អានតួអត្ថបទ

អ៊ីរ៉ង់៖ប្រឈមនឹងបាតុកម្ម កងទ័ពប្រកាសត្រៀមខ្លួនត ទល់នឹងសត្រូវដើម្បីធានាសន្តិសុខ និងសន្តិភាពរបស់ប្រទេស

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ក្បួនបាតុកម្ម​បាន និង​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​នៅ​ក្រោយ​ការ​ស្លាប់​នារី​វ័យក្មេង​ម្នាក់​ឈ្មោះ Mahsa Amini។ កំហឹង​របស់​បាតុករ​ប្រឆាំង​នឹង​មរណភាព​របស់​នារី Mahsa Amini បាន​រង​ការ​វាយបង្រ្កាប​យ៉ាង​ហិង្សា​ពី​កម្លាំង​ប៉ូលិស។ តាម​កាសែត​រដ្ឋ អំពើហិង្សា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ១៧នាក់។ តែ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល មាន​ស្លាប់​យ៉ាង​តិច ៣៦នាក់។ ប្រធានាធិបតី​អ៊ីរ៉ង់​លោក​អេប្រាហ៊ីម រ៉ៃស៊ី​បាន​ប្រកាស​សន្យា​បើក​ការ​ស៊ើបអង្កេត ហើយ​កងទ័ព​ប្រកាស​ត្រៀម​ខ្លួន​ធានា​សន្តិសុខ និង​សន្តិភាព​របស់​ប្រទេស។

មេបញ្ជាការ​កងទ័ពអ៊ីរ៉ង់ ឧត្តមសេនីយ Mohammad Hossein Bagheri។
មេបញ្ជាការ​កងទ័ពអ៊ីរ៉ង់ ឧត្តមសេនីយ Mohammad Hossein Bagheri។ AP - Vahid Salemi
ផ្សាយពាណិជ្ជកម្ម

គឺ​ឆ្លើយ​នឹង​សំណួរ​របស់​ក្រុម​អ្នកកាសែត​នា​ឱកាស​ចូលរួម​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​ក្រុង​ញូយ៉ក​ដែល​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​អេប្រាហ៊ីម រ៉ៃស៊ី​បាន​ប្រកាស​ថា រដ្ឋាភិបាល​នឹង​បើក​ការ​ស៊ើបអង្កេត​មួយ​ជុំវិញ​មរណភាព​នារី Mahsa Amini។ តែ​លោក​បាន​ឆ្លៀត​បញ្ជាក់​ថា របាយការណ៍​របស់​គ្រូពេទ្យ​មិន​បាន​រក​ឃើញ​ពី​ការ​ធ្វើ​ទារុណកម្ម​របស់​ប៉ូលិស​លើ​នារី Mahsa Amini រហូត​ដល់​ស្លាប់​ឡើយ។ យ៉ាង​ណា​ក៏​ដោយ លោក​អេប្រាហ៊ីម រ៉ៃស៊ី​បាន​អះអាង​ពី​ការ​មិន​ចង់​ទាញ​សេចក្តីសន្និដ្នាន​លឿន​ពេក និង​ថា លោក​បាន​សន្យា​ជាមួយ​ក្រុមគ្រួសារ​នារី Mahsa Amini ដើម្បី​បើក​ការ​ស៊ើបអង្កេត​មួយ​ដើម្បី​ស្វែង​រក​ការ​ពិត។

គួរ​រម្លឹក​ថា នារី Mahsa Amini ត្រូវ​បាន​ប៉ូលិស​សីលធម៌​ចាប់​ខ្លួន​នា​ថ្ងៃទី ១៣ កញ្ញា​នៅ​សួនច្បារ​មួយ​ក្នុង​ទីក្រុង​តេហេរ៉ង់​ក្រោម​បទ​ចោទប្រកាន់​ពី​ការ​ស្លៀកពាក់​មិនសមរម្យ​តាម​ច្បាប់​សាសនា​អ៊ីស្លាម និង​បាន​បាត់បង់​ជីវិត​នៅ ៣ថ្ងៃ​ក្រោយ​ការ​ចាប់​ខ្លួន។ នេះ​ហើយ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​ផ្ទុះ​បាតុកម្ម​ឆ្លង​រាលដាល​សឹង​ពេញ​ប្រទេស​មក​ដល់​សព្វថ្ងៃ។ ទន្ទឹម​គ្នា​នេះ មរណភាព​របស់​នារី Mahsa Amini ក៏​បាន​បំផុស​ឲ្យ​មាន​ការ​ផ្តន្ទាទោស​ពី​សហគមន៍​អន្តរជាតិ​ដែរ។ ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២២ កញ្ញា អាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ស្ថាប័ន​ប៉ូលិស​សីលធម៌ និង​ថ្នាក់ដឹកនាំ​សន្តិសុខ​អ៊ីរ៉ង់​ជា​ច្រើន​រូប​នៅ​ក្នុង​ការ​ស្លាប់​បាតុករ។

កាយវិការ​របស់​អាមេរិក​នេះ​បាន​ធ្វើ​ឲ្យ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​អេប្រាហ៊ីម រ៉ៃស៊ី​ក្តៅ​ក្រហាយ​ដោយ​ស្រែក​ថា ហេតុអ្វី​បាន​ជា​អាមេរិក​មិន​ធ្វើ​ដូច​គ្នា​នេះ​ទៅ​លើ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្រោម​កណ្តាប់ដៃ​កម្លាំង​សន្តិសុខ និង​ប៉ូលិស​នៅ​ក្នុង​បណ្តា​ប្រទេស​បស្ចិមលោក​ផង។ បន្ទាប់​មក លោក​អេប្រាហ៊ីម រ៉ៃស៊ី​បាន​ចោទ​បស្ចិមលោក​ពី​បទ​មាន​ស្តង់ដារ​ពីរ​ទាក់ទង​នឹង​សិទ្ធិស្រ្តី។ ដោយឡែក កងទ័ព​អ៊ីរ៉ង់​បាន​បញ្ចេញ​ប្រតិកម្ម​ក្នុង​រឿង​បាតុកម្ម​ដោយ​បញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​ត ទល់​នឹង​សត្រូវ​ដើម្បី​ធានា​សន្តិសុខ និង​សន្តិភាព​របស់​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ