ភាគខាងត្បូងលីបង់តានតឹងខ្លាំង ក្រោយពីហេសបូឡានិងអ៊ីស្រាអែលបាញ់បោះដាក់គ្នាជាថ្មី
ភាពតានតឹងកំពុងកើតមានខ្លាំងនៅភាគខាងត្បូងបំផុតប្រទេសលីបង់ ក្រោយពីពួកហេសបូឡា ចលនាយុទ្ធជនឈីអ៊ីតលីបង់គាំទ្រដោយអ៊ីរ៉ង់ បានប្រកាសបាញ់រ៉ុកកែតប្រមាណ១០គ្រាប់ទៅលើដែនដីអ៊ីស្រាអែល។ ហើយអ៊ីស្រាអែលក៏បានបាញ់ប្រហារបកមកលើទឹកដីលីបង់វិញជាច្រើន។ កងកម្លាំងរក្សាសន្តិសុខអង្គការសហប្រជាជាតិនៅលីបង់ បានអំពាវនាវឱ្យភាគីទាំងពីរបញ្ឈប់សកម្មភាពយោធា ព្រោះការវាយប្រហារនេះថាជាស្ថានភាពដ៏គ្រោះថ្នាក់បំផុត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៥
គូសត្រូវអ៊ីស្រាអែលនិងចលនាហេសបូឡាលីបង់ បានព្រមព្រៀងនិងហាក់គោរពបទឈប់បាញ់បានល្អ តាំងពីឆ្នាំ ២០០៦មក ប៉ុន្តែស្ថានភាពតានតឹងចាប់កម្រើកឡើងកម្តៅវិញ តាំងពីបីថ្ងៃជាប់គ្នាមកហើយ ពោលគឺតាំងពីមានការលបឆ្មក់វាយប្រហារលើនាវាដឹកប្រេងនៅសមុទ្ទអូម៉ង់ ដែលអាមេរិកចោទថាជាស្នាដៃរបស់អ៊ីរ៉ង់ តែតេហេរ៉ង់បដិសេធមក។
នៅថ្ងៃសុក្រទី ៦សីហានេះ ចលនាហេសបូឡាលីបង់ គាំទ្រដោយអ៊ីរ៉ង់ បានប្រកាសបាញ់រ៉ុកកែតចំនួន១០គ្រាប់ទៅលើដែនដីកសិដ្ឋានរបស់អ៊ីស្រាអែល ត្រង់តំបន់ខ្ពង់រាបហ្កូឡង់ ជាប់ជម្លោះដែលអ៊ីស្រាអែលបានកាន់កាប់តាំងពីឆ្នាំ១៩៦៧មក។ សម្រាប់កងយុទ្ធជនឈីអ៊ីតលីបង់គាំទ្រដោយអ៊ីរ៉ង់ នេះជាការតបតទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់យោធាអ៊ីស្រាអែលមកក្បែរភូមិប្រជាជនពីរនៅភាគត្បូងប្រទេសលីបង់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ចលនាឈីអ៊ីតហេសបូឡាលីបង់។
ចំណែកខាងអ៊ីស្រាអែលវិញ ក្រុមយោធាបានចេញសេចក្តីថ្លែងការណ៍ប្រកាសដែរ ជាចម្លើយតបនឹងរ៉ុកកែតទាំង១០គ្រាប់បាញ់ចេញពីលីបង់ អ៊ីស្រាអែលបានផ្តើមប្រតិបត្តិការវាយប្រហារ ទម្លាក់គ្រាប់បែក គ្រាប់ធំៗ លើទីតាំងតម្កល់រ៉ុកកែតលើទឹកដីលីបង់ នៅតំបន់កូនភ្នំ Kafarchouba ដែលពុំសូវមានប្រជាជនរស់នៅច្រើន។ ក្នុងពេលជាមួយគ្នានេះ យន្តហោះអ៊ីស្រាអែលបានហោះឆ្វែលលើផ្ទៃអាកាសនៃតំបន់ដ៏ធំទូលាយរបស់លីបង់ទៀត។ ក្រុមយោធាអ៊ីស្រាអែលបានគូសបញ្ជាក់បន្ថែមថា តាំងពីថ្ងៃព្រហស្បតិ៍មក មានរ៉ុកកែតជាច្រើនបានបាញ់ចេញពីលីបង់សំដៅដែនដីអ៊ីស្រាអែល តែសំណាងល្អ ប្រព័ន្ធខែលការពារប្រឆាំងមីស៊ីល បានកាក់ចាប់បានជាច្រើនគ្រាប់ ទើបពុំបង្កឱ្យមានការខូតខាតជាសម្ភារៈ និងជនរងគ្រោះ។
ប្រឈមនឹងស្ថានភាពបែបនេះ កងកម្លាំងអន្តរាគមន៍របស់អង្គការសហប្រជាជាតិនៅលីបង់ ឬទ័ពមួកខៀវ បានអំពាវនាវឱ្យភាគីបក្សដិបក្សទាំងពីរ ពោលគឺ ចលនាឈីអ៊ីតលីបង់គាំទ្រដោយអ៊ីរ៉ង់ ហេសបូឡា និងអ៊ីស្រាអែល បញ្ឈប់រាល់គ្រប់សកម្មភាពយោធាវាយប្រហារគ្នា ព្រោះកាយវិការនេះជាតំណាងគ្រោះថ្នាក់ខ្លាំងណាស់។ មេបញ្ជាការបេសកកម្មអង្គការសហប្រជាជាតិកំពុងតែទាក់ទងទៅភាគីទាំងពីរហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ