ឋានទ័ព​អ៊ីរ៉ាក់​ដែល​មាន​វត្តមាន​ទ័ព​អាមេរិក។ បន្ទាប់​មក​ទៀត​នា​ដើម​ខែ​មិថុនា​នេះ មាន​ដ្រូន​ចំនួន ៣ បាន​សំដៅ​លើ​អាកាសយានដ្ឋាន​ក្នុង​ក្រុង​បាកដាដ​ដែល​មាន​វត្តមាន​ទ័ពអាមេរិក។ តាម​សេតវិមាន លោក​ចូ បៃដិន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ក្នុង​ថ្ងៃ​ចន្ទ ទី២៨ មិថុនា​ស្តីពី​ការ​វាយប្រហារ​របស់​អាមេរិក​លើ​ទីតាំង​របស់​ក្រុមសកម្មប្រយុទ្ធ​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ