អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន-លីបង់

មេក្រុមហេស្បូឡាលីបង់​ចេញមុខគំរាមថាសង្គ្រាម “​អ៊ីស្រាអែល-ហាម៉ាស” អាចនឹងរាលដាលពេញក្នុងតំបន់

មេក្រុមហេស្បូឡាលីបង់ ហាសាន់ ណាហ្សរ៉ាឡា បានចេញមុខប្រកាស កាលពីថ្ងៃសុក្រ​ទី​៣វិច្ឆិកា ថា សង្គ្រាម​ដែលអ៊ីស្រាអែល កំពុងធ្វើទៅ​លើក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា អាចនឹង​រីករាលដាល ឆេះក្លាយជាសង្គ្រាម​តំបន់ ប្រសិនបើ​អ៊ីស្រាអែល​មិនឈប់​ នាពេលនេះទេនោះ​។ មេក្រុមចលនាអ៊ីស្លាម​ប្រដាប់អាវុធ ដែលជាកូនចៅអ៊ីរ៉ង់រូបនេះ បានចោទទម្លាក់​កំហុសទៀត ថា​គ្រប់យ៉ាងគឺ​ជាកំហុស និងជាការទទួលខុសត្រូវ​របស់សហរដ្ឋអាមេរិក​។

មេចលនាហេស្បូឡាលីបង់ Hassan Nasrallah កំពុងថ្លែងសារនៅក្រុងបេរូត ក្រោមសំឡេងហ៊ោកញ្ជ្រៀវពីអ្នកគាំទ្រ ដែលមើល​ការផ្សាយ​បន្តផ្ទាល់​។ បេរូត ថ្ងៃទី ៣វិច្ឆិកា ២០២៣
មេចលនាហេស្បូឡាលីបង់ Hassan Nasrallah កំពុងថ្លែងសារនៅក្រុងបេរូត ក្រោមសំឡេងហ៊ោកញ្ជ្រៀវពីអ្នកគាំទ្រ ដែលមើល​ការផ្សាយ​បន្តផ្ទាល់​។ បេរូត ថ្ងៃទី ៣វិច្ឆិកា ២០២៣ REUTERS - MOHAMED AZAKIR
ផ្សាយពាណិជ្ជកម្ម

គួរកត់សំគាល់ថា នេះជាលើកទី​១ហើយ ដែលមេក្រុម​ហេស្បូឡាដ៏មានឥទ្ធិពលបំផុតនៅលីបង់ បានចេញ​មុខ​ថ្លែងការណ៍​ បន្ទាប់​ពីសង្គ្រាម​រវាង​ក្រុមហាម៉ាសនិង​អ៊ីស្រាអែល បានផ្ទុះឡើងកាលពីថ្ងៃទី​៧តុលា​។ នៅក្នុងសេចក្តីថ្លែងការណ៍​ផ្សាយ​បន្តផ្ទាល់ និងមានអ្នកគាំទ្ររាប់ម៉ឺននាក់អង្គុយចាំស្តាប់ពាសពេញ​ក្រុងបេរូត ហាសាន់ ណាហ្សរ៉ាឡា បានអួតសរសើរ ពីភាពអង់អាចក្លាហាន របស់​ក្រុមហាម៉ាសប៉ាឡេស្ទីន និង​បានអះអាងថាគ្រប់ជម្រើស​ទាំងអស់ ស្ថិតនៅលើតុ ប្រសិន​បើអ៊ីស្រាអែល​មិនព្រមឈប់​។ ហាសាន់ ណាហ្សរ៉ាឡា បានចោទថា បើសហរដ្ឋអាមេរិកចង់បញ្ឈប់​ការកាប់សម្លាប់​ប្រជាជននៅហ្កាហ្សា ម្លេះ​អាមេរិក​ធ្វើហើយ។

ទន្ទឹមគ្នានេះដែរ ហាសាន់​ ណាហ្សរ៉ាឡា បាន​ឆ្លៀតបញ្ជាក់អះអាងថា ការវាយ​ប្រហារនៅថ្ងៃទី​៧​តុលា គឺក្រុមហាម៉ាស មិន​បានប្រាប់​មកខាងក្រុមហេស្បូឡា ឲ្យ​បានដឹងមុនទេ។ ខាងអ៊ីរ៉ង់ក៏មិនបានដឹងមុនដែរ ពោលគឺក្រុមហាម៉ាស សម្រេចធ្វើតែម្នាក់ឯង។ តែយ៉ាងណា ហាសាន់ ណាហ្សរ៉ាឡា បានអះអាងក្រុម​ហេស្បូឡា​លីបង់ បាន​បើ​កសមរភូមិបាញ់​ប្លោងគ្រាប់ទៅខាងជើង​អ៊ីស្រាអែល ដើម្បីជួយ​ក្រុមហាម៉ាស​ ដោយ​បា​ន​បង្វែរ​យ៉ាងហោច១ភាគ៣នៃ​ទាហាន​អ៊ីស្រាអែល ឲ្យងាកមក​ខាងជើង។​ បន្ថែមពីនេះទៀត ហាសាន់ ណាហ្សរ៉ាឡា បានអះអាងថា សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ទាំងអស់​នៅក្នុងតំបន់ ​បានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធតទល់នឹងអ៊ីស្រាអែល​។ យ៉ាងណាមិញ ក្រុមហ៊ូទីនៅយេម៉ែន និង​កងកម្លាំងនៅអ៊ីរ៉ាក់ បានចាប់ផ្តើម​បើក​ប្រតិបត្តិ​ការ​បាញ់​មីស៊ីលទៅលើអ៊ីស្រាអែលហើយ​។​

ក្រោយ​សំដីគំរាមរបស់មេក្រុមហេស្បូឡាលីបង់នេះ អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាន​ប្រតិកម្មភ្លាម ថា​ ក្រុម​ហេស្បូឡា ដែលជាអាយ៉ងអ៊ីរ៉ង់​​នេះ មិនត្រូវ​លូកដៃ​ ​ចង់កេងចំណេញពីវិបត្តិនេះ​ជាដាច់ខាត។ វ៉ាស៊ីនតោន​អះអាងថា សហរដ្ឋអាមេរិកមិនចង់​ឃើញសង្គ្រាមនេះ ឆេះរាលដាលពេញតំបន់ទេ ហើយក៏មិនចង់ឃើញលីបង់​ត្រូវផុងខ្លួនគ្រាំគ្រា​​ក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល ដូចកាលពីឆ្នាំ​២០០៦ដែរ​ ព្រោះថាស្ថានភាព​នៅលីបង់រាល់ថ្ងៃ ក្រោមកណ្តាប់ដៃផ្តាច់ការរបស់​ក្រុមហេស្បូឡា គឺវាដុនដាបខ្លាំងហួសប្រមាណទៅហើយ​។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ ថ្វីបើ​ប្រជាជនលីបង់​រស់នៅក្នុងភាពក្រីក្រកាន់តែខ្លាំង តែ​​ក្រុមហេស្បូឡាលីបង់​​ បាន​ប្រឹងប្រែង​ធ្វើទំនើបកម្មសព្វាវុធរបស់ខ្លួន មាន​មីស៊ីល​ទំនើបៗ​ ដោយ​មានការជួយ​ទំនុកបំរុង ទាំងថវិកានិងសម្ភារៈពីសំណាក់អ៊ីរ៉ង់​។ តែយ៉ាងណា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ បានគំរាម​ទៅក្រុមហេស្បូឡាលីបង់​​វិញថា កុំមក​ចង់​ល្បងកម្លាំងជាមួយ​អ៊ីស្រាអែល ប្រយ័ត្នស្តាយក្រោយយំលែងចេញ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ