អានតួអត្ថបទ
ដើមបូព៌ា

អ៊ីរ៉ង់បានបញ្ជាក់ពីការរួចផុតពីការវាយប្រហារដោយដ្រូនលើទីតាំងយោធាមួយ

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ក្រសួង​ការពារជាតិ​បាន​បញ្ជាក់​ក្នុង​យប់​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃអាទិត្យ ទី២៩ មករា​ពី​ការ​ធ្វើ​អន្តរាគមន៍​ទាន់​ពេល​លើ​ការ​វាយប្រហារ​ដោយ​ដ្រូន​សំដៅ​ទីតាំង​យោធា​មួយ។ តែ​រដ្ឋអំណាច​មិន​បាន​លំអិត​អ្វី​បន្ថែម​ឲ្យ​បាន​ច្រើន​ជាង​នេះ​ទេ ពិសេស​ពី​សកម្មភាព​នៅ​ទីតាំង​យោធា​នោះ។ អ្វី​ដែល​គេ​អាច​និយាយ​បាន ដំណឹង​នេះ​បាន​ធ្លាក់​មក​ចំ​ពេល​ដែល​បាតុកម្ម​របស់​មហាជន​ប្រឆាំង​រដ្ឋាភិបាល​កំពុង​បន្ត​មាន​តាំង​ពី​ពាក់​កណ្តាល​ខែ​កញ្ញា ឆ្នាំ ២០២២។

អ៊ីរ៉ង់បានបញ្ជាក់ពីការរួចផុតពីការវាយប្រហារដោយដ្រូនលើទីតាំងយោធាមួយ។
អ៊ីរ៉ង់បានបញ្ជាក់ពីការរួចផុតពីការវាយប្រហារដោយដ្រូនលើទីតាំងយោធាមួយ។ AFP - -
ផ្សាយពាណិជ្ជកម្ម

តាម​ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ង់​ឈ្មោះ​អៀណា​ដែល​បាន​ដកស្រង់​ព័ត៌មាន​ពី​ក្រសួង​ការពារជាតិ ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូន​លើ​ទីតាំង​យោធា​មួយ​ក្នុង​ខេត្ត Ispahan នៅ​យប់​ជ្រៅ​ក្នុង​ថ្ងៃ​សៅរ៍ ទី២៨ មករា​បាន​ទទួល​បរាជ័យ។ ការ​ទទួល​បរាជ័យ​នេះ​ត្រូវ​បាន​ក្រសួង​ការពារជាតិ​លំអិត​ថា មាន​ដ្រូន​មួយ​គ្រឿង​ត្រូវ​បាន​បាញ់​កម្ទេច​ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​ដ្រូន​ចំនួន​ពីរ​គ្រឿង​ទៀត​បាន​ផ្ទុះ​ឆេះ​អស់។ តាម​ក្រសួង​ការពារជាតិ​ដដែល អន្តរាគមន៍​បាញ់​ទម្លាក់​ដ្រូន​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ខូចខាត​តិចតួច​លើ​ដំបូល​ទីតាំង​យោធា​ដោយ​មិន​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​ទេ។

ព័ត៌មាន​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​ដោយ​រដ្ឋអំណាច​ខេត្ត Ispahan លោក Mohammad Reza Jan-Nesari ដែល​ជា​ចៅហ្វាយ​ខេត្ត​រង។ តាម​លោក Jan-Nesari ការ​ស៊ើបអង្កេត​មួយ​បាន​បើក​ធ្វើ​ឡើង​ដើម្បី​ស្វែង​រក​ការ​ពិត​ជុំវិញ​ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូន​លើ​ទីតាំង​យោធា​នោះ។ តែ​ចៅហ្វាយ​ខេត្ត​រង​រូប​នេះ​ដដែល​មិន​បាន​លំអិត​ថា តើ​ទីតាំង​យោធា​នោះ​ជា​កន្លែង​ដែល​មាន​សកម្មភាព​អ្វី​ទេ។ អ្វី​ដែល​គេ​ដឹង Ispahan ជា​ខេត្ត​ដែល​សម្បូរ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នុយក្លេអ៊ែរ។ ទោះ​ជា​យ៉ាង​នេះ​ក្តី មាន​ការ​កត់សម្គាល់​ចំនួន​ពីរ​នៅ​ក្នុង​ព្រឹត្តិការណ៍​វាយប្រហារ​មិន​បាន​សម្រេច​ដោយ​ដ្រូន​លើ​ទីតាំង​យោធា​ពេល​នេះ។

ទី១ វា​បាន​កើត​មាន​ឡើង​ក្នុង​ពេល​ដែល​បាតុកម្ម​មហាជន​ប្រឆាំង​រដ្ឋាភិបាល​កំពុង​បន្ត​មាន​តាំង​ពី​ពាក់កណ្តាល​ខែ​កញ្ញា ឆ្នាំ ២០២២ ពោល​បន្ទាប់​ពី​ការ​ស្លាប់​កញ្ញា​ម៉ាសា អាមីនី​នៅ​ក្រោយ​ការ​ចាប់​ខ្លួន​របស់​ប៉ូលិស​សីលធម៌ និង​ទី២ វា​បាន​កើត​មាន​ឡើង​ចំ​ពេល​ដែល​ការ​ចរចា​ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ជាមួយ​សហគមន៍​អន្តរជាតិ​កំពុង​បន្ត​ជាប់គាំង។ ការ​ជាប់គាំង​នេះ​បាន​កើត​ឡើង​នៅ​ក្រោយ​អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​ត្រាំ​បាន​ដក​ខ្លួន​ចេញ​ក្នុង​ឆ្នាំ ២០១៨។ កន្លង​មក អ៊ីរ៉ង់​តែង​ចោទ​អ៊ីស្រាអែល​ដែល​ជា​សត្រូវ​ស៊ូពូជ​របស់​ខ្លួន​ពី​បទ​វាយប្រហារ​ដោយ​សម្ងាត់​លើ​ទឹកដី​អ៊ីរ៉ង់។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អ៊ីរ៉ង់​នៅ​មិន​ទាន់​ចង្អុល​មុខ​អ្នក​ណា​ម្នាក់​លើ​ការ​វាយប្រហារ​ដោយ​ដ្រូន​មិន​បាន​ជោគជ័យ​លើ​ទីតាំង​យោធា​របស់​ខ្លួន​​ពេល​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ