អានតួអត្ថបទ

មាន​ការ​រៀបចំ​បាតុកម្ម​ច្រើន​កន្លែង​ក្នុង​លោក​ដើម្បីគាំទ្រ និងសម្តែងសាមគ្គីភាពជាមួយបាតុករអ៊ីរ៉ង់

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ក្បួន​បាតុកម្ម​បាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី៣ នា​ថ្ងៃ​សៅរ៍ ទី១ តុលា។ បាតុកម្ម​បាន​ផ្ទុះ​ឡើង​ក្នុង​ថ្ងៃទី១៦ កញ្ញា ពោល​ក្រោយ​មរណភាព​នារី​វ័យក្មេង​ម្នាក់​ឈ្មោះ​ម៉ាសា អាមីនី។ មាន​អាយុ ២២ឆ្នាំ នារី​ម៉ាសា អាមីនី​ត្រូវ​បាន​ប៉ូលិស​សីលធម៌​ចាប់​ខ្លួន​ក្នុង​ថ្ងៃទី ១៣ កញ្ញា​ពី​បទ​ស្លៀកពាក់​មិន​សមរម្យ​តាម​ច្បាប់​សាសនា​អ៊ីស្លាម និង​បាន​ទទួល​មរណភាព​ក្នុង​មន្ទីរពេទ្យ​នៅ ៣ថ្ងៃ​ក្រោយ​មក។ រដ្ឋអំណាច​បាន​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​នារី​ម៉ាសា អាមីនី។ ក្រៅ​ពី​បាតុកម្ម​នៅ​អ៊ីរ៉ង់ គេ​សង្កេត​ឃើញ​មាន​បាតុកម្ម​ជួបជុំ​នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​លើ​លោក​ក្នុង​ថ្ងៃ​សៅរ៍ ទី១ តុលា​ដើម្បី​គាំទ្រ និង​រួម​សាមគ្គី​ជាមួយ​ក្រុម​បាតុករ​អ៊ីរ៉ង់។

មាន​ការ​រៀបចំ​បាតុកម្ម​ច្រើន​កន្លែង​ក្នុង​លោក​ដើម្បីគាំទ្រ និងសម្តែងសាមគ្គីភាពជាមួយបាតុករអ៊ីរ៉ង់។
មាន​ការ​រៀបចំ​បាតុកម្ម​ច្រើន​កន្លែង​ក្នុង​លោក​ដើម្បីគាំទ្រ និងសម្តែងសាមគ្គីភាពជាមួយបាតុករអ៊ីរ៉ង់។ AP - Frank Rumpenhorst
ផ្សាយពាណិជ្ជកម្ម

ក្បួន​បាតុកម្ម​នៅ​បរទេស​ដើម្បី​ចូលរួម​គាំទ្រ និង​សម្តែង​សាមគ្គីភាព​ជាមួយ​ក្រុម​បាតុករ​អ៊ីរ៉ង់​បាន​រៀបចំ​ធ្វើ​នៅ​តាម​ខេត្ត ក្រុង​ជាង ១៥០ នៅ​ទូទាំង​ពិភពលោក​តាំង​ពី​ក្នុង​ក្រុង​តូក្យូ​ដល់​ក្រុង San Francisco ដោយ​ឆ្លង​កាត់​ក្រុង​ឡុងដ៏។ ក្រៅ​ពី​ជនបរទេស បាតុកម្ម និង​ការ​ជួបជុំ​ក៏​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​អ៊ីរ៉ង់​នៅ​បរទេស​ដែរ។ ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី មាន​បាតុករ​ប្រមាណ​ជា ១ ០០០នាក់​បាន​ដើរ​ដង្ហែរ​ក្បួន​ដោយ​មាន​ការ​វាយ​ស្គរ។ « យើង​ទាមទារ​យុត្តិធម៌​ឲ្យ​នារី​ម៉ាសា អាមីនី និង​ជនរងគ្រោះ​ទាំង​អស់​ពី​អំពើ​ហិង្សា​យ៉ាង​ព្រៃផ្សៃ​របស់​រដ្ឋអំណាច » នេះ​ជា​ការ​ថ្លែង​របស់​បាតុករ​ស្រ្តី​ម្នាក់​ឈ្មោះ​ស៊ីម៉ូណា វីយ៉ូឡា។

នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ក្រុម​បាតុករ​បាន​កាន់​រូបថត​ស្រ្តី​ដុត​កន្សែង​បិទ​មុខ ឬ​កំពុង​កាត់​សក់ រួម​ទាំង​កាន់​បដា​សរសេរ​ថា « យើង​នឹង​មិន​ឈប់​ទេ »។ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ឯណោះ ក្រុម​សិស្ស និស្សិត​បាន​ដង្ហែរ​ក្បួន​បាតុកម្ម​នៅ​ក្នុង​ខេត្ត ក្រុង​ជា​ច្រើន​នា​ថ្ងៃ​សៅរ៍ ទី០១ តុលា។ គួរ​បញ្ជាក់​ថា​តាំង​ពី​ថ្ងៃ​ផ្ទុះ​បាតុកម្ម​ដំបូង កម្លាំង​ប៉ូលិស​មិន​ញញើត​ប្រើ​កម្លាំង​បង្រ្កាប​ក្រុម​បាតុករ​យ៉ាង​ហិង្សា។ តាម​ទីភ្នាក់ងារ​អ៊ីរ៉ង់ Fars មាន​មនុស្ស​ស្លាប់​ប្រមាណ ៦០នាក់​តាំង​ពី​ថ្ងៃ​ផ្ទុះ​បាតុកម្ម​ដំបូង។ តែ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល Iran Human Rights មាន​ស្លាប់​យ៉ាង​តិច ៨៣នាក់។ ចំណែក Amnesty International បាន​បរិហារ​លើ​ការ​ប្រើ​អំពើ​ហិង្សា​គ្មាន​មេត្តា​របស់​កម្លាំង​ប៉ូលិស​លើ​បាតុករ។

ដោយឡែក រដ្ឋអំណាច​អ៊ីរ៉ង់​បាន​ចោទ​ក្រុម​បាតុករ​ពី​បទ​សាបព្រោះ​ភាព​វឹកវរ និង​បាន​ប្រកាស​ពី​ការ​ឃាត់​ខ្លួន​បាន​ជន​បរទេស​ចំនួន ៩នាក់ ក្នុង​នោះ​មាន​ជនជាតិ​អាល្លឺម៉ង់ ប៉ូឡូញ អ៊ីតាលី បារាំង ហូឡង់ និង​ស៊ុយអែត។ តាម​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ ជនបរទេស​ទាំង​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កន្លែង​ធ្វើ​បាតុកម្ម ឬ​មួយ​ក៏​បាន​ចូលរួម​ជួយ​ឈឺ​ឆ្អាល​នឹង​បាតុកម្ម។ តែ​គេ​មិន​អាច​ផ្ទៀងផ្ទាត់​លើ​ព័ត៌មាន​មួយ​នេះ​បាន​ទេ។ ចំណែក​ក្រសួង​ការបរទេស​ហូឡង់​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​សៅរ៍ ទី១ តុលា​ថា ខ្លួន​បាន​សុំ​រដ្ឋអំណាច​អ៊ីរ៉ង់​ដើម្បី​ជួប​ពលរដ្ឋ​ហូឡង់​ដែល​បាន​ចាប់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ