អានតួអត្ថបទ
អាមេរិក-តួកគី

ប្រមុខការទូតអាមេរិកព្យាយាមរំងាប់កំហឹងតួកគីនៅក្នុងបរិបទសង្រ្គាមអ៊ីស្រាអែល និងពួកហាម៉ាស

ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​កំពុង​បន្ត​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ បន្ទាប់​ពី​ប្រទេស​អ៊ីស្រាអែល ដែនដី​ប៉ាឡេស្ទីន ប្រទេស​ហ្សកដានី និង​ប្រទេស​អ៊ីរ៉ាក់ លោក​ប៊្លីនកិន​បាន​ទៅ​ប្រទេស​តួកគី​ក្នុង​ថ្ងៃ​ចន្ទ ទី៦ វិច្ឆិកា។ តាំង​ពី​ថ្ងៃ​ផ្ទុះ​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស​ក្នុង​ថ្ងៃទី៧ តុលា​មក នេះ​ជា​លើកទី១ ដែល​ប្រមុខ​ការទូត​អាមេរិក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​តួកគី។ នៅ​ក្នុង​ទីក្រុង​អង់ការ៉ា លោក​ប៊្លីនកិន​ត្រូវ​បាន​ទទួល​ជួប​ដោយ​សមភាគី​តួកគី​លោក​ហាខាន ហ្វេដិន។

ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន (រូបឆ្វេង) និង​សមភាគី​តួកគី​លោកហាខាន ហ្វេដិន ថ្ងៃទី៦ វិច្ឆិកា ២០២៣​ក្នុង​ក្រុង​អង់ការ៉ា។
ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន (រូបឆ្វេង) និង​សមភាគី​តួកគី​លោកហាខាន ហ្វេដិន ថ្ងៃទី៦ វិច្ឆិកា ២០២៣​ក្នុង​ក្រុង​អង់ការ៉ា។ © Jonathan Ernst / Reuters
ផ្សាយពាណិជ្ជកម្ម

ជំនួប​រវាង​លោក​ប៊្លីនកិន និង​លោក​ហ្វេដិន​បាន​ធ្វើ​ឡើង ខណៈ​ដែល​តួកគី​កំពុង​បន្ត​បញ្ចេញ​កំហឹង​ប្រឆាំង​អ៊ីស្រាអែល និង​បស្ចិមលោក​ទាក់ទង​នឹង​ការ​វាយប្រហារ​របស់​កងទ័ព​អ៊ីស្រាអែល​លើ​តំបន់​ហ្កាហ្សា។ កំហឹង​របស់​តួកគី​នេះ​ត្រូវ​បាន​សម្តែង​ចេញ​ពី​ចលនា​បាតុកម្ម​របស់​មហាជន និង​ពី​ប្រធានាធិបតី​លោក​អ៊ែរដូហ្កាន។ នៅ​ក្នុង​ពិធី​ជួប​ជុំ​ជាមួយ​ក្រុម​អ្នកគាំទ្រ​លោក​កាល​ពី​ថ្ងៃទី២៨ តុលា លោក​អ៊ែរដូហ្កាន​បាន​ចោទ​អ៊ីស្រាអែល​ពី​បទ​កំពុង​សម្លាប់​រង្គាល​ប្រជាជន​ប៉ាឡេស្ទីន​នៅ​ហ្កាហ្សា និង​ថា ទង្វើ​របស់​អ៊ីស្រាអែល​លើ​ហ្កាហ្សា​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម ពោល​មិនមែន​ជា​ទង្វើ​ការពារ​ខ្លួន​ទេ។

បន្ទាប់​មក មនុស្សខ្លាំង​តួកគី​រូប​នេះ​បាន​ចង្អុល​មុខ​បស្ចិមលោក ពិសេស​អាមេរិក និង​សហភាពអឺរ៉ុប​ដែល​បាន​គាំទ្រ និង​លើក​ទឹកចិត្ត​ឲ្យ​អ៊ីស្រាអែល​វាយប្រហារ​ឥត​ត្រា​ប្រណី​លើ​តំបន់​ហ្កាហ្សា។ មួយ​វិញ​ទៀត ដើម្បី​បង្ហាញ​សញ្ញា​ប្រឆាំង​អាមេរិក​បន្ថែម​ទៀត លោក​អ៊ែរដូហ្កាន​បាន​ជ្រើស​យក​ថ្ងៃ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក​លោក​ប៊្លីនកិន​នៅ​តួកគី​ក្នុង​ថ្ងៃ​ចន្ទ ទី៦ វិច្ឆិកា​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ភាគឦសាន​ប្រទេស។ តែ​ទោះ​ជា​មិន​បាន​ជួប​លោក​អ៊ែរដូហ្កាន​ផ្ទាល់​ក៏​ដោយ​ក៏​លោក​ប៊្លីនកិន​មិន​បាន​បោះបង់​គោលដៅ​នៃ​ទស្សនកិច្ច​របស់​លោក​ដែរ។ គោលដៅ​នោះ គឺ​ព្យាយាម​រំងាប់​កំហឹង​របស់​តួកគី​ដែល​ជា​សម្ព័ន្ធមិត្ត​យុទ្ធសាស្រ្ត​ម្នាក់​របស់​អាមេរិក និង​ក៏​ជា​សម្ព័ន្ធមិត្ត​ម្នាក់​ដ៏​លំបាក​របស់​អាមេរិក​ដែរ។

គេ​មិន​ដឹង​ថា តើ​ប្រមុខ​ការទូត​អាមេរិក​អាច​រំងាប់​ភាព​ក្តៅក្រហាយ​របស់​តួកគី​បាន​ឬ​អត់​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន ក្នុង​ពេល​ដែល​លោក​ប៊្លីនកិន​បាន​បន្ត​បង្ហាញ​ការ​គាំទ្រ​អ៊ីស្រាអែល និង​ធានា​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​ពី​ការ​គិតគូរ​របស់​អាមេរិក​ដល់​ការ​លំបាក​របស់​ជនស៊ីវិល​ប៉ាឡេស្ទីន​នៅ​ហ្កាហ្សា លោក​អ៊ែរដូហ្កាន​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​អាទិត្យ ទី៥ វិច្ឆិកា​ថា តួកគី​បាន​ធ្វើ​ការងារ​ជាមួយ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ដើម្បី​ធានា​ពី​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ឥត​ដាច់​ដល់​ជនស៊ីវិល​ប៉ាឡេស្ទីន​នៅ​ហ្កាហ្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ