អានតួអត្ថបទ

អ៊ីស្រាអែលបានអំពាវនាវឲ្យប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សាពន្លឿនការចាកចេញឲ្យបានឆាប់

សង្រ្គាម​រវាង​ពួក​ហាម៉ាស​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា និង​អ៊ីស្រាអែល​បាន​ឈាន​ចូល​ដល់​ថ្ងៃទី៨ នា​ថ្ងៃ​សៅរ៍ ទី១៤ តុលា។ ក្នុង​ពេល​ដែល​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​លើ​តំបន់​ហ្កាហ្សា​កំពុង​បន្ត​មាន កងទ័ព​អ៊ីស្រាអែល​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្កាហ្សា​នៅ​ប៉ែក​ខាង​ជើង​ពន្លឿន​ការ​ចាកចេញ​ទៅ​កាន់​ប៉ែកខាងត្បូង​ឲ្យ​បាន​ឆាប់។ ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​កងទ័ព​អ៊ីស្រាអែល​កំពុង​ត្រៀម​បើក​ប្រតិបត្តិការសឹក​តាម​ផ្លូវគោក​ចូល​តំបន់​ហ្កាហ្សា។

អ៊ីស្រាអែលបានអំពាវនាវឲ្យប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សាពន្លឿនការចាកចេញឲ្យបានឆាប់។
អ៊ីស្រាអែលបានអំពាវនាវឲ្យប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សាពន្លឿនការចាកចេញឲ្យបានឆាប់។ AFP - MOHAMMED ABED
ផ្សាយពាណិជ្ជកម្ម

ការ​អំពាវនាវ​នេះ​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​កងទ័ព​អ៊ីស្រាអែល​លោក Richard Hecht ប្រាប់​ក្រុម​អ្នកកាសែត​ក្នុង​ថ្ងៃ​សៅរ៍ ទី១៤ តុលា។ លោក Richard Hecht បាន​ប្រាប់​ពេល​ម៉ោង​ដែល​ត្រូវ​ចាកចេញ​ក្នុង​ចន្លោះ​ពី​ម៉ោង ១០ព្រឹក​ដល់​ម៉ោង ៤រសៀល តែ​មិន​បាន​បញ្ជាក់​ពី​ថ្ងៃ​ផុតកំណត់​ទេ។ គួរ​បញ្ជាក់​ថា កងទ័ព​អ៊ីស្រាអែល​បាន​អំពាវនាវ​ក្នុង​ថ្ងៃ​សុក្រ ទី១៣ តុលា​ឲ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្កាហ្សា​រស់​នៅ​ប៉ែក​ខាង​ជើង​ប្រមាណ​ជា ១លាន ១សែន​នាក់​ចាកចេញ​ទៅ​កាន់​ប៉ែកខាងត្បូង។ ចំណែក​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​កុំ​ស្តាប់​តាម​ការ​អំពាវនាវ​របស់​កងទ័ព​អ៊ីស្រាអែល។

ទោះ​ជា​យ៉ាង​នេះ​ក្តី គេ​បាន​ឃើញ​ពលរដ្ឋ​ប៉ាឡេស្ទីន​ជា​ច្រើន​រយពាន់​នាក់​បាន​ចាកចេញ​តាម​ការ​អំពាវនាវ​របស់​កងទ័ព​អ៊ីស្រាអែល​ដោយ​ប្រើ​មធ្យោបាយ​គ្រប់​បែប​យ៉ាង។ អ្នក​ខ្លះ​បាន​ចាកចេញ​ដោយ​ដើរ​ជាមួយ​នឹង​ការ​ស្ពាយ​ឥវ៉ាន់​តាម​ខ្លួន ហើយ​អ្នក​ខ្លះ​ទៀត​បាន​ចាកចេញ​ដោយ​ជិះ​រថយន្ត ម៉ូតូ ឬ​រទេះសេះ។ កងទ័ព​អ៊ីស្រាអែល​បាន​សាទរ​ពី​ចំនួន​ចាកចេញ​គួរ​ឲ្យ​កត់សម្គាល់ និង​បាន​មើល​ឃើញ​ថា ការ​ចាកចេញ​នេះ​នៅ​មាន​ភាព​យឺតយ៉ាវ​ខ្លាំង។ អ្វី​ដែល​កងទ័ព​អ៊ីស្រាអែល​ចង់​បាន​បន្ថែម គឺ​ចង់​ឲ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​ពន្លឿន​ការ​ចាកចេញ​ឲ្យ​បាន​ឆាប់​ជាង​នេះ។

គេ​មិន​ដឹង​ថា ហេតុអ្វី​បាន​ជា​កងទ័ព​អ៊ីស្រាអែល​ជម្លៀស​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​ពី​ប៉ែកខាងជើង​ទៅ​ប៉ែក​ខាងត្បូង​ទេ។ អ្វី​ដែល​គេ​ដឹង កងទ័ព​អ៊ីស្រាអែល​បាន​ដាក់​ពង្រាយ​រថក្រោះ​ច្រើន​រយ​គ្រឿង​ព័ទ្ធជុំ​វិញ​តំបន់​ហ្កាហ្សា​ក្នុង​ន័យ​ត្រៀម​បើក​ការ​វាយប្រហារ​ផ្លូវគោក។ គួរ​បញ្ជាក់​ថា តាំង​ពី​ក្រោយ​ការ​វាយប្រហារ​របស់​ពួក​ហាម៉ាស​ក្នុង​ថ្ងៃទី៧ តុលា​មក អ៊ីស្រាអែល​បាន​វាយ​បក​វិញ​តែ​តាម​ផ្លូវអាកាស​ដោយ​ប្រើ​មីស៊ីល​កម្ទេច​ទីតាំង​របស់​ពួក​ហាម៉ាស។ គិត​ត្រឹម​ថ្ងៃ​សៅរ៍ ទី១៤ តុលា មាន​ស្លាប់​ប្រជាជន​អ៊ីស្រាអែល​យ៉ាង​តិច ១ ៣០០នាក់​ដែល​ភាគ​ច្រើន​ជា​ជនស៊ីវិល និង​មាន​ស្លាប់​ប្រជាជន​ប៉ាឡេស្ទីន​ជាង ២ ២០០នាក់​ដែល​ភាគ​ច្រើន​ក៏​ជា​ជនស៊ីវិល ក្នុង​នោះ​មាន​ក្មេង​ចំនួន ៧២៤នាក់។

អ្វី​ដែល​សហគមន៍​អន្តរជាតិ​កំពុង​បារម្ភ​ខ្លាំង​ពេល​នេះ គឺ​គ្រោះ​មហន្តរាយ​មនុស្សធម៌​ចំពោះ​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​ដែល​ត្រូវ​បាន​អ៊ីស្រាអែល​បិទ​ខ្ទប់​ទាំង​ស្រុង​ដោយ​គ្មាន​អាហារ​ទទួល​ទាន និង​ទឹកស្អាត រួម​ភ្លើង​អគ្គិសនី​ប្រើប្រាស់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ