អានតួអត្ថបទ
ស៊ីរី-រញ្ជួយ​ដី-ជំនួយ

រញ្ជួយដី ៖ ហេតុអ្វីសហគមន៍​អន្តរជាតិ​ពិបាកផ្តល់​ជំនួយ​ដល់​ស៊ីរី ?

បើ​តាម​អង្គការ​សុខភាពពិភពលោក​ រញ្ជួយ​ដី​ដ៏​កំណាច​នៅតួកគី​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​២៣​លាន​នាក់ ក្នុង​នោះ​៥​លាន​នាក់​ជា​ជនងាយ​រងគ្រោះ​ធ្ងន់ធ្ងរ​ខ្លាំង។ អង្គការ​បាន​សន្យា​ផ្តល់​ការ​គាំទ្រ​សម្រាប់​រយៈ​ពេល​វែង។ សម្រាប់​ពេល​នេះ ជំនួយ​អន្តរជាតិ ​​ចាប់​ផ្តើម​​ទៅ​ដល់កន្លែង​កើត​ហេតុណ៍​នៅ​តួកគី​និង​ស៊ីរី​ជា​បណ្តើរៗហើយ មាន​ជា​អាទិ៍​​ក្រុម​សង្គ្រោះ បារាំង កាតា ... ប្រធានាធិបតី​អាមេរិក​បាន​សន្យា​ជាមួយសមភាគី​​តួកគី​ផ្តល់​ជំនួយ​ចាំបាច់​គ្រប់​យ៉ាង។ បើ​តាមលោក​ប្រធានាធិបតីតួកគី ៤៥ប្រទេស​បាន​ឆ្លើយ​តប​នឹង​សេចក្តី​អំពាវនាវ​សុំ​ជំនួយ​ពី​អន្តរជាតិ​របស់​តួកគី។ ចុះ​ស៊ីរី​វិញ មិន​ត្រូវការជំនួយ​​ពី​សហគមន៍​អន្តរជាតិ​ទេឬ ? រដ្ឋាភិបាល​​ស៊ីរី បាន​ចេញ​សេចក្តី​អំពាវនាវ​ភ្លាម​ដែរ ប៉ុន្តែការបញ្ជូនជំនួយទៅស៊ីរី កំពុងតែប្រឈមនឹងបញ្ហាឈឺក្បាលមួយ គឺបញ្ហាការទូត និងភូមិសាស្រ្តនយោបាយ។

ក្រសួងមហាផ្ទៃ​​បារាំង​រៀប​ចំ​ជំនួយ​​សង្គ្រោះ​​ទៅតួកគី
ក្រសួងមហាផ្ទៃ​​បារាំង​រៀប​ចំ​ជំនួយ​​សង្គ្រោះ​​ទៅតួកគី AP
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មាន​ក្រោយ​​មហន្តរាយរញ្ជួយ​ដីសហគមន៍​អន្តរជាតិ​បាន​ប្រមូល​ផ្តុំជំនួយ​បន្ទាន់សម្រាប់​​តួកគី​ភ្លាម​។ អន្តរជាតិ​​សន្យា​ជួយ​ជនរងគ្រោះ​ស៊ីរី​ដែរ តែ​មិន​មែន​ជា​យន្តការ​បន្ទាន់​ទេ។ ភាព​ខុស​គ្នា​នេះ​បណ្តាល​មក​ពី​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​និង​ការទូត។

តាំងពី​ឆ្នាំ​២០១១​មក រដ្ឋាភិបាល​ស៊ីរី ដឹកនាំ​ដោយ​លោក បាស្ហាអាល់អាសាដ បាន​ជាប់​ទណ្ឌកម្ម​អន្តរជាតិ និង​ដាក់​ឱ្យ​នៅ​ឯកា​បំផុត។ ក្រុម​លោក​ខាង​លិច​ មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​លោក​​បាស្ហាអាល់អាសាដ​ទេ។ ដូច្នេះ​បារាំង​ក៏​ដូច​ជា​ងអាល្លឺម៉ង់​និង​សម្ព័ន្ធ​មិត្ត ពិត​ជា​ពិបាក​បង្ហាញ​វត្តមាន​ចូល​ជួយ​ប្រទេស​ដែល​ខ្លួនចាត់​ទុក​ថាមិន​ស្រប​ច្បាប់​ណាស់។ នេះ​ជា​បញ្ហា​មួយ។ បញ្ហា​មួយ​ទៀត គឺ​គ្រោះ​រញ្ជួយ​ដី បាន​វាយប្រហារ​លើភាគ​ខាង​ជើង​ប្រទេស​​ស៊ីរី​ ដែល ​មួយ​ផ្នែក​​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​​ពួក​ឧទ្ទាម (​ខ្លះ​គាំទ្រ​ដោយ​មហាអំណាច​បរទេស ខ្លះ​ដោយ​ពួកជីហាត និង​កងកម្លាំងគួកឌីស្ថាន) ឯ​ម្ខាង​ទៀតនៅ​​ក្រោម​កណ្តាប់​ដៃ​រដ្ឋាភិបាល​ដែល​គាំទ្រ​អ៊ីរ៉ង់​និង​រុស្ស៊ី។

តាំង​ពី​ផ្ទុះ​​សង្គ្រាម​ស៊ីវិល​១២​ឆ្នាំមក ពលរដ្ឋ​​ស៊ីរី​ ៤,៨លាន​នាក់​ ​ក្នុង​តំបន់​ឧទ្ទាម ត្រដរ​រស់បាន​ដោយ​សារ​​ជំនួយ​មនុស្សធម៌​អន្តរជាតិ​ដែល​បញ្ជូន​មក​ពី​តួកគី តាម​ច្រក Bab Al-Hawa ​តែ​មួយ​គត់​ ស្រប​តាម​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ។ ​ចាត់​ទុក​​ជា​រំលោភបូរណភាព​ដែនដី​ស៊ីរី​ ពី​សំណាក់​ក្រុងដាម៉ាស​និង​រុស្ស៊ី ច្រក​នេះ​រួម​តូច​ជា​រៀង​រាល់​ថ្ងៃ ហើយ​អាច​ចាល់​ភ្លាម​បើ​មាន​លំហូរ​ជំនួយ​ច្រើន។

ជាមួយ​នឹង​សេចក្តីអំពាវនាវ​សុំ​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ឯកអគ្គរដ្ឋ​ទូត​ស៊ីរី​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ធានា​នឹង​ចែក​ចាយ​ជំនួយ​អន្តរជាតិ​ដល់​គ្រប់​ពលរដ្ឋ​ទូទាំង​ប្រទេសស៊ីរី ប៉ុន្តែ​​បើ​បញ្ជូន​ជំនួយ​តាម​ដែន​ដី​គ្រប់គ្រង​ដោយ​ក្រុង​ដាម៉ាស នោះ​បញ្ហា​ការទូត​នឹង​ចោទឡើង ដោយ​ខាង​រដ្ឋាភិបាល​ត្រូវ​ជា​អ្នក​​ចែកចាយ​ជំនួយ​ដល់​ពលរដ្ឋ​នៅ​តំបន់​ឧទ្ទាម​ ឱ្យ​បាន​ត្រឹមត្រូវ ហើយ​មេដឹកនាំ​ឧទ្ទាម​ត្រូវ​ផ្តល់​ការ​ព្រមព្រៀង​ទទួល​អំណោយ។

ជា​សរុប​ ពលរដ្ឋ​ស៊ីរី​​ក្រោម​ដែន​អំណាច​រដ្ឋាភិបាល អាច​នឹង​ទទួល​បាន​ជំនួយអន្តរជាតិ​ ដូច​អ្វី​ដែល​មាន​តាំងពី​១០ឆ្នាំ​មក ប៉ុន្តែ​ប្រជាពលរដ្ឋដែល​ជា​ជន​ភៀស​ខ្លួន នៅ​តំបន់​អាឡិប ឬ​តំបន់​ឧទ្ទាម អាច​នឹង​ត្រូវ​ចាំ​ស្ងួត​ក្រពះ​ហើយ ព្រោះ​អាជ្ញាធរ​តួកគី​កំពុង​រវល់​ប្រឹង​ជួយ​ពលរដ្ឋ​រងគ្រោះ​របស់​ខ្លួន​យ៉ាង​សន្ធឹក​សន្ធាប់​ដែរ។ ជំនួយ​បន្ទាន់​សម្រាប់ស៊ីរី​​ពេល​នេះ មាន​មក​តែ​ពី​ខាង​អេមីរ៉ាតអារ៉ាប់រួម ចំនួន​១៣,៦លាន​ដុល្លារ​។ ​ទោះ​ធ្លាប់​ដាក់​ស៊ីរី​ឱ្យ​ឯកា​មែន តែ​​ក្រុមប្រទេស​សម្ព័ន្ធ​អារ៉ាប់ ពិត​ជា​មិន​អាច​បោះបង់​ស៊ីរី​ទៀត​ទេ​ នៅ​ចំពោះមុខ​​មហន្តរាយ​រញ្ជួយ​ដី​ក៏​កំណាច​ពេល​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ