អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត-យេម៉ែន

អារ៉ាប៊ីសាអូឌីត ប្រកាស​បើកប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ នៅ​យេម៉ែន

អារ៉ាប៊ីសាអូឌីត ដែល​ជា​មេដឹកនាំសម្ព័ន្ធ​អន្តរជាតិ​ បាន​ប្រកាស​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​ហ៊ូទី នៅ​យេម៉ែន។ ជា​ប្រតិបត្តិការ​សង​សឹក​នឹង​ពួក​ឧទ្ទាម​ ដែល​បាន​បាញ់​​មីស៊ីលបាលីស្ទិក មក​លើ​ទឹក​ដី​អារ៉ាប៊ីសាអូឌីត និង​បណ្តាល​ស្លាប់​មនុស្សពីរនាក់ និងរបួស​៧នាក់។

អាគារ​មួយ​ក្នុង​អាកាសយានដ្ឋាន​ក្រុង​សាណារង​ការ​ខូច​ខាត ក្រោយ​ការវាយប្រហារ​របស់​កងកម្លាំង​សម្ព័ន្ធ​អន្តរជាតិ
អាគារ​មួយ​ក្នុង​អាកាសយានដ្ឋាន​ក្រុង​សាណារង​ការ​ខូច​ខាត ក្រោយ​ការវាយប្រហារ​របស់​កងកម្លាំង​សម្ព័ន្ធ​អន្តរជាតិ REUTERS - KHALED ABDULLAH
ផ្សាយពាណិជ្ជកម្ម

អារ៉ាប៊ីសាអូឌីត​បាន​ដឹកនាំ​កងកម្លាំង​សម្ព័ន្ធអន្តរជាតិ ជួយ​រដ្ឋាភិបាល​យេម៉ែន​ធ្វើ​សង្គ្រាមទល់​នឹង​ពួក​ឧទ្ទាមហ៊ូទី តាំងពី​ឆ្នាំ​២០១៥មក។ ហើយ​ពួក​ឧទ្ទាម​ហ៊ូទី ដែល​ស្និទ្ធ​នឹង​អ៊ីរ៉ង់ តែង​វាយប្រហារដោយមីស៊ីល និងដ្រូន​​ពី​យេម៉ែន​​មក​លើ​ទឹកដី​អារ៉ាប៊ីសាអូឌីត​វិញ​ជា​រឿយៗ​ សំដៅលើ​ហេដ្ឋារចនា​សម្ព័ន្ធ​បូមប្រេង ឬ​អាកាសយានដ្ឋាន។ ប៉ុន្តែ​ថ្ងៃនេះ​ជា​លើក​ទីមួយ គិត​ចាប់​តាំងពី(២០១៨) ​បី​ឆ្នាំចុងក្រោយ​មក ដែល​ការវាយប្រហារ​របស់​ពួក​ហ៊ូទី បាន​បង្ក​ឱ្យ​មាន​ការ​បាត់​បង់​ជីវិត មនុស្ស​​ពីរ​នាក់ ម្នាក់​ជា​ជនជាតិ​អារ៉ាប៊ីសាអូឌីត និង​ម្នាក់​ជា​ជនជាតិ​យេម៉ែន ព្រមទាំងមានអ្នក​របួស​៧នាក់​ ក្នុងនោះ​៥នាក់​ជា​ជនជាតិ​អារ៉ាប៊ីសាអូឌីត។

នៅក្នុង​សេចក្តី​ថ្លែងការណ៍ ពួក​ឧទ្ទាម​ហ៊ូទី​បានបញ្ជាក់​អំពី​ការ​វាយប្រហារ​ដោយ​បាញ់​មីស៊ីល​បាលីស្ទីកចំនួន បី​គ្រាប់​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយប្រហារផ្លូវអាកាស​​របស់​កងកម្លាំង​សម្ព័ន្ធមិត្ត​​មកលើតំបន់​របស់​ពួក​ឧទ្ទាម​ហ៊ូទី រហូត​មាន​ស្លាប់​ជនស៊ីវិលបីនាក់ និងរបួស​៦នាក់។ អ្នកនាំពាក្យ​របស់ពួក​ឧទ្ទាម​ហ៊ូទី ថែម​ទាំង​បាន​ព្រមាន​ នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​ថា អារ៉ាប៊ីសាអូឌីត​​នឹង​ទទួលការ​ឈឺ​ចាប់ខ្លាំង​ ​ប្រសិន​បើ​នៅ​តែបន្ត​សកម្មភាពឈ្លានពាន​និង​ឧក្រិដ្ឋ​មក​លើ​យេម៉ែនទៀត។

សម្រាប់រីយ៉ាដ ការ​វាយប្រហារ​ផ្លូវអាកាសនេះ​​គឺ​បណ្តាលមកពី​ពួក​ឧទ្ទាម​បង្ក​ហេតុ​បញ្ជា​ដ្រូន​ឱ្យ​ធ្វើ​សកម្មភាព​មុនទេ។ ហើយ​ឥលូវ​មានការវាយប្រហារ​ដោយ​មីស៊ីលដល់ស្លាប់​ទៀត ដូច្នេះ សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ ​នឹង​​បើក​ប្រតិបត្តិការយោធា​ទ្រង់ទ្រាយ​ធំ ប្រឆាំង​នឹងឧទ្ទាមហ៊ូទី​នៅយេម៉ែន​តែម្តង។ សម្ព័ន្ធ​អន្តរជាតិនឹង​ធ្វើ​សន្និសីទកាសែតមួយ​​ នៅ​ថ្ងៃ​អាទិត្យ​ទី ២៦​ធ្នូ​។

សូម​បញ្ជាក់​ថា នារយៈ​ពេលប៉ុន្មានថ្ងៃ​មកនេះ មានការប្រយុទ្ធតតាំង​គ្នាយ៉ាង​សន្ធាប់​នៅតំបន់​អាកាសយានដ្ឋានក្រុង​សាណា ដែលជា​ហេតុ​ធ្វើ​ឱ្យ​ប្រតិបត្តិការ​ផ្តល់ជំនួយ​មនុស្សធម៌​ត្រូវ​រអាក់​រអួល​យ៉ា​ង​ខ្លាំង។ បើ​តាមអង្គការសហប្រជាជាតិ សង្គ្រាម​យេម៉ែន​បាន​សម្លាប់ជីវិតមនុស្ស​អស់​ជាង​៣៧៧០០០នាក់ ក្នុង​នោះជាង​ពាក់កណ្តាលបានស្លាប់​ដោយ​ខ្វះ ទឹក ខ្វះអាហារ និង​មានជំងឺ។ សង្គ្រាម​នៅ​យេមែន​និង​ស៊ីរី ជា​សោកនាដកម្ម​ដ៏ធំធេង​និង​ដែលគេ​ភ្លេច​ចោល។ នេះ​ជា​សង្ឃ​ដីការ​របស់​សម្តេច​ប៉ាប​ហ្វ្រង់ស័រ ក្នុង​ពេល​ជូន​ពរ​បុណ្យណូអែលឆ្នាំ​២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ