អានតួអត្ថបទ
ស៊ីរី-មនុស្សធម៌

ក្រោយ​វេតូ​រុស្ស៊ី ស៊ីរីប្រឈម​នឹង​គ្រោះហន្តរាយ​មនុស្សធម៌

ប្រជាពលរដ្ឋ​ស៊ីរី ដែល​ជាប់​កុន​នៅភាគ​ពាយ័ព្យ​ប្រទេស បាន​ស្រែក​អាសន្ន​ នៅ​ថ្ងៃ​សៅរ៍ទី ០៩​កក្កដា​នេះ ក្រោយ​ពី​បាន​ឃើញ​រុស្ស៊ី​ប្រើ​សិទ្ធិ​វេតូ​នៅក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​ប្រឆាំងគម្រោង​សេចក្តី​សម្រេច​ចិត្ត​បន្ត​ជំនួយ​មួយ​ឆ្នាំទៀត​នៅស៊ីរី។ គ្មាន​ជំនួយ​ពី​អង្គការ​សហប្រជាជាតិ ​ស៊ីរី​នឹង​​ធ្លាក់ក្នុង​​គ្រោះ​​មហន្តរាយ​មនុស្សធម៌។

ការ​ចែកចាយ​ជំនួយ​មនុស្សធម៌​ជា​ស្បៀងអាហារ​នៅ​ខេត្ត​ Idlib ប្រទេស​ស៊ីរី
ការ​ចែកចាយ​ជំនួយ​មនុស្សធម៌​ជា​ស្បៀងអាហារ​នៅ​ខេត្ត​ Idlib ប្រទេស​ស៊ីរី REUTERS - KHALIL ASHAWI
ផ្សាយពាណិជ្ជកម្ម

គម្រោង​សេចក្តី​សម្រេច​ចិត្ត​អង្គការ​សហប្រជាជាតិ អនុញ្ញាត​ឱ្យ​បន្ត​​ជំនួយ​មនុស្សធម៌​មួយ​ឆ្នាំ​បន្ថែម​​ទៀតដល់​ពលរដ្ឋ​ស៊ីរី ដោយ​មិន​ឆ្លង​កាត់​ការ​ព្រមព្រៀង​ពី​រដ្ឋាភិបាល​ក្រុង​ដាម៉ាស បាន​​ទទួល​ការ​​គាំទ្រ​ពី​​សមាជិក​ក្រុមប្រឹក្សា​អចិន្ត្រៃយ៍​និងមិន​អចិន្ត្រៃយ៍​ចំនួន​១៣​ប្រទេស ប៉ុន្តែ​​រុស្ស៊ី​បោះឆ្នោត​ប្រឆាំង។ ចិន​អនុប្បវាទ។

ដោយ​គ្មាន​ការ​ភ្ញាក់ផ្អើល​ រុស្ស៊ី​បាន​ពន្យល់​មូលហេតុ​នៃ​ការ​ប្រើ​សិទ្ធិ​វេតូ​ជា​លើក​ទី​១៧​ក្នុង​សំណុំ​រឿង​ស៊ីរី ថា​ដើម្បី​គោរព​អធិបតេយ្យភាព​ក្រុង​ដាម៉ាស។ ប៉ុន្តែ​ជាមួយ​នឹង​វេតូ​ប្រឆាំង​របស់​រុស្ស៊ី ពលរដ្ឋ​ស៊ីរី​រស់​នៅតំបន់​ប៉ែក​ពាយ័ព្យ​ប្រទេស​អាច​នឹង​ធ្លាក់​ក្នុង​គ្រោះ​ទុរ្ភិក្ស​ ដ៏​ធ្ងន់ធ្ងរ​ដែល​ពុំ​អាច​គ្រប់គ្រង​បាន និង​គំរាមកំហែង​ដោយ​ផ្ទាល់​សុវត្ថិភាព​ស្បៀង​អាហារ​របស់​ប្រជាពលរដ្ឋ​ស៊ីរីនៅ​ភាគ​ខាង​ជើង​​ជាង​បួន​លាន​នាក់​។ នេះ​បើតាម​អ្នក​ទទួល​ខុស​ត្រូវ​ច្រក​ព្រំដែន​ស៊ីរី-តួកគី Bab Al-Hawa។

សូម​បញ្ជាក់​ថា កម្មវិធី​ផ្តល់​​ជំនួយ​មនុស្សធម៌​​ឆ្លង​ព្រំដែន​របស់​អង្គការ​សហប្រជាជាតិ​បានចូល​ជា​ធរមាន​តាំងពី​ឆ្នាំ​២០១៤​មក សម្រាប់​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ស៊ីរី ជាង​២,៤​លាននាក់​រស់​នៅក្នុង​តំបន់​Idleb ដែល​ស្ថិត​នៅក្រោមការត្រួតត្រា​របស់​ពួក​ជីហាត​និង​ឧទ្ទាម។ កម្មវិធី​នេះ​ ត្រូវ​អស់​សុពលភាព​នៅ​យប់​ថ្ងៃ​អាទិត្យ​ទី ១០​កក្កដា​នេះ​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពលរដ្ឋ​រស់​នៅ​ខេត្ត​Idleb ដែល​ភាគច្រើន​ជា​ជនធ្វើ​បំលាស់​ទី​ ដ៏​ក្រីក្រ​ រស់​រំពឹង​លើ​ជំនួយ​មនុស្សធម៌ ព្រួយ​បារម្ភ​ខ្លាំង។​ បើ​តាម​ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ (Ocha) នៅ​ឆ្នាំ​២០២២​នេះ ជំនួយជា​​​ស្បៀងអាហារ​ចំនួន៤៦០០​ឡាន​កាមីញ៉ុង​​ បាន​ទៅ​ដល់​ស៊ីរី តាមច្រក​ Bab al-Hawa។ ​ច្រក​តែ​មួយ​គត់​ដែលក្បួន​​អង្គការ​សហប្រជាជាតិ​អាច​ចេញ​ចូលបាន ដោយ​មិន​ឆ្លង​កាត់​តំបន់​​​ដោយ​​​រដ្ឋាភិបាល​ស៊ីរី។ កាលពី​ឆ្នាំ​ទៅ មាន​ពលរដ្ឋ​ស៊ីរី​ចំនួន​១៣​,៤​លាន​នាក់​ត្រូវ​ការ​ជំនួយ​មនុស្សធម៌ ទល់​នឹង​នឹង​១១,១​លាន​នាក់​កាលពីឆ្នាំ​២០២០។ នេះ​បើ​តាម​Ochaដដែល។

គិត​ចាប់​តាំង​ពី​ស៊ីរីបានធ្លាក់​ខ្លួនក្នុងជម្លោះ​​​នៅ​​ឆ្នាំ​២០១១​មក មាន​មនុស្ស​ជិត​កន្លះ​លាន​នាក់​បាន​ស្លាប់​និង​ពលរដ្ឋ​ពាក់​កណ្តាល​ប្រទេស​ធ្វើ​បំលាស់​ទី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ