អានតួអត្ថបទ

រូងក្រោមដីក្នុងតំបន់ហ្កាហ្សាជាផ្ទាំងស៊ីប និងជាគ្រោះថ្នាក់ខ្លាំងរបស់ទាហានអ៊ីស្រាអែល?

សង្រ្គាម​រវាង​ពួក​ហាម៉ាស​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា និង​អ៊ីស្រាអែល​បាន​ឈាន​ចូល​ដល់ ១០ថ្ងៃ​ក្នុង​ថ្ងៃ​ចន្ទ ទី១៦ តុលា។ ក្នុង​ពេល​ដែល​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​លើ​តំបន់​ហ្កាហ្សា​កំពុង​បន្ត​ទាំង​យប់ ទាំង​ថ្ងៃ កងទ័ព​អ៊ីស្រាអែល​ក៏​កំពុង​ត្រៀម​បើក​ប្រតិបត្តិការ​ផ្លូវគោក​ចូល​ហ្កាហ្សា​ដែរ។ តែ​ក្នុង​ពេល​រង់ចាំ កងទ័ព​អ៊ីស្រាអែល​កំពុង​បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្កាហ្សា​នៅ​ប៉ែក​ខាង​ជើង​ចាកចេញ​ទៅ​កាន់​ប៉ែកខាងត្បូង។

រូងក្រោមដីក្នុងតំបន់ហ្កាហ្សាជាផ្ទាំងស៊ីប និងជាគ្រោះថ្នាក់ខ្លាំងរបស់ទាហានអ៊ីស្រាអែល?
រូងក្រោមដីក្នុងតំបន់ហ្កាហ្សាជាផ្ទាំងស៊ីប និងជាគ្រោះថ្នាក់ខ្លាំងរបស់ទាហានអ៊ីស្រាអែល? © AFP
ផ្សាយពាណិជ្ជកម្ម

គោលដៅ​បន្ទាប់​របស់​កងទ័ព​អ៊ីស្រាអែល គឺ​ការ​វាយប្រហារ​តាម​ផ្លូវគោក​ចូល​ទៅ​កម្ទេច​ពួក​ហាម៉ាស​ដល់​ក្នុង​ផ្ទះ​តែ​ម្តង។ តែ​បើ​តាម​មើល​ទៅ គោលដៅ​មួយ​នេះ​មិនមែន​ជា​រឿង​ងាយ​ស្រួល​ទេ ព្រោះ​នៅ​តំបន់​ហ្កាហ្សា​មាន​បង្កប់​ដោយ​ផ្លូវក្រោមដី ឬ​រូងក្រោមដី​ច្រើន​ជាន់ និង​ខ្វាត់ខ្វែង​រាប់សិប​គីឡូម៉ែត​ដែល​ជីក​ដោយ​ពួក​ហាម៉ាស។ កងទ័ព​អ៊ីស្រាអែល​បាន​ហៅ​ផ្លូវក្រោមដី​នេះ​ជា​មេត្រូ​ហ្កាហ្សា។ ផ្លូវក្រោមដី​ត្រូវ​បាន​ពួក​ហាម៉ាស​សាងសង់​ក្នុង​ឆ្នាំ ២០០៧ ដែល​ជា​ឆ្នាំ​នៃ​ការ​ឡើង​អំណាច​របស់​ពួក​គេ​នៅ​ហ្កាហ្សា និង​ជា​ឆ្នាំ​ដែល​អ៊ីស្រាអែល​បាន​បិទខ្ទប់​ច្រក​ចេញ​ចូល​លើ​ដី​ក្នុង​តំបន់​ហ្កាហ្សា​ទាំង​មូល។

អ៊ីចឹង​ហើយ​បាន​ជា​ពួក​ហាម៉ាស​បាន​ប្រើ​ផ្លូវក្រោមដី​នេះ​ដើម្បី​ដឹក​ជញ្ជូន​ផលិតផល​គ្រប់​បែប​យ៉ាង​ពី​ប្រទេស​អេហ្ស៊ីប​ចូល​ហ្កាហ្សា ពិសេស​ស្បៀង​សម្រាប់​ផ្គត់ផ្គង់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​ហ្កាហ្សា។ ទន្ទឹម​គ្នា​នេះ ផ្លូវក្រោមដី​ដដែល​នេះ​ក៏​ត្រូវ​បាន​ពួក​ហាម៉ាស​ប្រើ​ដើម្បី​នាំ​ចូល​គ្រឿង​សព្វាវុធ និង​សារធាតុផ្ទុះ​គ្រប់​ប្រភេទ រួម​ទាំង​ប្រើ​ជា​មូលដ្ឋានទ័ព ជា​កន្លែង​ផលិត​អាវុធ និង​ជា​កន្លែង​ស្តុក​អាវុធ​ទៀត​ផង។ ក្រៅ​ពី​ជីក​សំដៅ​ទៅ​អេហ្ស៊ីប ពួក​ហាម៉ាស​ក៏​បាន​លួច​ជីក​សំដៅ​ទៅ​ខ្សែព្រំដែន​ជាមួយ​អ៊ីស្រាអែល​ដែរ។ ក្នុង​ឆ្នាំ ២០១៣ កងទ័ព​អ៊ីស្រាអែល​បាន​រក​ឃើញ​ផ្លូវ​ក្រោម​ដី​ប្រវែង ២គីឡូម៉ែត្រ​កន្លះ​ដែល​តភ្ជាប់​រវាង​ហ្កាហ្សា និង​ដែនដី​អ៊ីស្រាអែល។

នៅ​ក្នុង​សង្រ្គាម​អ៊ីស្រាអែល ហាម៉ាស​ឆ្នាំ ២០១៤ ពួក​ហាម៉ាស​បាន​ប្រើ​រូងក្រោមដី​ដើម្បី​ឆ្លង​ចូល​ក្នុង​ទឹក​អ៊ីស្រាអែល។ កាល​ណោះ ពួក​ហាម៉ាស​សម្លាប់​បាន​ទាហាន​អ៊ីស្រាអែល​ចំនួន ១១នាក់​នៅ​ក្នុង​បាញ់ ត​ទល់​គ្នា​ចំនួន ៣ទីតាំង​ខុស​គ្នា នេះ​បើ​តាម​មជ្ឈមណ្ឌល​យុទ្ធសាស្រ្ត​មួយ​ក្នុង​ក្រុង​តេឡាវី។ តាំង​ពី​ពេល​នោះ​មក រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​មធ្យោបាយ​គ្រប់​បែប​ដើម្បី​កម្ទេច​ផ្លូវក្រោមដី​នៅ​ហ្កាហ្សា។ ក្នុង​ឆ្នាំ ២០២១ អ៊ីស្រាអែល​បាន​ប្រកាស​ពី​ការ​វាយប្រហារ​ផ្លូវអាកាស​កម្ទេច​បាន​ផ្លូវក្រោមដី​នៅ​ហ្កាហ្សា​ជាង ១០០គីឡូម៉ែត្រ។ តែ​ពួកហាម៉ាស​បាន​ឆ្លើយ​តប​វិញ​ពេល​នោះ​ថា កម្ទេច​ជាង ១០០គីឡូម៉ែត្រ​គឺ​ស្មើ​នឹង ៥% នៃ​ផ្លូវក្រោមដី​ដែល​ហ្កាហ្សា​មាន​ដល់​ទៅ ៥០០គីឡូម៉ែត្រ។

តើ​ហ្កាហ្សា​មាន​ផ្លូវក្រោមដី ឬ​រូងក្រោមដី​ប៉ុន្មាន​ជាន់ មាន​ជម្រៅ​ប៉ុន្មាន​ម៉ែត្រ មាន​ប្រវែង​ប៉ុន្មាន​គីឡូម៉ែត្រ និង​បាន​ត​ភ្ជាប់​ពី​ណា​ទៅ​ណា​ខ្លះ?។ គឺ​មាន​តែ​ពួក​ហាម៉ាស​ខ្លួន​ឯង​ដែល​បាន​ដឹង​ច្បាស់ និង​ស្គាល់​ដូច​បាតដៃ។ ចំណែក​អ៊ីស្រាអែល​បាន​ដឹង​ដែរ តែ​ដឹង​ត្រឹម​មួយ​ភាគ ដឹង​មិន​លំអិត និង​ដឹង​មិន​សូវ​ស៊ីម្រៅ ទោះ​បី​ជា​អ៊ីស្រាអែល​បាន​ប្រើ​មធ្យោបាយ និង​បច្ចេកវិទ្យា​គ្រប់​បែបយ៉ាង​ដើម្បី​ស៊ើបអង្កេត តាម​ឃ្លាំ​មើល​ក៏​ដោយ។ នៅ​ក្នុង​ការ​ត្រៀម​បើក​ការ​វាយប្រហារ​ផ្លូវគោក​ចូល​ហ្កាហ្សា​លើក​នេះ ការ​កម្ទេច​ផ្លូវក្រោមដី ឬ​រូងក្រោមដី​នៅ​ជា​ផ្ទាំងស៊ីប​អាទិភាព​របស់​កងទ័ព​អ៊ីស្រាអែល។

តែ​ក្រុម​អ្នកជំនាញ​បាន​មើល​ឃើញ​ថា ប្រតិបត្តិការសឹក​មួយ​នេះ​អាច​ប្រើ​ពេល​យូរ លំបាក និង​ប្រកប​ដោយ​គ្រោះថ្នាក់​ខ្លាំង​សម្រាប់​ទាហាន​អ៊ីស្រាអែល។ នៅ​ខាង​ពួក​ហាម៉ាស​វិញ​ត្រូវ​បាន​ក្រុម​អ្នកជំនាញ​យល់​ថា ក្រៅ​ពី​ទទួល​បាន​អត្ថប្រយោជន៍ រូងក្រោមដី​ក៏​ជា​អន្ទាក់​ទាក់​ខ្លួន​ឯង​ដែរ ព្រោះ​នៅ​ពេល​ទាហាន​អ៊ីស្រាអែល​រក​ឃើញ​ផ្លូវ​ចូល​ក្រោម​ដី ពួក​គេ​នឹង​បិទខ្ទប់​ផ្លូវ​ចេញ ចូល​ក្រោម​ដី​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ