អានតួអត្ថបទ
សហរដ្ឋអាមេរិក-អ៊ីស្រាអែល

លោកចូ បៃដិនជឿជាក់ និងសាមគ្គីជាមួយ អ៊ីស្រាអែល ប៉ុន្តែ ប្រាប់អ៊ីស្រាអែលកុំឲ្យធ្វើតាមកំហឹង

នៅក្នុងទស្សនកិច្ចទៅកាន់ទីក្រុង​តែលអាវីវ កាលពីថ្ងៃ ពុធទី ១៨​តុលា ​ដើម្បី​បង្ហាញសាមគ្គីភាពជាមួយ អ៊ីស្រាអែល​ដែល​រងការវាយប្រហារទ្រង់ទ្រាយ​ធំ មិនធ្លាប់ របស់​​ក្រុមហាម៉ាស លោកប្រធានាធិបតី ចូ បៃដិន​បង្ហាញ​ជំហរ​គាំទ្រ​ដ៏​ឥតងាករេ​របស់​អាមេរិក សម្រាប់​អ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្ត ប៉ុន្តែ ប្រធានាធិបតី​អាមេរិក​និយាយ​ប្រាប់អ៊ីស្រាអែល កុំ​ឲ្យ​ប្រព្រឹត្តកំហុស​ដូចអាមេរិក ដែលបាន​យក​កំហឹង​ទល់កំហល់ នៅក្រោយ​ការវាយប្រហារ​ភេរវកម្ម​១១​កញ្ញា ទៅលើ​អគារភ្លោះ​ក្នុង​ក្រុង​ញូវយ៉ក។

លោក​ចូ បៃដិនជួបលោក​នាយករដ្ឋមន្រ្តីអ៊ីស្រាអែលកាលពីថ្ងៃពុធទី ១៨​តុលា ២០២៣
លោក​ចូ បៃដិនជួបលោក​នាយករដ្ឋមន្រ្តីអ៊ីស្រាអែលកាលពីថ្ងៃពុធទី ១៨​តុលា ២០២៣ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ដំណើរ​ទស្សនកិច្ច នៅទីក្រុង​តែលអាវីវ ជាទីដែលលោក​បានជួបពិភាក្សាផ្ទាល់ ជាមួយ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បេនចាមីន នេតាន់យ៉ាហ៊ូ លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន​បាន​បង្ហាញជំហរ​គាំទ្រ​ដោយឥតងាករេ​របស់អាមេរិកសម្រាប់​អ៊ីស្រាអែល។ ទោះអ៊ីស្រាអែល​កំពុង​រងការចោទប្រកាន់​ពីក្រុមប្រទេស​អារ៉ាប់ នៅក្រោយ​ហេតុការណ៍​វាយប្រហារ​លើ​មន្ទីរពេទ្យ ក្នុង​ទីក្រុង​ហ្កាហ្សា ដែល​បាន​សម្លាប់​មនុស្ស​ជាង​៤០០នាក់ ប្រមុខដឹកនាំ​អាមេរិក​យល់ស្របជាមួយ​អ៊ីស្រាអែល ដែល​ថា ការបាញ់បំផ្លាញ​មន្ទីរពេទ្យ Ahli Arab កាលពីយប់ថ្ងៃ​អង្គារ តាមពិត​គឺជា​ស្នាដៃ​របស់​ពួកជីហាតអ៊ីស្លាម​នៅ​ហ្កាហ្សា។

នៅក្នុងជំនួបទ្វេភាគី​ជាមួយ​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល កាលពីថ្ងៃ​ពុធ លោក​ចូ បៃដិន​បាន​និយាយ​ថា ដោយ​ផ្អែក​ទៅលើ​ព័ត៌មាន​ទទួលបាន​ពីមន្ទីរបញ្ចកោន មន្ទីរពេទ្យAhli Arabរងការវាយប្រហារ ដោយសារតែ ក្រុមជីហាត​នៅហ្កាហ្សា​បាញ់ច្រលំគ្រាប់រ៉ូកែត ដែល​ធ្លាក់ដោយចៃដន្យ​ទៅលើមន្ទីរពេទ្យ។

ក្នុងនាមជា​សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល លោក​ចូ បៃដិន​បង្ហាញ​ជំហរគាំទ្រ​អ៊ីស្រាអែល ដែល​ទើប​រង​ការវាយប្រហារដ៏ធំមិនធ្លាប់​មាន​របស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន កាលពី​ថ្ងៃទី​៧​តុលា ដែល​បាន​សម្លាប់​មនុស្ស​ជាង​១៤០០នាក់ ក្នុងទឹកដី​អ៊ីស្រាអែល។ នៅក្នុងជំនួបទ្វេភាគី នៅថ្ងៃ​ពុធ លោក​ចូ បៃដិន​បានបញ្ជាក់ទៅ​សមភាគីអ៊ីស្រាអែល ថា ពេលត្រលប់ទៅអាមេរិក លោក​នឹង​សុំ​ឲ្យ​សភាអាមេរិក​បោះឆ្នោត​ផ្តល់កញ្ចប់ជំនួយយោធា ១០ពាន់​លាន​ដុល្លារ តាម​ការទាមទារ​របស់​អ៊ីស្រាអែល។

នៅ​ក្នុង​ពេល​លោក​ចូ បៃដិន​កំពុងមាន​វត្តមាន នៅ​ប្រទេស​អ៊ីស្រាអែល អាមេរិកនៅបាន​ចេញមុខ​ការពារ​អ៊ីស្រាអែល នៅ​ក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ តាមរយៈការបោះឆ្នោត វេតូ ប្រឆាំង​សេចក្តីសម្រេច ដែលទាមទារ​ឲ្យអ៊ីស្រាអែលផ្អាកការវាយប្រហារលើហ្កាហ្សា​ដើម្បីបើកផ្លូវសម្រាប់ជំនួយមនុស្សធម៌ជួយប្រជាជនប៉ាឡេស្ទីន។ ភាគីអាមេរិក​បាន​លើកហេតុផលថា ខ្លួនបោះឆ្នោត​ប្រឆាំង ព្រោះសេចក្តីសម្រេច​មិនបានចែង​ពីសិទ្ធិការពារខ្លួន​របស់​អ៊ីស្រាអែល។

អាមេរិក​បង្ហាញការគាំទ្រ​សម្រាប់​អ៊ីស្រាអែល ប៉ុន្តែ ក៏បាននិយាយ​ដាស់តឿន​អ៊ីស្រាអែល កុំ​ឲ្យ​ប្រព្រឹត្តកំហុស​ដូច​អាមេរិក​ដែលបាន​យកកំហឹងទល់កំហល់ ក្នុងការស្វែងរកយុត្តិធម៌​ឲ្យប្រជាជនអាមេរិក​ដែលរងគ្រោះ​នៅក្នុងការវាយប្រហារភេរវកម្ម​នៅទីក្រុង​ញូវយ៉ក ១១​កញ្ញា​ឆ្នាំ ២០០១។ និយាយប្រាប់អ្នកកាសែត​នៅក្នុង​យន្តហោះ​ធ្វើដំណើរត្រលប់ពីអ៊ីស្រាអែល លោក​ចូ បៃដិន​និយាយ​ថា លោក​យល់​ពី​ទុក្ខសោក​របស់​ប្រជាជន​អ៊ីស្រាអែល ដែលរងគ្រោះ​ដោយសារ​ការវាយប្រហារ​របស់​ក្រុមហាម៉ាស កាលពីថ្ងៃទី ៧​តុលា។ គេត្រូវតែស្វែងរកយុត្តិធម៌។ ប៉ុន្តែ លោក​ចង់បញ្ជាក់ដែរថា គេ​មិនអាច​ធ្វើតាមកំហឹង ដូច​ដែលអាមេរិក​បានធ្វើ នៅក្រោយ​ភេរវកម្ម​១១​កញ្ញា។

ចូលរួម​នៅក្នុង​កិច្ចប្រជុំ​របស់​ខុទ្ធការល័យសង្រ្គាម ដែលអ៊ីស្រាអែល​បង្កើតឡើង​ជាពិសេស នៅក្រោយ​ការវាយប្រហារ​របស់​ក្រុមហាម៉ាស​ក្នុងទឹកដី​អ៊ីស្រាអែល លោក​ប្រធានាធិបតី​ចូ បៃដិន​បានទាមទារ​ផងដែរ​ឲ្យអ៊ីស្រាអែល​បង្ហាញ​ផែនការ និង​ភាពជាក់លាក់​ស្តីពី​គោលដៅ​ធ្វើសង្រ្គាម​របស់ខ្លួន​នៅហ្កាហ្សា។ រដ្ឋមន្រ្តី​ការបរទេស​អ៊ីស្រាអែល​ធ្លាប់​ពន្លយថា នៅក្រោយ​ការបើកសមរភូមិជើងគោក ចូលទឹកដីហ្កាហ្សា លើកនេះ អ៊ីស្រាអែល​គ្រោង​នឹង​បង្កើតតំបន់ស គ្មានមនុស្ស​រស់នៅ ក្នុង​ទឹកដី​ហ្កាហ្សា ចម្ងាយប្រមាណ ១គីឡូម៉ែត្រ ពីព្រំដែនអ៊ីស្រាអែល ដើម្បីជៀសវាង​ការបាញ់គ្រាប់រ៉ូកែតចូល​ទឹកដីអ៊ីស្រាអែល។ នេះគ្រាន់តែ​ជា​លើកឡើង​របស់​ប្រមុខការបរទេស​អ៊ីស្រាអែល ប៉ុន្តែ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​មិនបាន​បញ្ជាក់ព័ត៌មាននេះនៅឡើយទេ។

នៅក្នុង​យន្តហោះត្រលប់​ពីទីក្រុង​តែលអាវីវ លោក​ចូ បៃដិន​ទទួលស្គាល់​ថា មន្រ្តីយោធា​អាមេរិក​កំពុង​បញ្ចុះបញ្ចូល​ភាគីអ៊ីស្រាអែល ដើម្បីរកផ្លូវផ្សេង ក្រៅ​ពី​ការវាយប្រហារ​របស់​ទ័ពជើងគោក ចូលហ្កាហ្សា ព្រោះថា ប្រតិបត្តិការជើងគោក​របស់អ៊ីស្រាអែល​ទៅ​ក្នុងទឹកដី​ហ្កាហ្សា មិនត្រឹមតែ​បង្កមហន្តរាយ​សម្លាប់ជីវិត​មនុស្ស តែប៉ុណ្ណោះទេ ប៉ុន្តែ វានឹង​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ត្រូវ​នៅឯកោ រងការថ្កោលទោស ពី​អន្តរជាតិ។ លើសពីនោះ វា​នឹង​បង្ក​រាលដាល​ចេញ​ទៅជា​សង្រ្គាម​ក្នុងតំបន់ ហើយ​អ៊ីស្រាអែល​នៅតែ​មិនអាច​បំផ្លាញកម្ទេច​ក្រុមហាម៉ាស ប៉ាឡេស្ទីន បានដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ