អានតួអត្ថបទ
បាតុកម្មអ៊ីរ៉ង់

អាមេរិកប្រកាសដកចោល​ទណ្ឌកម្មខ្លះ ដើម្បី​ឲ្យបាតុករ​អ៊ីរ៉ង់​អាច​ប្រើប្រាស់អ៊ីនធ័រនែត

អាមេរិក​ប្រកាសជួយ​ប្រជាជនអ៊ីរ៉ង់ ដើម្បី​ឲ្យពួកគេ​ទទួល​ប្រើប្រាស់សេវាអ៊ីនធ័រនែត។ តាម​ការប្រកាស​របស់​ក្រសួងហិរញ្ញវត្ថុអាមេរិក កាលពី​ថ្ងៃ​សុក្រ​ទី ២៣​កញ្ញា រដ្ឋបាល​លោក​ចូ បៃដិន​នឹង​បន្ធូរបន្ថយ​ទណ្ឌកម្មមួយចំនួន ដែលដាក់ទៅ​លើ​អ៊ីរ៉ង់ ដើម្បី​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​អាច​ផ្តល់សេវា​អ៊ីនធ័រនែត សម្រាប់​ប្រជាជន​អ៊ីរ៉ង់។ សកម្មជន​សិទ្ធិមនុស្ស​បាន​រិះគន់​អាជ្ញាធរ​អ៊ីរ៉ង់​ដែលបាន​កាត់ផ្តាច់​បណ្តាញអ៊ីនធ័រនែត នៅប៉ុន្មានថ្ងៃមកនេះ ដើម្បី​បិទខ្ទប់ បន្ទុចបង្អាក់​ចលនា​បាតុកម្ម​ប្រឆាំង ដែល​កំពុង​ផ្ទុះរីករាលដាល​ពេញប្រទេស នៅក្រោយ ស្រ្តីអ៊ីរ៉ង់ម្នាក់ស្លាប់​ក្នុងអំឡុងពេលឃាត់ខ្លួន​របស់​ប៉ូលិស​សីលធម៌។

រូបភាពដែលទីភ្នាក់ងារ​APបង្ហាញ​បាតុកម្ម​នៅទីក្រុង​តេហេរ៉ង់ ដើម្បីសំដែងកំហឹង​ប្រឆាំង​អាជ្ញាធរ នៅក្រោយ​ស្រ្តីអ៊ីរ៉ង់អាយុ ២២​ឆ្នាំ ស្លាប់ក្នុងអំឡុងឃាត់ខ្លួន​របស់​ប៉ូលិស​សីលធម៌អ៊ីរ៉ង់ នៅថ្ងៃទី ២១​កញ្ញា ២០២២
រូបភាពដែលទីភ្នាក់ងារ​APបង្ហាញ​បាតុកម្ម​នៅទីក្រុង​តេហេរ៉ង់ ដើម្បីសំដែងកំហឹង​ប្រឆាំង​អាជ្ញាធរ នៅក្រោយ​ស្រ្តីអ៊ីរ៉ង់អាយុ ២២​ឆ្នាំ ស្លាប់ក្នុងអំឡុងឃាត់ខ្លួន​របស់​ប៉ូលិស​សីលធម៌អ៊ីរ៉ង់ នៅថ្ងៃទី ២១​កញ្ញា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ និង​ការទទួលបាន​ព័ត៌មាន​ដោយ​សេរី របស់​ប្រជាជន​អ៊ីរ៉ង់ រដ្ឋាភិបាលអាមេរិក​ប្រកាស​សម្រាល​ទណ្ឌកម្ម​ពាណិជ្ជកម្ម លើ​អ៊ីរ៉ង់។ តាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក គេ​នឹង​លុបចោល​បម្រាម​មួយ​ចំនួន ស្តី​ពី​ការនាំចេញ​បច្ចេកវិទ្យា​ទៅអ៊ីរ៉ង់។ គោលបំណង គឺជួយសម្រួល បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​អាមេរិក អាច​ផ្តល់ជម្រើស និង​សេវា​ប្រើប្រាស់អ៊ីនធ័រនែត​យ៉ាងទូលំទូលាយ​ដល់​ប្រជាជន​អ៊ីរ៉ង់។

នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ មហាសេដ្ឋីអាមេរិក លោក​Elon Musk បានលើកឡើង​ថា ក្រុមហ៊ុន​Space X​របស់លោក​បាន​ដាក់​ពាក្យទៅរដ្ឋាភិបាល ស្នើសុំ​ករណី​លើកលែង នៅក្នុង​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ដើម្បី ពង្រីក​ការចែកចាយ​សេវា​អ៊ីនធ័រនែត​នៅអ៊ីរ៉ង់ តាមរយៈ​ផ្កាយរណប​Starlink របស់​ក្រុមហ៊ុន​របស់លោក។ មន្រ្តីសេតវិមាន​ម្នាក់​បាននិយាយ​ប្រាប់​ទីភ្នាក់ងារព័ត៌មាន​បារាំង AFP ថា យ៉ាងណាក៏ដោយ សេវាអ៊ីនធ័រនែត​របស់​ក្រុមហ៊ុន​SpaceX​មិន​ស្ថិតនៅក្នុង​បញ្ជីសម្រាលទណ្ឌកម្ម​លើអ៊ីរ៉ង់​ដែល​រដ្ឋបាលលោកចូ បៃដិន​បាន​ប្រកាស​កាលពីថ្ងៃ​សុក្រ។ ដូច្នេះ ក្រុមហ៊ុន​ត្រូវដាក់ពាក្យសុំ ពិសេស​មួយដាច់ដោយឡែក។

ការប្រកាស​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ដើម្បី​ជំរុញ ការចែកចាយអ៊ីនធ័រនែត​នៅអ៊ីរ៉ង់ ធ្វើឡើង នៅបន្ទាប់​ពី អាជ្ញាធរ​អ៊ីរ៉ង់​កំពុង​រឹតបន្តឹងខ្លាំង​ការប្រើប្រាស់​អ៊ីនធ័រនែត នៅក្នុង​ប្រទេស នៅ​ក្នុងគោលដៅ ទប់ស្កាត់​ចលនាបាតុកម្ម និងការផ្សព្វផ្សាយ​រូបភាព​បង្រ្កាប​ហិង្សា​ទៅលើ​បាតុករ។

តាម​អង្គការ​តាមដាន​ការប្រើប្រាស់អ៊ីនធ័រនែត​នៅអ៊ីរ៉ង់ ឈ្មោះ Netblocks សេវាទូរស័ព្ទដៃ​ត្រូវ​បាន​កាត់ផ្តាច់​សឹងទាំងស្រុង​នៅថ្ងៃ​សុក្រ ចំណែក បណ្តាញសង្គម ដូចជា​Instagram WhatsApp ត្រូវ​រអាក់រអួលខ្លាំង នៅតាម​តំបន់​ដែលកំពុងមាន​ការបង្រ្កាប​ខ្លាំង។ តាមកាសែត​ក្នុងស្រុក យ៉ាងហោច​មនុស្ស​៣៥នាក់​ស្លាប់​នៅក្នុងការប៉ះទង្គិចគ្នា​រវាងប៉ូលិស និង​បាតុករ។ ជាង​១សប្តាហ៍មកនេះ បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​រីករាលដាលពេញប្រទេស នៅបន្ទាប់ ស្រ្តីអ៊ីរ៉ង់ម្នាក់​ដែលប៉ូលិសសីលធម៌​ចោទប្រកាន់ពី​រឿងពាក់ក្រណាត់ទទូរក្បាល​មិនត្រឹមត្រូវ បានស្លាប់​នៅក្នុងអំឡុងពេល​ឃាត់ខ្លួន។

តាម​សកម្មជន​សិទ្ធិមនុស្ស​ អាជ្ញាធរ​បិទខ្ទប់​បណ្តាញ​អ៊ីនធ័រនែត ដើម្បី​ទប់ស្កាត់ការចែកចាយ​រូបភាព វីដេអូ​ស្តីពីបាតុកម្ម ដូចជា ការដុតក្រណាត់ទទូរក្បាល​របស់​ស្រ្តី ការហែករូបភាពមេដឹកនាំសាសនាអ៊ីរ៉ង់ ឬ​វីដេអូ ស្តីពីការបាញ់​បង្រ្កាប​របស់​ប៉ូលិសអ៊ីរ៉ង់ជាដើម។ អាជ្ញាធរ​អ៊ីរ៉ង់ បិទខ្ទប់​អ៊ីនធ័រនែត បិទបណ្តាញសង្គម ដើម្បីទប់ស្កាត់កុំ​ឲ្យប្រជាជន​ពុះកញ្ជ្រោល​ធ្វើបាតុកម្ម និង​ម្យ៉ាង​ដើម្បី អាច​បិទបាំង កុំ​ឲ្យ​លេចធ្លាយ ព័ត៌មាន រូបភាព​បង្រ្កាប​ហិង្សា​របស់​អាជ្ញាធរអ៊ីរ៉ង់ ទៅកាន់​ពិភពលោក​ខាងក្រៅ។ សកម្មជនការពារ​សិទ្ធិមនុស្ស​បារម្ភថា ដោយ​បិទខ្ទប់ការផ្សព្វផ្សាយ​នៅតាមអ៊ីនធ័រនែត អាជ្ញាធរ​អ៊ីរ៉ង់នឹងអាច​លាក់បាំង ការបង្ក្រាប​ថ្លុកឈាម ទៅលើ​បាតុករ។

តាម​អ្នកស្រាវជ្រាវ​របស់​ក្រុមដើម្បី សេរីភាព​បញ្ចេញមតិនៅអ៊ីរ៉ង់ Article 19 នេះជាលើកទី២ ដែល​អាជ្ញាធរ​អ៊ីរ៉ង់​បិទខ្ទប់ បណ្តាញអ៊ីនធ័រនែត បន្ទាប់ពីបាន​ចាត់វិធានការស្រដៀងនេះ ក្នុងអំឡុង​បាតុកម្ម​ប្រឆាំង​ទំនិញឡើងថ្លៃ កាលពី​ឆ្នាំ ២០១៩។

នៅថ្ងៃសៅរ៍ ប៉ូលិស​ថ្នាក់តំបន់អ៊ីរ៉ង់​និយាយ​ថា មានមនុស្ស​៧៣៩នាក់​ត្រូវបាន​ចាប់ខ្លួន ដែលនៅក្នុងនោះមានស្រ្តី​៦០នាក់៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ