អានតួអត្ថបទ
អ៊ីរ៉ង់-លីបង់-អារ៉ាប៊ីសាអូឌីត

ប្រទេសអ៊ីរ៉ង់សង្ឃឹមចង់មានទំនាក់ទំនងប្រក្រតីជាមួយប្រទេសអារ៉ាប៊ីសាអូឌីតឡើងវិញ

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក​ហូសេន អាមៀរ អាប់ដូឡាហៀន​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​លីបង់​នា​ថ្ងៃ​សុក្រ ទី១៣ មករា។ ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​រួម​ជាមួយ​សមភាគី​លីបង់​លោក​អាប់ដាឡា ប៊ូហាប៊ីប លោក​អាប់ដូឡាហៀន​បាន​សម្តែង​ក្តីសង្ឃឹម​ចង់​មាន​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ឡើង​វិញ។ ទំនាក់ទំនង​ប្រក្រតី​ដែល​អ៊ីរ៉ង់​ចង់​បាន គឺ​បើក​ទ្វារ​ស្ថានទូត​ប្រចាំ​ប្រទេស​រៀងៗ​ខ្លួន​ជា​ថ្មី ក្រោយ​ពី​បាន​បិទ​ទ្វារ​អស់​រយៈ​ពេល ៧ឆ្នាំ។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក​ហូសេន អាមៀរ អាប់ដូឡាហៀន​។
រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក​ហូសេន អាមៀរ អាប់ដូឡាហៀន​។ AP - Bilal Hussein
ផ្សាយពាណិជ្ជកម្ម

តាំង​ពី ៧ឆ្នាំ​ដែល​អ៊ីរ៉ង់​និកាយ​ឈីអ៊ីត និង​អារ៉ាប៊ីសាអូឌីត​និកាយ​ស៊ុយនីត​បាន​ផ្តាច់​ទំនាក់ទំនង​ផ្លូវទូត​រវាង​គ្នា។ មូលហេតុ​កាល​ណោះ ក្រុម​បាតុករ​អ៊ីរ៉ង់​បាន​វាយប្រហារ​លើ​ស្ថានទូត​អារ៉ាប៊ីសាអូឌីត​ប្រចាំ​អ៊ីរ៉ង់​ដើម្បី​ប្រឆាំង​នឹង​អារ៉ាប៊ីសាអូឌីត​ដែល​បាន​ប្រហារ​ជីវិត​មន្រ្តី​សាសនា​អ៊ីស្លាម​និកាយ​ឈីអីត​ម្នាក់។ គឺ​ទើប​តែ​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០២២ កន្លង​ទៅ​ថ្មីៗ​នេះ​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចាប់​ផ្តើម​និយាយ​គ្នា​ចុង​មាត់​ចុង​ក​ឡើង​វិញ។ ជំនួប​ចុង​ក្រោយ គឺ​ជំនួប​យ៉ាង​ខ្លី​ថ្នាក់​ប្រមុខ​ការទូត​រវាង​ប្រទេស​ពីរ​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២២ នា​ឱកាស​កិច្ចប្រជុំតំបន់​រៀបចំ​ក្នុង​ប្រទេស​ហ្សកដានី។

ឥឡូវ​នេះ​នា​ឱកាស​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​លីបង់ ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក​ហូសេន អាមៀរ អាប់ដូឡាហៀន​បាន​ថ្លែង​ថា អ៊ីរ៉ង់​សង្ឃឹម និង​ស្វាគមន៍​ពី​ការ​ភ្ជាប់​ទំនាក់ទំង​ការទូត​តាម​រយៈ​ការ​បើក​ទ្វារ​ស្ថាទូត​ជាមួយ​អារ៉ាប៊ីសាអូឌីត​ឡើង​វិញ។ ការ​ថ្លែង​របស់​លោក​អាប់ដូឡាហៀន​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អ៊ីរ៉ង់​កំពុង​ពុះកញ្ជ្រោល​ដោយ​រលក​បាតុកម្ម​មហាជន​ប្រឆាំង​រដ្ឋាភិបាល​តាំង​ពី​ពាក់​កណ្តាល​ខែ​កញ្ញា​ឆ្នាំ​ទៅ​មិញ។ ក្រុង​តេរ៉ង់​បាន​ចោទ​សត្រូវ​បរទេស​ដឹកនាំ​ដោយ​អាមេរិក​ពី​បទ​អុជអាល គាំទ្រ​បាតុករ​អ៊ីរ៉ង់ និង​លើក​ឡើង​ពី​តួនាទី​របស់​អារ៉ាប៊ីសាអូឌីត​ក្នុង​ការ​ផ្តល់​លុយ​ឲ្យ​បណ្តាញ​សារព័ត៌មាន​នៅ​បរទេស​ដែល​ប្រឆាំង​អ៊ីរ៉ង់។

ក្នុង​ខែ​វិច្ឆិកា​កន្លង​ទៅ អ៊ីរ៉ង់​បាន​ស្នើ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ប្តូរ​ឥរិយាបទ​អមិត្ត និង​ព្រមាន​សងសឹក​នឹង​ក្រុម​ប្រទេស​ជិត​ខាង​ដែល​ប៉ុនប៉ង​បង្ក​អស្ថិរភាព​នៅ​អ៊ីរ៉ង់។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​អារ៉ាប៊ីសាអូឌីត​មាន​ចម្លើយ​យ៉ាង​ម៉េច​ចំពោះ​អ៊ីរ៉ង់​ដែល​សង្ឃឹម​ចង់​មាន​ទំនាក់ទំនង​ប្រក្រតី​ឡើង​វិញ​ពេល​នេះ​ទេ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ថា ប្រទេស​ទាំង​ពីរ​អ៊ីរ៉ង់​និកាយ​ឈីអីត និង​អារ៉ាប៊ីសាអូឌីត​និកាយ​ស៊ុយនីត​មាន​ទម្ងន់​ធ្ងន់​ជាង​គេ និង​បាន​គាំទ្រ​ភាគី​ជម្លោះ​មិន​ដូច​គ្នា​នៅ​ក្នុង​ជម្លោះ​ជា​ច្រើន​នៅ​ក្នុង​តំបន់ ពិសេស​នៅ​យេមែន។ ខណៈ​ដែល​អារ៉ាប៊ីសាអូឌីត​បាន​គាំទ្រ​រដ្ឋាភិបាល​យេមែន អ៊ីរ៉ង់​បាន​គាំទ្រ​ក្រុម​ឧទ្ទាម​ហ៊ូទី​ដែល​ជា​ក្រុម​ប្រឆាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ