អានតួអត្ថបទ

រាជទាយាទអារ៉ាប៊ីសាអូឌីត មក​បារាំង​ ដើម្បី​ចូលរួម​ជំនួប​កំពូល​ពិភពលោក និង​ជជែក​ពី​សំណុំ​រឿង​អ៊ុយក្រែន

ថ្ងៃពុធ ​ព្រះចៅ​ព្រះបាទ​ Mohammed ben Salmane ស្តេច​យាង​មកដល់​រដ្ឋធានី​ប៉ារីស។ ប៉ារីសជាទី​ដែល​ទ្រង់​នឹង​ជួប​ប្រាស្រ័យ​ជាមួយ​ប្រធានាធិបធីបតី​បារាំង​ លោក អេម៉ានុយអែល ម៉ាក្រុង។​ ប្រភពពី​​វិមាន​ប្រធានាធិបតី​បារាំង គឺបញ្ជាក់ថា​ ថ្នាក់​ដឹកនាំ​កំពូល​ទាំង​ពីរ​​នឹង​ជួប​គ្នា​នៅ​ក្នុង​ឱកាស​សោយលៀងភោជនាហារ​ នៅ​ថ្ងៃសុក្រ។ ជាការ​កត់​សម្គាល់​ ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​រាជទាយាទអារ៉ាប៊ីសាអូឌីត មក​បារាំងគ្រា​នេះ គឺនាំឲ្យ​គេ​រំលឹកជាថ្មី ទៅ​​ដល់​ ព្រឹត្តិការណ៍​ឃាតកម្ម​សម្លាប់​អ្នក​កាសែត​ នៅ​ស្ថានទូត អារ៉ាប៊ីសាអូឌីត ក្នុងប្រទេសតួកគី។​

ព្រះអង្គម្ចាស់រាជទាយាទ Mohammed Ben Salmane
ព្រះអង្គម្ចាស់រាជទាយាទ Mohammed Ben Salmane ©BANDAR AL-JALOUD/Saudi Royal Palace/AFP
ផ្សាយពាណិជ្ជកម្ម

តាម​ប្រភព​ពី​វិមាន​អេលីហ្សេ ​ព្រះបាទ Mohammed ben Salmane នឹងយាង​គង់​ នៅ​វិមាន​ Château Louis XIV នៅក្បែរអតីត​រាជ​វាំង​ស្តេច​បារាំង Versailles។ គម្រោង​ផ្លូវ​ការ គឺ​ស្តេច​យាង​ជួប​ប្រមុខរដ្ឋបារាំង លោក អេម៉ានុយអែល ម៉ាក្រុង​ ដែល​បុរសរដ្ឋ​ទាំង​ពីរ នឹង​ពិភាក្សា​ពី​សំណុំ​រឿង​សង្គ្រាម​អ៊ុយក្រែន​ហើយ​និង​ផលវិបាកប៉ះពាល់​នៃសង្គ្រាម​នេះ​ ដែល​ជះ​ឥទ្ធិពល​ដល់​ប្រទេស​ផ្សេងទៀត។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ គេមើលឃើញថា​ ​បារាំង ចង់​ឲ្យ អារ៉ាប៊ីសាអូឌីត ប្រើ​ឥទ្ធិពល​ និយាយ​នឹង​ រុស្ស៊ី។​

លើសពីនេះ តាម​ប្រភព​ផ្លូវការ​ពី​វិមាន​ប្រធានាធិបតី​បារាំង គឺ​ ​ថ្នាក់ដឹកនាំ​ទាំងពីរ នឹង​លើកវិបត្តិ​រាំរ៉ៃ​នៅ​តំបន់​ដើម​បូព៌ា​ ជាក់ស្តែង​ នៅ​យេម៉ែន​ ហើយ​និង​បញ្ហា​នៅ​ប្រទេស​លីបង់។ លីបង់ ដែល​រាជាណាចក្រ​អារ៉ាប៊ីសាអូឌីត មាន​ទម្ងន់​ឥទ្ធិពល​ខ្លាំង ហើយ​បារាំង​ក៏​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចូលរួម​ដោះស្រាយ​បញ្ហា​នៅទីនោះដែរ ដោយ​តែងតាំង​ អតីត​រដ្ឋមន្ត្រី​ការបរទេស Jean-Yves Le Drian ជាបេសកជន​ពិសេស​ក្នុង​សំណុំ​រឿង​ លីបង់ ​។

ព្រះរាជវត្តមាន របស់រាជទាយាទអារ៉ាប៊ីសាអូឌីត នៅទីក្រុង​ប៉ារីស ក៏​ដើម្បី​រៀបចំ​និង​​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក នៅ​ថ្ងៃទី​២២-២៣ មិថុនា ខាងមុខ ដើម្បី​នឹង​ពិគ្រោះគ្នា​​​​ពី​​កញ្ចប់​មូលនិធិថវិកាអន្តរជាតិ​ថ្មី​មួយ​​។ ​មូលធិនិនេះ គឺ​ដើម្បី​ជួយ​ជ្រោម​ជ្រែង​ផ្នែក​ឯកជន​និង​រដ្ឋ​នៃប្រទេស​ក្រីក្រ ក្នុង​ការ​ស្តារជីវភាពប្រជាជន​ ហើយ​និង​ទប់​ទល់​ការ​ប្រែប្រួល​អាកាសធាតុ​ ព្រមទាំង​ការ​ពារជីវចម្រុះ។ បើតាម​ដំណឹង​ពី​រដ្ឋាភិបាល​បារាំង។​

ទោះបី​ជា​យ៉ាងនេះក្តី ព្រះរាជវត្តមាន របស់ ​ព្រះបាទ Mohammed ben Salmane គឺ​ចៀស​មិន​ផុត​ដែល​​ត្រូវ​តែរំលឹក​ពីមរណភាព​របស់​ អ្នក​កាសែត Jamal Khashoggi ។ លោកអ្ន​កកាសែត​រូប​នេះ ត្រូវ​គេ​សម្លាប់​ និង​កាត់​សាកសព​កង់ៗ នៅ​ក្នុង​ស្ថានទូត​​ អារ៉ាប៊ីសាអូឌីត ក្នុង​ប្រទេស​តួកគី។ នេះបើតាម​ក្រុម​អ្ន​កស៊ើបការ​ណ៍​សម្ងាត់​អាមេរិក។ ឃាតកម្ម​លើ​អ្ន​កកាសែត​ប្រឆាំង គឺ​ធ្វើ​ឲ្យ​ប្រទេស​បច្ចិម​លោក​ រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ ​អារ៉ាប៊ីសាអូឌីត​ ហើយ​ក្រុម​សង្គម​ស៊ីវិល​ខាង​សិទ្ធិមនុស្ស ក៏​រិះគន់​ថ្នាក់ដឹកនាំបារាំង​ដែរ ដែល​នៅតែ​បន្ត​ចាប់​ដៃ​ជាមួយ​ ថ្នាក់ដឹកនាំអារ៉ាប៊ីសាអូឌីត​ ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ