អានតួអត្ថបទ

អ៊ីស្រាអែលទុកពេល​២៤ម៉ោង​ឲ្យ​ប្រជាជនប៉ាឡេស្ទីនជាង១លាននាក់​ភៀសខ្លួន​ចេញពីភាគខាងជើង​ហ្កាហ្សា

ជា​សញ្ញា​វាយលុក​ចូលទឹកដីហ្កាហ្សា តាមផ្លូវគោក ដើម្បី​វាយកម្ទេច​ក្រុមហាម៉ាស​ប៉ាឡេស្ទីន កងទ័ពអ៊ីស្រាអែល​នៅថ្ងៃ​សុក្រទី ១៣​តុលា ​បាន​ប្រកាសទុកពេល ២៤​ម៉ោង​ឲ្យប្រជាជន​ប៉ាឡេស្ទីនត្រូវតែ​ផ្លាស់ទី​ចេញ​ពី​ភាគខាងជើង​ហ្សាហ្កា។ អ៊ីស្រាអែល​អះអាង​ថា ខ្លួន​បាន​ជូនដំណឹង​ទុកជាមុន ដើម្បីឲ្យ​ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ស្វែងរកកន្លែងជ្រកមាន​សុវត្ថិភាព សន្តិសុខ ប៉ុន្តែ អ្នកនាំពាក្យ​អង្គការ​សហប្រជាជាតិ​បានអំពាវនាវ​ឲ្យអ៊ីស្រាអែល​ប្តូរជំហរ ព្រោះថា ការជម្លៀសប្រជាជន​ប៉ាឡេស្ទីន​ជាង​១លាននាក់ កាលៈទេសៈនេះ​រឹតតែបណ្តាល​ឲ្យមាន​គ្រោះមហន្តរាយជីវិត​មនុស្ស​ដ៏ធ្ងន់ធ្ងរ។

រថក្រោះរបស់កងទ័ពអ៊ីស្រាអែល​នៅតាម​បណ្តោយព្រំដែនជាមួយ​តំបន់ហ្កាហ្សានៅថ្ងៃទី ១៣​តុលា ២០២៣
រថក្រោះរបស់កងទ័ពអ៊ីស្រាអែល​នៅតាម​បណ្តោយព្រំដែនជាមួយ​តំបន់ហ្កាហ្សានៅថ្ងៃទី ១៣​តុលា ២០២៣ AP - Ariel Schalit
ផ្សាយពាណិជ្ជកម្ម

 អ៊ីស្រាអែល​បន្តបញ្ជូន​កងទ័ព និង​រថក្រោះ​ជាច្រើន​គ្រឿង ទៅ​ពង្រាយនៅ​តាមបណ្តោយព្រំដែន​ដើម្បី​ត្រៀមលក្ខណៈ​វាយលុកផ្លូវគោកចូល​ទឹកដីហ្កាហ្សា។ នៅព្រឹកព្រលឹម​ថ្ងៃ​សុក្រ កងទ័ព​អ៊ីស្រាអែល​បានអំពាវនាវ​ប្រាប់ប្រជាជន​ប៉ាឡេស្ទីនឲ្យចាក​ចេញ​ពីតំបន់​ភាគខាងជើង​ហ្កាហ្សា ដើម្បី​សន្តិសុខ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន។ តាម​កងទ័ពអ៊ីស្រាអែល ប្រជាជននៅភាគខាងជើង​ហ្កាហ្សា​ត្រូវ​ផ្លាស់ទី​មកនៅ​ភាគខាងត្បូង​ហ្កាហ្សា និង​មិនអាច​ត្រលប់​ទៅផ្ទះសម្បែងរបស់ខ្លួន នៅ​ភាគខាងជើង បើសិន​គ្មានភ្លើងខៀវ​ពីអ៊ីស្រាអែល។

ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់ជនភៀសខ្លួន​ប៉ាឡេស្ទីន នៅថ្ងៃ​សុក្រ បានអះអាងថា ខ្លួន​បាន​ទទួល​ដំណឹង​ពី​កងទ័ពអ៊ីស្រាអែល​ឲ្យ​ជម្លៀសមនុស្ស តំបន់​ភាគខាងជើង​ហ្កាហ្សា។ តាម​អង្គការ​សហប្រជាជាតិ បទបញ្ជា​របស់អ៊ីស្រាអែល​នឹង​ធ្វើឲ្យមនុស្ស​ជាង ១លាននាក់ ដែលមាន​តាំងពីបុគ្គលិក របស់​អង្គការសហប្រជាជាតិ ហើយ​និង​ប្រជាជន​ស៊ីវិល ប៉ាឡេស្ទីន​ត្រូវចាកចេញពីផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ និង​ជំរំភៀសខ្លួននៅភាគខាងជើងហ្កាហ្សា។​

នៅទីក្រុង​ញូវយ៉ក អ្នកនាំពាក្យ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Stéphane Dujarric​បាន​អំពាវនាវ​ទៅ​ភាគី​អ៊ីស្រាអែល​ឲ្យ​ប្តូរជំហរ​ឡើង​វិញ ព្រោះថា បទបញ្ជា​របស់​អ៊ីស្រាអែល​នឹង​បង្ក​ឲ្យ​មាន​វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅបន្ទាប់​ពី​ការវាយប្រហារផ្លូវអាកាស​របស់អ៊ីស្រាអែលទៅទឹកដីហ្កាហ្សា ​នៅប៉ុន្មានថ្ងៃនេះ បានសម្លាប់ជីវិតមនុស្ស​ជាង ១៣០០នាក់ និង​ធ្វើ​ឲ្យ​ប្រជាជនប៉ាឡេស្ទីន​ជាង ៤សែននាក់​រត់ផ្លាស់ទី​ ទៅជ្រកកោន​នៅក្នុងជំរំ​របស់​អង្គការ​សហប្រជាជាតិ នៅភាគខាងជើងហ្កាហ្សា។ នៅថ្ងៃ​ព្រហស្បតិ៍ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​សាជាថ្មី ទឹកប្រាក់ជំនួយ ២៩៤លានដុល្លារ សម្រាប់​ជួយប្រជាជន​ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា និង​ស៊ីហ្សកដានី។

ប្រតិកម្មទៅនឹងបទបញ្ជា​របស់អ៊ីស្រាអែល​ឲ្យជម្លៀសមនុស្ស​ចេញពីភាគខាងជើងតំបន់ហ្កាហ្សា អេហ្ស៊ីបដែលមានព្រំដែនជាប់ទឹកដីហ្កាហ្សា​ភាគខាងត្បូង​បានអំពាវនាវ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ស្ថិតនៅ​ហ្កាហ្សា ដោយ​មិនត្រូវ​ឆ្លងចូល​ទឹកដី​អេហ្ស៊ីបឡើយ។ ន័រវែស​ថ្កោលទោស ការឡោមព័ទ្ធ​ទឹកដីហ្កាហ្សា ចំណែក​ហ្សកដានី ​រួមទាំង​ប្រធានាធិបតីរុស្ស៊ី លោកពូទីនបានព្រមាន​ពី​ផលវិបាក​សម្លាប់ជីវិត ដោយសារប្រតិបត្តិការវាយលុកជើងគោក​របស់​អ៊ីស្រាអែលទៅក្នុងទឹកដីហ្កាហ្សា។

នៅថ្ងៃសុក្រ ក្រុមហាម៉ាស​ប៉ាឡេស្ទីន​ដែល​បើកការវាយឆ្មក់ទ្រង់ទ្រាយធំ​លើ​អ៊ីស្រាអែល កាលពី៧ថ្ងៃមុន បាន​ទាត់ចោលការជូនដំណឹង​របស់​អ៊ីស្រាអែល និងអំពាវនាវ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​នៅក្នុងតំបន់ហ្កាហ្សា​ងើបឡើង តស៊ូប្រយុទ្ធនឹងការវាយលុករបស់​កងទ័ពអ៊ីស្រាអែល។ មួយវិញទៀត បើតាម​កងកម្លាំង​ប្រដាប់អាវុធរបស់​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន ការវាយប្រហារ​ផ្លូវអាកាស​របស់​អ៊ីស្រាអែល​ទៅលើ​តំបន់​ហ្កាហ្សា នៅ​២៤ម៉ោងចុងក្រោយ​នេះ​បាន​សម្លាប់​ចំណាប់ខ្មាំង​១៣នាក់ ជនជាតិអ៊ីស្រាអែល និងបរទេស ដែលត្រូវ​ពួកហាម៉ាស ចាប់ជា​ចំណាប់ខ្មាំង លាក់​ក្នុងទឹកដីហ្កាហ្សា។

តាម​អ៊ីស្រាអែល ក្រៅពី​សម្លាប់រង្គាល​មនុស្ស យ៉ាងតិច ១២០០នាក់ ក្នុងការវាយប្រហារដ៏គួរឲ្យ​ភ្ញាក់ផ្អើល កាលពី​ចុងសប្តាហ៍មុន ក្រុមហាម៉ាស​បាន​ចាប់មនុស្ស​១៥០នាក់ ទៅធ្វើជាចំណាប់ខ្មាំង ក្នុងតំបន់​ហ្កាហ្សា។ ជាការសងសឹកវិញ អ៊ីស្រាអែលប្រកាសសង្រ្គាម បើកការវាយប្រហារ​តាមផ្លូវអាកាស សំដៅ​បំផ្លាញ ទីតាំងយោធា និង​រដ្ឋបាល​របស់​ចលនា​ហាម៉ាស​នៅក្នុង​តំបន់​ហ្កាហ្សា។ តាម​កងទ័ពអ៊ីស្រាអែល គិតចាប់តាំង​ពី បើកប្រតិបត្តិការយោធា​វាយបកក្រុមហាម៉ាស នៅហ្កាហ្សា កងទ័ព​ទម្លាក់គ្រាប់​ជាង ៦ពាន់គ្រាប់ ស្មើនឹង​គ្រឿងផ្ទុះ ៤ពាន់តោន​ទៅទឹកដីហ្កាហ្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ