អានតួអត្ថបទ
អ៊ីរ៉ង់

NGO៖មានមនុស្សស្លាប់យ៉ាងតិច ៧៦នាក់នៅក្នុងព្រឹត្តិការណ៍បង្រ្កាបបាតុករអ៊ីរ៉ង់

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ក្បួនបាតុកម្ម​បាន និង​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល ក្រោយ​ការ​ស្លាប់​នារី​វ័យក្មេង​ម្នាក់​ឈ្មោះ​ម៉ាសា អាមីនី​កាល​ពី ១០ថ្ងៃ​មុន។ កំហឹង​របស់​បាតុករ​ប្រឆាំង​នឹង​មរណភាព​នារី​ម៉ាសា អាមីនី​កំពុង​បន្ត​រង​ការ​វាយបង្រ្កាប​យ៉ាង​ហិង្សា​ពី​កម្លាំង​ប៉ូលិស។ តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ Iran Human Rights ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៧៦នាក់ ក្នុង​នោះ​មាន​ស្រ្តី ៦នាក់ និង​កូនក្មេង ៤នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្រ្កាប​បាតុករ​នៅ​ក្នុង ១៤ខេត្ត ក្រុង​នៅ​ទូទាំង​ប្រទេស។ អាមេរិក និង​សហភាពអឺរ៉ុប​បាន​ថ្កោលទោស​លើ​ការ​ប្រើ​កម្លាំង​បង្រ្កាប​លើ​ក្រុម​បាតុករ។

NGO ថា មានមនុស្សស្លាប់យ៉ាងតិច ៧៦នាក់នៅក្នុងព្រឹត្តិការណ៍បង្រ្កាបបាតុករអ៊ីរ៉ង់។
NGO ថា មានមនុស្សស្លាប់យ៉ាងតិច ៧៦នាក់នៅក្នុងព្រឹត្តិការណ៍បង្រ្កាបបាតុករអ៊ីរ៉ង់។ AFP - -
ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​នៅ​អ៊ីរ៉ង់​បាន​ចាប់​ផ្តើម​ក្នុង​ថ្ងៃទី១៦ កញ្ញា ពោល​ក្រោយ​មរណភាព​របស់​នារី​ម៉ាសា អាមីនី​នៅ​ក្នុង​មន្ទីរពេទ្យ។ គួរ​រម្លឹក​ថា​មាន​អាយុ ២២ឆ្នាំ នារី​ម៉ាសា អាមីនី​ត្រូវ​បាន​ប៉ូលិស​សីលធម៌​ចាប់​ខ្លួន​នា​ថ្ងៃទី ១៣ កញ្ញា​នៅ​សួនច្បារ​មួយ​ក្នុង​ទីក្រុង​តេហេរ៉ង់​ក្រោម​បទ​ចោទប្រកាន់​ពី​ការ​ស្លៀកពាក់​មិនសមរម្យ​តាម​ច្បាប់​សាសនា​អ៊ីស្លាម។ ប្រឈម​នឹង​ភាព​ខឹងសម្បារ​របស់​ពលរដ្ឋ ប្រធានាធិបតី​លោក​អេប្រាហ៊ីម រ៉ៃស៊ី​បាន​សន្យា​បើក​ការ​ស៊ើបអង្កេត​ដើម្បី​ស្វែង​រក​ការ​ពិត។ តែ​លោក​អេប្រាហ៊ីម រ៉ៃស៊ី​ក៏​បាន​លើក​ឡើង​ថា របាយការណ៍​របស់​គ្រូពេទ្យ​មិន​បាន​រក​ឃើញ​ពី​ការ​ធ្វើ​ទារុណកម្ម​របស់​ប៉ូលិស​លើ​នារី​ម៉ាសា អាមីនី​រហូត​ដល់​ស្លាប់​ឡើយ។

តាំង​ពី​ថ្ងៃទី១៦ កញ្ញា ពលរដ្ឋ​បន្ត​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​នៅ​រៀងរាល់​យប់​ក្នុង​ក្រុង​តេហេរ៉ង់ និង​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស។ « ស្លាប់​ទៅ​មេដឹកនាំ​ផ្តាច់ការ » នេះ​ជា​សម្រែក​របស់​ក្រុម​បាតុករ​ដោយ​មាន​ការ​ហែក​រូបថត​មេដឹកនាំ​សាសនា​អ៊ីស្លាម​លោក​អាលី ខាមេណី។ តែ​ក្រុម​បាតុករ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​វាយបង្រ្កាប​យ៉ាង​ហិង្សា​ដោយ​វាយ​នឹង​ដំបង ប្រើ​ឧស្ម័ន​បាញ់​បង្ហូរទឹក​ភ្នែក និង​មាន​ការ​បាញ់​គ្រាប់សំណ រួម​ទាំង​បាញ់​គ្រាប់ពិត​ទៅ​លើ​ហ្វូង​បាតុករ​ដែល​ចោល​ដុំថ្ម ដុត​ឡាន​ប៉ូលិស និង​ដុត​អាគារសាធារណៈ​ជា​ដើម។ តាម​តួលេខ​របស់​រដ្ឋាភិបាល មាន​មនុស្ស​ស្លាប់ ៤១នាក់ និង​ចាប់​ខ្លួន​ជាង ១ ២០០នាក់។

តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ Iran Human Rights បាន​លើក​ឡើង​ពី​ចំនួន​អ្នក​ស្លាប់​យ៉ាង​តិច ៧៦នាក់។ ចំណែក​គណៈកម្មាធិការ​ការពារ​អ្នកកាសែត​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​ចន្ទ ទី២៦ កញ្ញា​ថា មាន​អ្នកកាសែត​អ៊ីរ៉ង់​ចំនួន ២០នាក់​ត្រូវ​បាន​ចាប់​ខ្លួន​គិត​តាំង​ពី​ថ្ងៃទី១៦ កញ្ញា។ សហភាព​អឺរ៉ុប​បាន​បរិហារ​ពី​ការ​ប្រើ​កម្លាំង​ហួសហេតុ និង​គ្មាន​សមាមាត្រ​របស់​ប៉ូលិស​លើ​បាតុករ។ ការ​បរិហារ​ដូច​គ្នា​នេះ​ក៏​មាន​ពី​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន និង​បាន​បញ្ជាក់​ពី​សាមគ្គីភាព​ជា​មួយ​ស្រ្តី​ក្លាហាន​អ៊ីរ៉ង់។ ចំណែក​បារាំង​បាន​ប្រាប់​ក្នុង​យប់​ថ្ងៃ​ចន្ទ ទី២៦ កញ្ញា​ថា ខ្លួន​នឹង​ពិនិត្យ​ជាមួយ​ដៃគូ​អឺរ៉ុប​លើ​វិធានការ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​រំលោភ​សិទ្ធិស្រ្តី និង​សិទ្ធិមនុស្ស​នៅ​អ៊ីរ៉ង់។ នៅ​អាល្លឺម៉ង់ ក្រុង​ប៊ែរឡាំង​បាន​អំពាវនាវ​ឲ្យ​អ៊ីរ៉ង់​កុំ​ប្រើ​អំពើហិង្សា​លើ​ក្រុម​បាតុករ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ