អានតួអត្ថបទ
ចំណាប់ខ្មាំង-អ៊ីស្រាអែល

ហេតុអ្វី​អ៊ីស្រាអែល​មិនសូវខ្វល់ពីអាយុជីវិតរបស់​ចំណាប់ខ្មាំង ដែល​ជាប់ក្នុងដៃរបស់​ក្រុមហាម៉ាស?

នៅក្នុង​ប្រតិបត្តិការវាយឆ្មក់ទ្រង់ទ្រាយធំ​ក្នុងទឹកដី​អ៊ីស្រាអែល កាលពីថ្ងៃទី ៧តុលា ២០២៣ ក្រុមប្រដាប់អាវុធ របស់​ចលនា​ហាម៉ាសប៉ាឡេស្ទីន​សម្លាប់​មនុស្ស​យ៉ាងតិច ១៣០០នាក់ និង​ចាប់មនុស្ស​ជាង ១២០នាក់​ជាចំណាប់ខ្មាំង អូសនាំយក​ទៅក្នុងទឹកដីហ្កាហ្សា។ នៅមួយសប្តាហ៍មកនេះ ក្រុមគ្រួសារ​របស់​ចំណាប់ខ្មាំង និង​អ្នកដែលបាត់ខ្លួន ដែលជាជនជាតិអ៊ីស្រាអែល និង​បរទេស នាំគ្នា​ដាក់សម្ពាធ​លើរដ្ឋាភិបាលអ៊ីស្រាអែល និង​សហគមន៍អន្តរជាតិ ឲ្យ​បើកការចរចា ដើម្បី​ទាមទារ​ឲ្យ​ក្រុមហាម៉ាស​ដោះលែង ចំណាប់ខ្មាំង ដែល​អាច​ជា​ស្រ្តី កុមារ មនុស្ស ចាស់ និង​ទារក។

រូបថត​អ្នកដែល​បាត់ខ្លួន​ក្នុង​ការវាយឆ្មក់​របស់​ក្រុមហាម៉ាស​នៅអ៊ីស្រាអែល
រូបថត​អ្នកដែល​បាត់ខ្លួន​ក្នុង​ការវាយឆ្មក់​របស់​ក្រុមហាម៉ាស​នៅអ៊ីស្រាអែល AP - Kirsty Wigglesworth
ផ្សាយពាណិជ្ជកម្ម

មួយសប្តាហ៍ក្រោយ​ការវាយឆ្មក់ដ៏ធំមិនធ្លាប់​មាន​របស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន ក្នុងទីក្រុងអ៊ីស្រាអែល​ជាប់​ព្រំដែន​ហ្កាហ្សា រដ្ឋាភិបាលអ៊ីស្រាអែល​ស្រង់រកឃើញ​មានមនុស្ស​១២០នាក់ ដែលជា​ទាហាន ប្រជាជន​ស៊ីវិល អ៊ីស្រាអែល និងជនបរទេស ត្រូវ​ក្រុមប្រដាប់អាវុធ​ហាម៉ាស​ប៉ាឡេស្ទីន ចាប់នាំយកទៅធ្វើជាចំណាប់ខ្មាំង ក្នុង​ទឹកដី​ហ្កាហ្សា។

ចំនួន​ចំណាប់ខ្មាំង​សរុប​ដែល​ក្រុមហាម៉ាស​ប៉ាឡេស្ទីននាំយក​ទៅ​លាក់​ទុកក្នុងទឹកហ្កាហ្សាអាច​មាន​ច្រើនដល់​១៥០នាក់ ​ដែលគ្រួសារ បាត់ គ្មានដំណឹង ថា តើនៅរស់ ឬ​ក៏ស្លាប់។

នៅអ៊ីស្រាអែល ករណី​ចាប់ជំរិតជនជាតិ​អ៊ីស្រាអែល មិនមែនជា​រឿងថ្មីនោះទេ។ ប្រជាជន​អ៊ីស្រាអែល​ឧស្សាហ៍​ធ្លាប់ជួប ធ្លាប់ស្គាល់​រឿង​ចាប់ជំរិត ដែលមេក្រុមចាប់ជំនិត គ្មានអ្នកណា​ក្រៅពី ចលនា​ប្រដាប់អាវុធប៉ាឡេស្ទីន។ នៅរាល់​ការចាប់ជំរិត​ជនជាតិ​អ៊ីស្រាអែល​ម្តងៗ ភាគីប៉ាឡេស្ទីន​តែងទាមទារ​ឲ្យ​អ៊ីស្រាអែល​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន ដែលអ៊ីស្រាអែល​ចាប់ដាក់ពន្ធនាគារ​ក្នុងហេតុផល​បង្កអសន្តិសុខ ឬ​ធ្វើភេរវកម្ម​ក្នុងទឹកដី​អ៊ីស្រាអែល។

នៅក្នុង​រយៈពេល ៣០ឆ្នាំ​ចុងក្រោយនេះ អ៊ីស្រាអែល​បាន​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​យ៉ាងតិច ៧០០០នាក់ ជាថ្នូរ​នឹង​ការដោះលែង ជនជាតិ​អ៊ីស្រាអែល ១៩នាក់ ដែលនៅក្នុងនោះ​ភាគច្រើន ជា​ទាហាន​អ៊ីស្រាអែល។

 ប្រជាជន​អ៊ីស្រាអែល នៅចាំមិនភ្លេច​ករណី​ នាយ​ទាហាន​Gilad Shalit សញ្ជាតិពីរ បារាំង និងអ៊ីស្រាអែល ដែលត្រូវ​ក្រុមហាម៉ាស​ប៉ាឡេស្ទីន ចាប់ជា​ចំណាប់ខ្មាំង និង​លាក់ទុកក្នុង​ទឹកដីហ្កាហ្សា​អស់រយៈពេល ៥ឆ្នាំ។

ជាផ្លូវការ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បដិសេធ​មិនចរចា ជាមួយ​ក្រុមហាម៉ាស ដែលអ៊ីស្រាអែល​ចាត់ទុក​ជាក្រុមភេរវនិយម។ ប៉ុន្តែ ការដាក់​សម្ពាធ​របស់​ក្រុមគ្រួសារ របស់​យុវជន Gilad Shalit និង​មុខមាត់​របស់​កងទ័ព​អ៊ីស្រាអែល ដែលត្រូវ​ចេញមុខ​ធានាសុវត្ថិភាព​ឲ្យ​សមាជិកទ័ពអ៊ីស្រាអែល បានធ្វើ​ឲ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល ដោយមានការអន្តរាគមន៍ ជាអាជ្ញាកណ្តាល​របស់​អេហ្ស៊ីប ជាមួយ​ក្រុមអេស្បូឡា លីបង់ សុខចិត្ត​ចរចា ដោះលែង អ្នកទោស ប៉ាឡេស្ទីន​ប្រមាណ ១០០០ពាន់ ជា​ថ្នូរ​នឹង​សេរីភាព​របស់​នាយទាហានអ៊ីស្រាអែល ១នាក់ គឺ Gilad Shalit នៅ​ឆ្នាំ ២០១១។

លើកនេះ ក្រុមគ្រួសារ​របស់​អ្នកបាត់ខ្លួន និង​ចំណាប់ខ្មាំង ដែលត្រូវ​ក្រុមហាម៉ាស​ចាប់នាំយក​ទៅ​លាក់​ទុក​នៅ​ក្នុងទឹកដី​ហ្កាហ្សា​រំពឹង​ថា រដ្ឋាភិបាល​អ៊ីស្រាអែល និង​ថ្នាក់ដឹកនាំ​របស់​ប្រទេស​ដែលមាន​ជនជាតិ​របស់ខ្លួនជាចំណាប់ខ្មាំង​ក្នុងដៃ​របស់​ពួកហាម៉ាស បើកការចរចាដើម្បី​ជំរុញ ការដោះលែង​ចំណាប់ខ្មាំង។

អ្នកជំនាញ​វាយតម្លៃថា រដ្ឋាភិបាល​អ៊ីស្រាអែល​ទំនង​លែង​អនុវត្ត​មនោគមវិជ្ជារបស់ខ្លួន​ដែលថា ត្រូវតែ​ការពារ​រាល់ជីវិត​ប្រជាជន ដែលជាប់ជាចំណាប់ខ្មាំង ទៀតហើយ ព្រោះថា បើមើលទៅលើចំនួន​ចំណាប់ខ្មាំងជាង ១២០នាក់ ដែលស្ថិតក្នុងដៃ​របស់​ក្រុមហាម៉ាស អ៊ីស្រាអែល​ត្រូវ​ដោះលែង គ្មានសល់ អ្នកទោស​ប៉ាឡេស្ទីន​ដែលមួយចំនួន​ជាភេរវជន គ្រោះថ្នាក់​សម្រាប់សន្តិសុខ​អ៊ីស្រាអែល។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល បាន​ប្រកាស​នៅថ្ងៃ​សៅរ៍ម្សិលមិញថា រដ្ឋាភិបាល​មិនអាច​ចរចាជាមួយ​សត្រូវ​ដែល​អ៊ីស្រាអែល​សន្យា​កម្ទេច​ឲ្យទៅជាផេះ បាត់ពីលើផែនដីនោះទេ។

តាម​ក្រុមហាម៉ាស ការវាយប្រហារ​ផ្លូវអាកាសរបស់​អ៊ីស្រាអែល​លើ​ទឹកដីហ្កាហ្សា នៅ​៧ថ្ងៃ​មកនេះ បាន​សម្លាប់ចំណាប់ខ្មាំង ២២នាក់ ដែលជា​ជនជាតិ​អ៊ីស្រាអែល និង​បរទេស។ នៅចំពោះមុខ​នៃការត្រៀមប្រយុទ្ធរបស់​កងទ័ពថ្មើជើង​អ៊ីស្រាអែលទៅក្នុង​ទឹកដីហ្កាហ្សា ដែលអាច​គ្រោះថ្នាក់ ដោយ​ជៀសមិនផុត ដល់​ជីវិត​ចំណាប់ខ្មាំង ក្រុមគ្រួសារ​របស់​ចំណាប់ខ្មាំង​ខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាពដែលមាន ដើម្បីសាច់ញាតិរបស់ខ្លួន​មានជីវិតរស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ