អានតួអត្ថបទ

ស្តេចស៊ុលតង់នៃប្រទេសអូម៉ង់ផ្តើមទស្សនកិច្ចរយៈពេល ២ថ្ងៃនៅក្នុងប្រទេសអ៊ីរ៉ង់

ស្តេច​ស៊ុលតង់​នៃ​ប្រទេស​អូម៉ង់​ព្រះអង្គម្ចាស់​ហៃថាម​បាន​យាង​ដល់​ប្រទេស​អ៊ីរ៉ង់​នា​ថ្ងៃ​អាទិត្យ ទី២៨ ឧសភា​ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ។ វត្តមាន​របស់​ព្រះអង្គម្ចាស់​ហៃថាម​ក្នុង​ទឹកដី​អ៊ីរ៉ង់​ពេល​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្រោយ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​អេប្រាហ៊ីម រ៉ៃស៊ី​នៅ​អូម៉ង់​កាល​ពី​មួយ​ឆ្នាំ​មុន។ គួរ​បញ្ជាក់​ថា ក្រៅ​ពី​ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ល្អ​យូរ​អង្វែង​រវាង​គ្នា អូម៉ង់​ក៏​ជា​អន្តរការី​នៃ​ជម្លោះ​រវាង​អ៊ីរ៉ង់ និង​បស្ចិមលោក​នៅ​ក្នុង​សំណុំរឿង​គន្លឹះ​ជា​ច្រើន ពិសេស​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

ស្តេច​ស៊ុលតង់​នៃ​ប្រទេស​អូម៉ង់​ព្រះអង្គម្ចាស់​ហៃថាម (រូបឆ្វេង) និង​ប្រធានាធិបតី​អ៊ីរ៉ង់លោកអេប្រាហ៊ីម រ៉ៃស៊ីក្នុង​ប្រទេស​អ៊ីរ៉ង់ ថ្ងៃទី២៨ ឧសភា ២០២៣។
ស្តេច​ស៊ុលតង់​នៃ​ប្រទេស​អូម៉ង់​ព្រះអង្គម្ចាស់​ហៃថាម (រូបឆ្វេង) និង​ប្រធានាធិបតី​អ៊ីរ៉ង់លោកអេប្រាហ៊ីម រ៉ៃស៊ីក្នុង​ប្រទេស​អ៊ីរ៉ង់ ថ្ងៃទី២៨ ឧសភា ២០២៣។ AP - Iranian Presidency Office
ផ្សាយពាណិជ្ជកម្ម

គេ​នៅ​មិន​ទាន់​ដឹង​ពី​កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ស្តេច​ស៊ុលតង់​អូម៉ង់​ព្រះអង្គម្ចាស់​ហៃថាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ទេ។ តែ​ប្រមុខការទូត​អូម៉ង់​បាន​បញ្ជាក់​នៅ​មុន​ការ​ទៅ​ដល់​ទឹកដី​អ៊ីរ៉ង់​របស់​ព្រះអង្គម្ចាស់​ហៃថាម​ថា ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​នេះ​នឹង​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​សន្តិសុខ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។ គួរ​រម្លឹក​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​អេប្រាហ៊ីម រ៉ៃស៊ី​ក្នុង​ប្រទេស​អូម៉ង់​កាល​ពី ១ឆ្នាំ​មុន មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ច្រើន​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​ប្រទេស​ទាំង​ពីរ។ ដូច្នេះ​គេ​សង្ឃឹម​ថា ទស្សនកិច្ច​របស់​ព្រះអង្គម្ចាស់​ហៃថាម​នៅ​អ៊ីរ៉ង់​ពេល​នេះ​ក៏​អាច​ឈាន​ទៅ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ដែរ។

គួរ​បញ្ជាក់​ថា ខុស​ពី​បណ្តា​ប្រទេស​ជិតខាង​មួយ​ចំនួន អូម៉ង់​បាន និង​កំពុង​រក្សា​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាមួយ​អ៊ីរ៉ង់​តាំង​ពី​យូរ​មក​ហើយ។ លើស​ពី​នេះ អូម៉ង់​ថែម​ទាំង​បាន​ដើរ​តួនាទី​ជា​អាជ្ញាកណ្តាល​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​រវាង​អ៊ីរ៉ង់ និង​បណ្តា​ប្រទេស​នៅ​មជ្ឈិមបូព៌ា ហើយ​ជម្លោះ​រវាង​អ៊ីរ៉ង់ និង​បស្ចិមលោក។ ជាក់ស្តែង អូម៉ង់​បាន​ជួយ​សម្រួល​ឲ្យ​មាន​កិច្ចចរចា​រវាង​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក​ដែល​ជា​សត្រូវស៊ូពូជ​របស់​អ៊ីរ៉ង់ រួម​ទាំង​បញ្ហា​នុយក្លេអ៊ែរ។ បន្ទាប់​មក អូម៉ង់​បាន​ជួយ​សម្រួល​ឲ្យ​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត​ដែល​ជា​មហាអំណាច​ពីរ​នៅ​ក្នុង​តំបន់​ភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​គ្នា​ឡើង​វិញ​កាល​ពី​ខែ​មីនា។

ថ្មីៗ​ចុង​ក្រោយ អូម៉ង់​បាន​ជួយ​សម្រួល​ឲ្យ​មាន​ការ​ដោះដូរ​អ្នកទោស​រវាង​អ៊ីរ៉ង់ និង​បែលហ្សិក​កាល​ពី​ថ្ងៃ​សុក្រ ទី២៦ ឧសភា។ អ៊ីរ៉ង់​បាន​ដោះ​លែង​អ្នកទោស​បែលហ្ស៊ិក​លោក Olivier Vandecasteele ហើយ​បែលហ្ស៊ិក​បាន​ដោះលែង​អ្នកទោស​អ៊ីរ៉ង់​លោក Assadollah Assadi។ នៅ​ពេល​ខាង​មុខ អ៊ីរ៉ង់​អាច​នឹង​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ឡើង​វិញ​ជាមួយ​អេហ្ស៊ីប ព្រោះ​មុន​យាង​ដល់​អ៊ីរ៉ង់ ស្តេច​ស៊ុលតង់​អូម៉ង់​ព្រះអង្គម្ចាស់​ហៃថាម​បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អេហ្ស៊ីប​ដោយ​បាន​ជួប​ជជែក​ជាមួយ​ប្រធានាធិបតី​អេហ្ស៊ីប​លោក​អាល់ស៊ីស៊ី។ ម្យ៉ាង​ទៀត ក្រុង​តេហេរ៉ង់​ធ្លាប់​ប្រាប់​ឲ្យ​ដឹង​ពី​កិច្ចចរចា​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២២ រវាង​ប្រមុខ​ការទូត​អ៊ីរ៉ង់ និង​ថ្នាក់ដឹកនាំ​អេហ្ស៊ីប​នៅ​ក្រៅ​កិច្ចប្រជុំ​ក្នុង​ប្រទេស​អូម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ