អានតួអត្ថបទ
អ៊ីស្រាអែល-ម៉ារ៉ុក-ទំនាក់ទំនងអន្តរជាតិ

អ៊ីស្រាអែល​និង​ម៉ារ៉ុក​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិ​សាស្ត្រ​ក្រោយ​ភ្ជាប់​ទំនាក់​ទំនង​ការ​ទូត​នឹង​គ្នា

រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីស្រាអែល​និងម៉ារ៉ុក​បាន​ចុះ​កិច្ចព្រមព្រៀង​នឹងគ្នា​ចំនួន​៣​ កាល​ពី​ថ្ងៃ​ពុធ​ ទី១១ សីហា​ម្សិលមិញ​។ កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ​ធ្វើឡើង​ក្នុង​អំឡុង​ដំណើរ​ទស្សនិក​ជាលើក​ដំបូង​របស់​មន្ត្រីជាន់ខ្ពស់នៃរដ្ឋជ្វីហ្វ​ និង​ក្រោយពេល​ដែល​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ចាប់​ត្រលប់​មក​ជានា​នឹងគ្នា​ធម្មតា​វិញ​កាល​ឆ្នាំ​ទៅមិញ​។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក យ៉ាអៀ ឡាភីដ (Yair Lapid) និងសមភាគីម៉ារ៉ុកលោក ណាស៊ែរ ប៊ូរីតា (Nasser Bourita) ផ្លាស់ប្តូរឯកសារគ្នានៅទីក្រុងរ៉ាបាប្រទេសម៉ារ៉ុក នាថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក យ៉ាអៀ ឡាភីដ (Yair Lapid) និងសមភាគីម៉ារ៉ុកលោក ណាស៊ែរ ប៊ូរីតា (Nasser Bourita) ផ្លាស់ប្តូរឯកសារគ្នានៅទីក្រុងរ៉ាបាប្រទេសម៉ារ៉ុក នាថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១។ REUTERS - YOUSSEF BOUDLAL
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀងទាំង៣​ ដែល​រដ្ឋមន្ត្រីការបរទេស​អ៊ីស្រាអែល​លោក យ៉ាអៀ ឡាភីដ​ (Yair Lapid) និងសមភាគី​ម៉ារ៉ុក​លោក ណាស៊ែរ ប៊ូរីតា​ (Nasser Bourita) បាន​ចុះហត្ថលេខា​រួមមាន​ការពិគ្រោះយោបល់ផ្នែកនយោបាយ​ អាកាសចរណ៍​ និង​វប្បធម៌​។

ប្រមុខ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​ឡាភីដ​បាន​ប្រាប់អ្នក​សារព័ត៌មានថា​កិច្ច​ព្រមព្រៀង​នេះ​នឹងនាំមកនូវ​ការផ្លាសប្តូរថ្មី​ក៏ដូចជា​ឱកាស​ដែលជាការ​ហុច​ប្រយោជន៍​ដល់​ក្មេងជំនាន់​ក្រោយម៉ារ៉ុក​និងអ៊ីស្រាអែល​នាអនាគតខាងមុខ​។

គួរបញ្ជាក់ថា​ទំនាក់ទំនង​រវាងរដ្ឋ​អ៊ីស្រាអែល​ និងម៉ារ៉ុក​បាន​ចាប់​វិល​ត្រលប់​មក​ជានា​នឹងគ្នា​ធម្មតាឡើងវិញ​និង​បាន​ឈានដល់កិច្ចព្រមព្រៀម​មួយដែរ​កាលពីឆ្នាំទៅមិញ​ ដោយ​មាន​ការ​​​ជួយ​ជ្រោម​ជ្រែង​ពី​រដ្ឋបាល​អាមេរិក​សម័យលោកដូណាល់ ត្រាំ​។

ជា​ថ្នូរ​នឹង​ការ​សម្រួល​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែលកាលណោះ​ អាមេរិក​បាន​ប្រកាស​ទទួល​ស្គាល់​អធិបតេយ្យ​ភាព​របស់​ម៉ា​រ៉ុ​ក​ក្នុង​តំបន់​សាហា​រ៉ា​ខាងលិច។​ ហើយម៉ារ៉ុកក៏បាន​ក្លាយ​ជារដ្ឋ​អារ៉ាប់ទី ៤ ដែល​បាន​ភ្ជាប់ទំនាក់ទំនងជាមួយ​អ៊ីស្រាអែលកាលពី​​ឆ្នាំ​២០២០ បន្ទាប់ពី​អេមីរ៉ាតអារ៉ាប់រួម​ បារ៉ែន​ និង​ស៊ូដង់​។

ក្រៅពីបាន​ចុះកិច្ចព្រមព្រៀង​ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល​លោកឡាភីដ​ ក៏ត្រូវ​បើក​ជា​ផ្លូវការ​ដែរ​តំណាង​ការ​ទូត​របស់អ៊ីស្រាអែល​នៅ​រដ្ឋធានី​រ៉ាបា​ក្នុង​ប្រទេស​ម៉ារ៉ុក​នាថ្ងៃព្រហស្បតិ៍នេះ​។ លោកឡាភីដ​បានលើកឡើងថា​លោកផ្តោតសំខាន់​លើការ​ចង​ស្ពាន​មេត្រី​រវាង​អ៊ីស្រាអែល​និង​ប្រទេស​អារ៉ាប់​។

ស្ថានទូតអាមេរិក​ប្រចាំនៅទីក្រុងរ៉ាបា​នៃ​ប្រទេសម៉ារ៉ុក​បានហៅដំណើរទស្សនកិច្ច​របស់មន្ត្រី​ជាន់ខ្ពស់​អ៊ីស្រាអែល​ថាជាការបោះជំហាន​ទៅមុខ​​ដ៏សំខាន់មួយ​។ តាមរយៈសារ​នៅ​លើ​បណ្តាញ​សង្គមធ្វីតទ័រ​ ស្ថានទូត​អាមេរិក​និយាយថា​ការ​ពង្រឹង​ទំនាក់ទំនង​អ៊ីស្រាអែល​-ម៉ារ៉ុក​នឹង​ជួយឲ្យ​សន្តិភាព​និងវិបុលភាព​រីកលូតលាស់​ក្នុងតំបន់។

គួរជ្រាបដែរថា​ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល​ទៅកាន់​ប្រទេស​ម៉ារ៉ុក​ធ្វើឡើង​បន្ទាប់ពី​ក្រុម​សិទ្ធិមនុស្សកាលពីខែមុន​ចោទប្រកាន់ម៉ារ៉ុកថា​បាន​ប្រើ​កម្មវិធី Pegasus របស់ក្រុមហ៊ុនអ៊ីស្រាអែល​ដើម្បីស៊ើបយកការណ៍​។ ប្រមុខការបរទេសអ៊ីស្រាអែល​បានបដិសេធយ៉ាងដាច់​អហង្ការ​ចំពោះ​ការ​ចោទប្រកាន់នេះ​ និង​បានឲ្យដឹង​ថា​លោក​កំពុង​ប្តឹង​ក្រុម​សិទ្ធិមនុស្សទាំងនោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ