អានតួអត្ថបទ
អ៊ីរ៉ង់-មីស៊ីល

អ៊ីរ៉ង់​ប្រកាស​ផលិត​ ជា​លើក​ទី​មួយ ​​មីស៊ីល​អ៊ីពែរសូនិក

​នៅថ្ងៃព្រហស្បតិ៍​ទី ១០​វិច្ឆិកានេះ អ៊ីរ៉ង់​បាន​អះអាងថា ផលិត​បាន​សម្រេច​មីស៊ីលអ៊ីពែរសូនិក ដែលអាច​យក​ឈ្នះ​លើ​​​ប្រព័ន្ធ​ខែលមីស៊ីលគ្រប់​ប្រភេទ​ទាំង​អស់។ ​សេចក្តី​ប្រកាសរបស់​អ៊ីរ៉ង់ បាន​ជំរុញ​ឱ្យ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (AIEA) ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ព្រោះ​ពេល​នេះ​កិច្ចចរចា​​ស្តីអំពី​កម្មវិធីនុយក្លេអ៊ែរ​អ៊ីរ៉ង់ កំពុងជាប់​គាំង​ស្តូក។

មីស៊ីល​អ៊ីពែរសូនិក  Kinjal ភ្ជាប់​ក្រោម​យន្តហោះ​ចម្បាំង​រុស្ស៊ី បង្អួត​ក្នុង​ថ្ងៃបុណ្យជាតិ
មីស៊ីល​អ៊ីពែរសូនិក Kinjal ភ្ជាប់​ក្រោម​យន្តហោះ​ចម្បាំង​រុស្ស៊ី បង្អួត​ក្នុង​ថ្ងៃបុណ្យជាតិ © Wikimedia
ផ្សាយពាណិជ្ជកម្ម

អាច​ហោះហើរ​ក្នុង​រយៈ​កម្ពស់ទាប លើ​ផ្ទៃ​បរិយាកាស ​អាច​បត់បែន​ប្តូរ​ទិស ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គេ​ពិបាក​ចាប់​សញ្ញានិង​កម្ចាត់ ព្រមទាំងអាច​​​បង្កើន​ល្បឿន​ឡើង​រហូត​ដល់​លើស​ ៦ពាន់​គីឡូម៉ែត្រ​ក្នុង​ម៉ោង (លឿន​ជាង​សំឡេង​ដល់​ទៅ ៥​ដង) មីស៊ីលបាលីស្ទិក​អ៊ីពែរសូនិក​អ៊ីរ៉ង់ អាច​ជំនះ​លើគ្រប់​​ប្រព័ន្ធ​ខែលមីស៊ីលប្រឆាំង​មីស៊ីលទាំងអស់​។ ​នេះ​បើ​តាម​ការ​អះអាង​របស់​ឧត្តមសេនីយ៍ Amirali Hajizadesh មេបញ្ជាការ​កងកម្លាំង​ទ័ពអវកាស​ នៃ​កង​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់។ ឧត្តមសេនីយ៍​ដដែល​នេះ បាន​អួត​​អាងទៀត​​ថា គេទំនង​​ត្រូវ​ការ​ពេល​វេលា​ជា​ច្រើន​ទសវត្សរ៍ទៀត ​ទើប​អាច​រក​​បច្ចេកវិទ្យា ​មក​ទប់​ទល់​នឹង​មីស៊ីលអ៊ីពែរសូនិក​អ៊ីរ៉ង់បាន​។

សេចក្តី​ប្រកាស​​នេះ ជា​ការ​​ពង្រឹង​ក្តីព្រួយ​បារម្ភ​​ជុំ​វិញ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ប៉ុន្តែ ​សម្រាប់​នាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ AIEA  លោករ៉ាហ្វាអែល ហ្កូស៊ី វា​គ្មាន​​​ឥទ្ធិពល​លើ​ការចរចា​ជុំ​វិញ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទេ។ ​ជាប់​គាំងស្តូក​ ក្រោយ​ការ​ដក​ខ្លួន​ជា​ឯកតោភាគី​របស់​អាមេរិក​ក្រោម​អាណត្តិ​លោក​ដូណាល់ ត្រាំ កាលពី​ឆ្នាំ​២០១៨​ ​ក្រុម​បស្ចិមលោក​បាន​ព្យាយាម​​តាំងពី​ជា​ង​មួយ​ឆ្នាំ​មក​ហើយ ល្បួង​ឱ្យ​អ៊ីរ៉ង់​ត្រលប់​មក​គោរព​កិច្ចព្រមព្រៀងអន្តរជាតិ​​ឆ្នាំ​២០១៥ ដែល​​រារាំង​មិន​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ​ជា​ថ្នូរ​នឹង​ការ​លើ​ទណ្ឌកម្ម​សេដ្ឋកិច្ច។

ការ​ចរចា​គ្មាន​សញ្ញា​វិជ្ជមាន​ហើយ អ៊ីរ៉ង់​បាន​ប្រកាស​ កាលពី​ថ្ងៃទី ៥ វិច្ឆិកា សាកល្បងដោយ​ជោគជ័យ​​ការ​បាញ់​កាំជ្រួច​ពាំ​ផ្កាយរណប​ទៅ​ក្នុង​អវកាស​ ដែលរដ្ឋាភិបាល​ប្រទេស​លោក​ខាង​លិច​សង្ស័យ​ថា​មាន​បញ្ចូល​បច្ចេកវិទ្យា​ដែល​អាច​ប្តូរ​ទៅជា​ការ​​ពាំក្បាល​នុយក្លេអ៊ែរ​បាន។ ហើយ​នៅថ្ងៃនេះ អ៊ីរ៉ង់​ប្រកាស​ផលិត​មីស៊ីលអ៊ីពែរសូនិក​បាន​ទៀត។​

ក្រៅ​អំពី​អ៊ីរ៉ង់​ រុស្ស៊ី កូរ៉េខាង​ជើង និង​សហរដ្ឋ​អាមេរិក​ ធ្លាប់​បាន​ប្រកាស​សាកល្បងមីស៊ីល​អ៊ីពែរសូនិក​​ កាលពី​ឆ្នាំ​២០២១។ ​រុស្ស៊ី​ដែល​​​នាំ​មុខ​គេខ្លាំង​​តាំងពី​យូរនោះ បាន​ប្រកាសប្រើ​មីស៊ីលអ៊ីពែរសូនិក​ Kinjal ​ក្នុង​អំឡុង​ពេល​ពីរ​បី​សប្តាហ៍​ដំបូង​នៃ​​ប្រតិបត្តិការ​យោធា​រុស្ស៊ី​នៅ​​អ៊ុយក្រែន។ ចិន​ក៏​មាន​គម្រោងមីស៊ីល​អ៊ីពែរសូនិក​ដែរ ​ដែល​ទំនង​ជា​យក​គំរូ​តាម​កម្មវិធីរបស់​​​រុស្ស៊ី។ នេះ​បើ​ការ​សិក្សា​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សភាអាមេរិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ