អានតួអត្ថបទ
អ៊ីស្រាអែល-លីបង់

កងទ័ព​អ៊ីស្រាអែល បាញ់ស្ទាក់​ដ្រូន​របស់​ក្រុមហេសបូឡា ដែល​សំដៅ​ចូល​មក​​ស្ថានីយ​បូមហ្កាស

កងទ័ពអ៊ីស្រាអែល បាន​អះអាងថា គេបាន​បាញ់ស្ទាក់កំទេចយានដ្រូនចំនួន៣គ្រឿង របស់ក្រុម​ហេសបូឡាលីបង់ នៅថ្ងៃអាទិត្យ​ទី​៣កក្កដា។ យោងតាម​កងទ័ពអ៊ីស្រាអែល យានដ្រូនទាំងនេះ ត្រូវបានបញ្ជាដោយ​ក្រុមហេសបូឡាលីបង់ ហោះសំដៅទៅធ្វើ​ប្រតិបត្តិការ​ នៅ​ស្ថានីយ័​បូមហ្កាសដ៏ធំមួយ ឈ្មោះ Karish ក្នុងសមុទ្រម៉េឌីទែរ៉ាណេ។

ទាហានជើងទឹកអ៊ីស្រាអែល កំពុងឆ្លុះមើល នៅក្បែរស្ថានីយ៍​បូមហ្កាស Leviathan gas field ពីលើ​នាវាចម្បាំង​ Atzmaut ។ ថ្ងៃទី ១ កញ្ញា ២០២១
ទាហានជើងទឹកអ៊ីស្រាអែល កំពុងឆ្លុះមើល នៅក្បែរស្ថានីយ៍​បូមហ្កាស Leviathan gas field ពីលើ​នាវាចម្បាំង​ Atzmaut ។ ថ្ងៃទី ១ កញ្ញា ២០២១ AP - Ariel Schalit
ផ្សាយពាណិជ្ជកម្ម

យោងតាមលិខិតប្រកាស របស់​ក្រុមហេសបូឡាលីបង់ គឺគេបានបញ្ជាយានដ្រូនគ្មានមនុស្សបើក ចំនួន​៣គ្រឿង ឆ្ពោះទៅកាន់ស្ថានីយ៍​បូមហ្កាស Karish ដែលស្ថិតក្នុង​តំបន់ជម្លោះ​រវាង​អ៊ីស្រាអែល និង​លីបង់​ ក្នុងសមុទ្រម៉េឌីទែរ៉ាណេ។ ដោយ​មិនបញ្ជាក់ថា ដ្រូនត្រូវបានគេស្ទាក់បាន ក្រុមហេសបូឡា អះអាងថា​បេសកម្មរ​បស់យានដ្រូន​ទាំងនេោះ គឺដើម្បី​ប្រមូលទិន្នន័យ​ព័ត៌មាន។​

ដោយ​ឡែក​ ផ្អែកតាម​​ក្រសួងការពារជាតិអ៊ីស្រាអែល យានដ្រូនទាំងនោះ​ ត្រូវបានគេស្ទាក់បាញ់​កំទេចបាន​ មុននឹងហោះចូលទៅជិតតំបន់ Karish។ ប្រភពដដែលអះអាងថា ដ្រូន១ក្នុងចំណោម​៣គ្រឿង ត្រូវបានយន្តហោះចម្បាំងអ៊ីស្រាអែល ចាប់រលកសញ្ញាបាន ចំណែក​២គ្រឿងទៀត ត្រូវបាន​​ស្ទាក់ចាប់​​បាន​​ ដោយ​នាវាចម្បាំង​អ៊ីស្រាអែល។

គួរបញ្ជាក់ថា ស្ថិតក្នុងបរិបទវិបត្តិថាមពល ប្រេងនិងហ្កាសកាន់តែឡើងថ្លៃ ស្ថានីយ៍បូម​ហ្កាស​Karish របស់អ៊ីស្រាអែល កំពុងបង្កឲ្យ​មានការច្រណែនយ៉ាងខ្លាំងពី​លីបង់ ដែលអះអាងថាស្ថានីយនេះ​ស្ថិត​នៅក្នុងតំបន់​​មានជម្លោះ។ តែយ៉ាងណា អ៊ីស្រាអែល​អះអាងថា ស្ថានីយ៍នេះ​ស្ថិតនៅក្នុងតំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់ខ្លួន ពោលគឺនៅ​ឆ្ងាយ​​ច្រើន​គីឡូម៉ែត្រ ពីតំបន់​​ដែល​អ៊ីស្រាអែល និង​លីបង់​​កំពុង​​ចរចាគ្នា។ យ៉ាងណាមិញ យោង​តាម​រូបភាព​ផ្កាយរណប ចុះផ្សាយ​​ដោយ​​កាសែតអ៊ីស្រាអែល Haaretz គឺស្ថានីយ៍បូមឧស្ម័ន Karish ទំនងជាស្ថិត​នៅក្នុងដែនទឹក​អ៊ីស្រាអែល​មែន។​

គួររំលឹកដែរថា ក្រុមហេសបូឡាលីបង់​ តែងតែត្រូវបាន​អ៊ីស្រាអែលចោទប្រកាន់ថា គឺជា​ក្រុម​ភេរកម្ម​​អាយ៉ង​របស់អ៊ីរ៉ង់ ដែល​ជា​សត្រូវ​ស្លាប់រស់​នឹងអ៊ីស្រាអែល។ ហេតុការណ៍​បាញ់​ស្ទាក់​ដ្រូន​​របស់​ហេសបូឡា​នេះ បានកើតឡើងមួយថ្ងៃ ក្រោយការចូលកាន់តំណែង របស់​លោកនាយករដ្ឋមន្ត្រីថ្មីអ៊ីស្រាអែល Yaïr Lapid ។ នៅក្នុងសុន្ទរកថាស្បថចូលកាន់តំណែង លោក​ Yaïr Lapid បាន​ប្រកាសថា លោកសូមផ្តាំប្រាប់ទៅដល់ ពពួកមនុស្ស ដែល​ចង់​បំផ្លាញ ចង់កំទេចអ៊ីស្រាអែល មិនថា​នៅ​​ហ្កាហ្សា នៅ​តេអេរ៉ង់ នៅ​លីបង់ និង​ទាំងនៅ​ស៊ីរី  កុំមកចង់​​ល្បង​កម្លាំង​ជាមួយ​អ៊ីស្រាអែល​ឲ្យសោះ ព្រោះ​អ៊ីស្រាអែល មានវិធី​​ប្រើ​ប្រាស់​​កម្លាំង​តបវិញ ដើម្បី​​ទប់ទល់​​នឹង​ការគំរាមទាំងឡាយរបស់សត្រូវ យ៉ាងមាន​ប្រសិទ្ធភាពបំផុត។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ