អានតួអត្ថបទ
បារាំង-រុស្ស៊ី-សង្គ្រាមអ៊ុយក្រែន

បារាំងចោទថារុស្ស៊ីបានវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា ដោយ​បង្កើតគេហទំព័រ​សារព័ត៌មានក្លែងក្លាយ

ថ្ងៃអង្គារទី​១៣មិថុនា ក្រសួងការ​បរទេសបារាំង បាន​ប្រកាសចោទប្រកាន់ចំៗ ថារុស្ស៊ី​ជាអ្នកនៅពីក្រោយ​ការវាយ​ប្រហារទ្រង់ទ្រាយ​ធំ មក​លើបណ្តាញ​សារព័ត៌មានបារាំង។ ជាប្រតិបត្តិការ​ ដែលចោរព័ត៌មានវិទ្យារុស្ស៊ី​ បានធ្វើ ដោយ​បង្កើតគេហទំព័រក្លែងក្លាយ​ ដូចនឹងគេហទំព័រព័ត៌មានពិតប្រាកដរបស់បារាំង ដើម្បី​ផ្សព្វផ្សាយ​អត្ថបទព័ត៌មានប្រឌិត ឬចែកចាយ​ដំណឹងក្លែងក្លាយ​នានាដែល​រិះគន់​អ៊ុយក្រែន និង​ក្រុមសម្ព័ន្ធមិត្តលោកខាងលិច​។

France's Foreign Minister Catherine Colonna arrives at Oslo City Hall during NATO's informal meeting of foreign ministers in Oslo, Norway June 1, 2023. Hanna Johre/NTB/via REUTERS ATTENTION EDITORS - THIS IMAGE WAS PROVIDED BY A THIRD PARTY. NORWAY OUT. NO COMMERCIAL OR EDITORIAL SALES IN NORWAY.
France's Foreign Minister Catherine Colonna arrives at Oslo City Hall during NATO's informal meeting of foreign ministers in Oslo, Norway June 1, 2023. Hanna Johre/NTB/via REUTERS ATTENTION EDITORS - THIS IMAGE WAS PROVIDED BY A THIRD PARTY. NORWAY OUT. NO COMMERCIAL OR EDITORIAL SALES IN NORWAY. © AP
ផ្សាយពាណិជ្ជកម្ម

ជាទម្លាប់ បារាំង តែងតែប្រុងប្រយ័ត្ន មិនចោទទម្លាក់កំហុសដោយងាយឡើយ​ ក្នុងករណីមានការវាយ​ប្រហារ ដោយ​ប្រើបច្ចេកវិទ្យាព័ត៌មានវិទ្យា។ តែលើកនេះ គឺលោកស្រី Catherine Colonna រដ្ឋមន្ត្រី​ក្រសួងការបរទេសបារាំងដោយផ្ទាល់ ដែល​បានចេញលិខិតប្រកាសចោទរុស្ស៊ីចំៗតែម្តង ថាជាអ្នកនៅពីក្រោយ​ប្រតិបត្តិការ​វាយលុក លើ​បណ្តាញ​អ៊ីនធ័រនិត។

ក្រៅពីគេហទំព័ររបស់ក្រសួងការបរទេសបារាំង យ៉ាង​ហោចណាស់ មានគេហទំព័រសារព័ត៌មានធំៗរបស់បារាំងចំនួន៤ ដែលបានរងគ្រោះ គឺមានដូចជា កាសែត Le Monde កាសែត Le Figaro កាសែត Le Parisien និង​កាសែត 20 Minutes។ ការវាយប្រហារនេះ មិនមែនមាននៅតែបារាំងទេ។ ​គេហទំព័របណ្តាញព័ត៌មានធំៗ របស់អាល្លឺម៉ង់ ដែលមានដូចជា FAZ  Der Spiegel  Bild និង Die Welt ជាដើម ក៏បានរងគ្រោះដែរ។

យោងតាមអ្នកជំនាញ​សន្តិសុខព័ត៌មានវិទ្យាបារាំង ការវាយ​ប្រហារនេះ មាន​ឈ្មោះថា Doppelganger ដោយចោរស៊ីឈ្នួលរបស់រុស្ស៊ី បាន​បង្កើតគេហទំព័រសារព័ត៌មានប្រឌិតជាច្រើន​ មានលក្ខណៈដូចគ្នា​ទៅនឹងគេហទំព័រពិតប្រាកដ តែដោយ​ប្រើឈ្មោះដូមែនផ្សេង។ គេហទំព័រក្លែងក្លាយទាំងនេះ ចុះផ្សាយ​នូវព័ត៌មានប្រឌិត ហើយ​​បន្ទាប់មកទៀត មានអ្នកចាំយកទៅចែកចាយ​បន្ត នៅតាមបណ្តាញសង្គម បង្កើតឲ្យ​មានរឿងផ្អើលឈូរឆ។ អត្ថបទព័ត៌មានក្លែងក្លាយទាំងនោះ​​ មានខ្លឹមសារជាទូទៅ រិះគន់អ៊ុយក្រែន រិះគន់ក្រុមសម្ព័ន្ធលោកខាងលិច ឬសរសើរចំពោះរុស្ស៊ី រួមទាំងមានរូបភាព​គំនូរជីវចល បន្តុះបង្អាប់ លើរូប​ប្រធានាធិបតីហ្សេឡេនស្គីជាដើម។

ក្រសួងការបរទេសបារាំង បានបរិហារថា សកម្មភាពវាយប្រហារពីសំណាក់រុស្ស៊ីនេះ​ គឺវាថោកទាបណាស់ មិនសមជាប្រទេសសមាជិក​អចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខនោះទេ។ យោងតាមការស្រាវជ្រាវ ស្ថានទូតរុស្ស៊ី ព្រមទាំងមជ្ឈមណ្ឌល​វប្បធម៌រុស្ស៊ី បានចូលរួមយ៉ាងសកម្មភាព នៅក្នុងប្រតិបត្តិការនេះ តាមរយៈការជួយ​ចែករំលែក ផ្សព្វផ្សាយ​ បន្ទរតាមបណ្តាញសង្គមនានា។ ក្រសួងការបរទេសបារាំងអះអាងថា គ្រោងឆ្អឹងមូលដ្ឋាននៃការប្រតិបត្តិការវាយ​ប្រហារនេះ គឺជាគេហទំព័ររុស្ស៊ីមួយឈ្មោះថា RRN.world ដែលត្រូវបានបង្កើតឡើងក្រោយ​ពេលរុស្ស៊ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែន ហើយ​ដែលមានការងារ ជាអ្នកផ្សព្វផ្សាយព័ត៌មានប្រឌិតបោកប្រាស់នានា ដើម្បី​​ប្រឆាំងអ៊ុយក្រែន។

សូមរំលឹកថា ប្រតិបត្តិការវាយប្រហារ Doppelganger របស់រុស្ស៊ី ធ្លាប់ត្រូវបានអង្គភាព​ EU DisinfoLab និងក្រុមហ៊ុន META ស្រាវជ្រាវប្រមូលទិន្នន័យ​ដឹងម្តងហើយ កាលពីឆ្នាំ​២០២២។ កាលពីខែកញ្ញា ក្រុមហ៊ុន​ Meta បាន​បំបែកបាន​ នូវ​ទំព័រ​ក្លែងក្លាយ​ជាច្រើន ដែលមានប្រភពនៅរុស្ស៊ី ហើយដែលមានតួនាទីចាំ​ផ្សព្វផ្សាយ​បន្ត ​នូវព័ត៌មានប្រឌិតក្លែងក្លាយ​ ដើម្បីបំពុល​បណ្តាញសង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ