អានតួអត្ថបទ
អ៊ីរ៉ង់-អវកាស

អ៊ីរ៉ង់បង្ហោះ​កាំជ្រួចអវកាស​ ចំពេល​កំពុង​​​ផ្តើម​បើក​កិច្ចចរចា​នុយក្លេអ៊ែរឡើងវិញ

អ៊ីរ៉ង់បាន​ប្រកាស​ជូនដំណឹង នៅ​ថ្ងៃព្រហស្បតិ៍​ទី ៣០​ធ្នូ ២០២១នេះ ​ស្តី​ពី​ការបាញ់​បង្ហោះរ៉ុកកែត ពាំ​កាំជ្រួចស្រាវជ្រាវ ​ចំនួន​បី​គ្រឿង ទៅ​ក្នុង​​​អវកាស។ គម្រោង​ស្រាវជ្រាវ​អវកាស​​នេះច្បាស់​ជា​​នឹង​ធ្វើ​ឱ្យ​សហគមន៍​លោក​ខាង​លិច ដែល​ទើប​បើក​កិច្ចចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើង​វិញ ​ខឹង​ និង​ថ្កោល​ទោស​ក្រុង​តេហេរ៉ង់ ​ជាក់​ជា​ពុំ​ខាន។

អ៊ីរ៉ង់​បាញ់​​​កាំជ្រួចអវកាស​ ចំពេល​កំពុង​ចាប់​ផ្តើម​បើក​កិច្ចចរចា​នុយក្លេអ៊ែរឡើងវិញ
អ៊ីរ៉ង់​បាញ់​​​កាំជ្រួចអវកាស​ ចំពេល​កំពុង​ចាប់​ផ្តើម​បើក​កិច្ចចរចា​នុយក្លេអ៊ែរឡើងវិញ - IRANIAN DEFENCE MINISTRY/AFP
ផ្សាយពាណិជ្ជកម្ម

ការ​បាញ់​រ៉ុកកែត​បង្ហោះ​ផ្កាយ​រណប​Simorgh បាន​ពាំម៉ាស៊ីនស្រាវជ្រាវអវកាស​ចំនួន​បី​គ្រឿង នៅ​ក្នុង​លំហអាកាស។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​អ្នក​នាំពាក្យ​ស្ថាប័ន​អវកាស​នៃក្រសួងការពារ​ជាតិ​អ៊ីរ៉ង់ លោក Ahmad Hosseini ដែលបាន​បញ្ជាក់​ទៀត​ថា ​គម្រោង​ការស្រាវជ្រាវ​អវកាស​អ៊ីរ៉ង់​ បាន​​​សម្រេច​កម្មវត្ថុ​របស់​ខ្លួន​ហើយ។

ដោយមិនផ្តល់​ព័ត៌មាន​លម្អិត លោក Hosseini បាន​អះអាង​ថា​ នេះ​ជា​ការ​បាញ់​សាកល្បង​ទេ ហើយ​ប្រតិបត្តិការ​មែនទែន​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ពេល​អនាគត​ដ៏​ឆាប់ៗ​នេះ។ សារព័ត៌មាន​អ៊ីរ៉ង់​ក្នុង​ស្រុក មិនបាន​បញ្ជាក់​ថា​តើ​កាំជ្រួច​នេះ​​បាញ់​ចេញ​ពី​ទីណា​ទេ។ ទូរទស្សន៍​ជាតិ​ បាន​ត្រឹម​បង្ហាញ​រូប​ភាព​ខ្លី​មួយ នៃការ​បាញ់​រ៉ុកកែត​ចេញ​ពី​ទី​វាល​ខ្សាច់​ដាច់​កន្ទុយភ្នែក ជាមួយ​សារ​អបអរ​កោត​សរសើរ​ស្នាដៃថ្មី​មួយ​ទៀត​​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អ៊ីរ៉ង់​តែប៉ុណ្ណោះ។​

បើតាម​សារព័ត៌មានអាមេរិក ចេញ​ផ្សាយ​កាលពី​ដើមខែ​ធ្នូ ដោយ​មាន​សម្រង់​សំដី​របស់​អ្នក​ជំនាញ​និង​រូបភាព​ផ្កាយ​រណប​ជា​សំអាង​ សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ បាន​​ត្រៀមលក្ខណៈ​បាញ់​កាំជ្រួច​​ចេញ​ពី​មជ្ឈមណ្ឌលអវកាស​Semnan ដែល​ស្ថិត​នៅ​ភាគ​ខា​ង​កើត​ចម្ងាយ​ប្រមាណ​៣០០​គីឡូម៉ែត្រ​​ពី​រដ្ឋធានី​តេហេរ៉ង់។

​ប៉ុន្តែ​អ្វី​ជា​ការ​គួរ​ឱ្យកត់​សម្គាល់​ខ្លាំង ការ​បាញ់​បង្ហោះផ្កាយ​រណប​សាកល្បង​អ៊ីរ៉ង់​​​នេះ ប្រព្រឹត្ត​ទៅក្នុង​ខណៈ​ដែល​អ៊ីរ៉ង់​និង​​​ក្រុមប្រទេសមហាអំណាច បារាំង​ អង់គ្លេស អាល្លឺម៉ង់ រុស្ស៊ី​ ចិន កំពុង​ចាប់ផ្តើម​ជួប​ប្រជុំ​គ្នា ដើម្បី​ស្តារ​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់​សម្រេច​បានកាលពី​ឆ្នាំ​២០១៥ បន្ទាប់​ពី​ជាប់​គាំង​អស់​ជាច្រើន​ខែ។ ការ​ចរចា​ឡើង​វិញ ដោយ​មាន​​​សហរដ្ឋ​អាមេរិកចូលរួមដោយ​ប្រយោល ដែល​បើ​តាម​ភាគីអ៊ីរ៉ង់​ផ្ទាល់ ​កំពុង​​ទទួល​លទ្ធផលគួរ​ជាគាប់​ចិត្ត​ អាច​នឹងត្រូវ​ជួប​ភាព​រអាក់​រអួល​ជាថ្មី ដោយ​សារ​ការ​បាញ់​បង្ហោះកាំជ្រួច​ថ្ងៃ​នេះ។ បស្ចឹម​លោក​ច្បាស់​ជា​​នឹងខឹង​សម្បារ ហើយ​​ធ្វើ​ការ​ថ្កោលទោស អ៊ីរ៉ង់​ថា​បាន​រំលោភ​​កិច្ចព្រមព្រៀងអន្តរជាតិ​​ដែល​​​អ៊ីរ៉ង់​សន្យា​បញ្ឈប់​​រាល់​គ្រប់​​សកម្មភាពនុយក្លេអ៊ែរ មីស៊ីលបាលីស្ទិក​ រាប់​ទាំង​ការ​បាញ់​សាកល្បង​ដោយ​ប្រើបច្ចេកវិទ្យា​មីស៊ីល​​​បាលីស្ទីក​ផង។

សូម​បញ្ជាក់​ថា​ ​តាំងពី​ឆ្នាំ​២០២០​មក អ៊ីរ៉ង់​បាន​បង្កើន​សកម្មភាពអវកាស​ ដោយបាន​បាញ់​បង្ហោះ​ផ្កាយ​រណបយោធា​ ស៊ីវិល​ជា​ច្រើន​លើក​សា​តែមិនបាន​ជោគជ័យ។ ​បស្ចឹម​លោក​ក៏​ដូច​ជាសហរដ្ឋអាមេរិក​​ សង្ស័យ​ថា អ៊ីរ៉ង់​កំពុង​តែសាកល្បង​អភិវឌ្ឍ​បច្ចេកវិទ្យា​អវកាស​ ដើម្បី​ឈាន​ទៅ​សម្រេច​បច្ចេកវិទ្យា​បាញ់មីស៊ីលបាលីស្ទិក​រយៈឆ្ងាយ​មាន​ពាំ​​អាវុធនុយក្លេអ៊ែរបាន​​ មិនមែន​ត្រឹម​ដើម្បី​ទាញ​ប្រយោជន៍​ពាណិជ្ជកម្មទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ