អានតួអត្ថបទ
សហរដ្ឋអាមេរិក-ដើមបូព៌ា

អាមេរិក​កាត់បន្ថយ​ចំនួន​ប្រព័ន្ធ​ការពារ​ដែន​អាកាស​នៅ​តំបន់​ដើមបូព៌ា

២ឆ្នាំ​ក្រោយពង្រឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស​នៅ​តំបន់​ដើមបូព៌ា ក្នុង​បរិបទ​តានតឹង​ជាមួយ​អ៊ីរ៉ង់ អាមេរិក​បាន​សម្រេច​ដកបណ្តើរៗ ប្រព័ន្ធខែលមីស៊ីល​របស់ខ្លួន។ នៅថ្ងៃ​សុក្រ ទី ១៨ មិថុនា អ្នកនាំពាក្យ​របស់​មន្ទីរបញ្ចកោន​បាន​បញ្ជាក់​ការចុះផ្សាយ​របស់​កាសែត​អាមេរិក Wall Street Journal ដែល​ថា អាមេរិក​កំពុង​កាត់បន្ថយ ចំនួន ប្រព័ន្ធការពារ​ដែនអាកាស​នៅតំបន់​ដើមបូព៌ា។ ហេតុអ្វី​អាមេរិក​ដក​ប្រព័ន្ធខែលមីស៊ីល ចេញពីតំបន់​ដើមបូព៌ា នៅពេលនេះ?

ប្រព័ន្ធខែលមីស៊ីល​អាមេរិក Patriot weapons system ដែល​កងទ័ពអាល្លឺម៉ង់ ក្នុងបេសកកម្ម​អូតង់ បាញ់សាកល្បង​នៅ​ឆ្នាំ ២០១៧
ប្រព័ន្ធខែលមីស៊ីល​អាមេរិក Patriot weapons system ដែល​កងទ័ពអាល្លឺម៉ង់ ក្នុងបេសកកម្ម​អូតង់ បាញ់សាកល្បង​នៅ​ឆ្នាំ ២០១៧ AP - Sebastian Apel
ផ្សាយពាណិជ្ជកម្ម

តាម​ការចុះផ្សាយ​របស់​កាសែតអាមេរិកាំង Wall Street Journal ចាប់តាំង​ពី​ខែ​មិថុនានេះ ក្រសួងការពារ​ជាតិ​អាមេរិក​បាន​ចាប់ផ្តើម​ដក ប្រព័ន្ធខែលមីស៊ីល​ចំនួន​៨គ្រឿង ពីក្នុង​ប្រទេស អ៊ីរ៉ាក់ កូវែត ហ្សកដានី និង​អារ៉ាប៊ីសាអូឌីត។

 

អ្នកនាំពាក្យ​របស់​មន្ទីរបញ្ចកោន លោកស្រី មេបញ្ជាការ Jessica McNulty បានបញ្ជាក់ព័ត៌មាន​ចុះផ្សាយ​របស់កាសែត និងថា រដ្ឋមន្រ្តីការពារ​ជាតិ លោក ឡយដ៍ អូស្ទីន Lloyd Austin បាន​បញ្ជា​ឲ្យគេ​ដកចេញ កម្លាំង សមត្ថភាព​ទ័ព និងជាពិសេស សម្ភារៈ​ការពារ​ដែនអាកាស ចេញពី​ប្រទេស​នៅ​តំបន់​ដើមបូព៌ា។

តាម​អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​អាមេរិក នៅពេល​ប្រព័ន្ធខែលមីស៊ីល​មួយចំនួន ត្រូវ​ដឹកត្រលប់ចូល​អាមេរិក សម្រាប់​ជួសជុល កែលម្អ ប្រព័ន្ធខែលមីស៊ីលផ្សេងទៀត ត្រូវ​បង្វែរ បញ្ជូន ទៅកាន់​តំបន់ដទៃទៀត។

ភាគី​អាមេរិក មិនបាន​បញ្ជាក់ថា តើ​គេ​ដក​ប្រព័ន្ធខែលមីស៊ីល ចេញពី​តំបន់​ដើមបូព៌ា ដើម្បី​យកទៅដាក់​នៅ តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ជា​ទី​ដែល​រដ្ឋបាល​លោក​ចូ បៃដិន​កំពុង​ផ្តោត​កម្លាំង ដើម្បី ប្រជែង​ជាមួយ​ចិន ដែរឬយ៉ាងណា​នោះទេ។

ប្រព័ន្ធខែលមីស៊ីល នីមួយៗ ត្រូវការ​វត្តមានទ័ពអាមេរិក​ជាច្រើន​រយនាក់ សម្រាប់​ដាក់ឲ្យដំណើរការ។ ការដក​ប្រព័ន្ធខែលមីស៊ីល​អាមេរិក​យ៉ាងដូច្នេះ នឹងអាច​ធ្វើ​ឲ្យគេ​ជឿថា អាមេរិក​នឹង​សម្រេច​ដកកងទ័ព​របស់ខ្លួន​បន្ថែមទៀត​ចេញពី​តំបន់​ដើមបូព៌ា នៅខណៈពេល​ដែល​អាមេរិក​កំពុង​ត្រៀម​ដកទ័ព​ចេញឲ្យអស់​ពីអាហ្វហ្កានីស្ថាន នៅ​ខែ​កញ្ញាខាងមុខ។ ​អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​អាមេរិក បាន​លម្អិតថា ទោះ​អាមេរិក ដកប្រព័ន្ធខែលមីស៊ីល ប៉ុន្តែ អាមេរិកនៅតែបន្ត​រក្សា​កងទ័ព ហើយ​និង​នៅតែមាន​សមត្ថភាព​អាច​អន្តរាគមន៍​បានឆាប់រហ័ស ក្នុង​កាលៈទេសៈ មានការគំរាមកំហែងណាមួយ។

អាមេរិក​ក្រោមអាណត្តិ​លោកដូណាល់ ត្រាំ បាន​បញ្ជូន​ប្រព័ន្ធការពារ​ដែនអាកាស​ជាច្រើន​គ្រឿង​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់ និង​អារ៉ាប៊ី សាអូឌីត នៅ​ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២០ នៅបន្ទាប់​អ៊ីរ៉ង់ ​បាញ់​សំដៅ​មូលដ្ឋាន​ទ័ពអាមេរិក នៅអ៊ីរ៉ាក់ និង​នៅបន្ទាប់ពី​យន្តហោះ​ដ្រូនអ៊ីរ៉ង់​បាញ់បំផ្លាញ​រោងចក្រ​ចម្រាញ់ប្រេង នៅទឹកដីអារ៉ាប៊ី សាអូឌីត។

សម្រាប់ក្រសែភ្នែក អាមេរិក អ៊ីរ៉ង់​នៅតែ​ជាប្រភពគំរាមកំហែង​សន្តិសុខ នៅតំបន់​ដើមបូព៌ា ប៉ុន្តែ អាមេរិករបស់​លោកចូ បៃដិន​ចង់​កាត់បន្ថយ ភាពតានតឹង ជាមួយ​អ៊ីរ៉ង់ តាមរយៈ ការចង់​វិលត្រលប់​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់។ ការដកប្រព័ន្ធ​ខែលមីស៊ីល​ចេញពី​តំបន់​ដើមបូព៌ា លើកនេះ ក៏អាច​ជា​ចេតនា​មួយ​របស់​រដ្ឋបាល​អាមេរិក ដើម្បី​បន្ទន់ចិត្ត​អ៊ីរ៉ង់ដែរ។

ប៉ុន្តែ ជា​ផ្លូវការ អាមេរិក​បាន​សម្រេច​ដកប្រព័ន្ធ​ខែលមីស៊ីល​ពី​អ៊ីរ៉ាក់ និង​អារ៉ាប៊ី សាអូឌីត ក៏ព្រោះតែ​ក្នុង​ហេតុផលថា ប្រទេស​ទាំងនេះ មាន​សមត្ថភាព យោធា ដើម្បី ការពារ​ខ្លួនឯង ដោយ​មិនចាំបាច់ ​ត្រូវការ​អាមេរិក​នោះទេ ជាពិសេស អារ៉ាប៊ី សាអូឌីត​ដែលបាន​ចំណាយ​ថវិកា សន្ធឹកសន្ធាប់​សម្រាប់​បំពាក់សព្វាវុធ ឲ្យកងទ័ពរបស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ